ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ ​(PPAP)​ បាន​ព្យាករ​ថា នៅក្នុង​ឆ្នាំ​ ២០២២ នេះ​ខ្លួន​នឹង​ទទួលបាន​បរិមាណ​ទូ​កុងតឺន័រ​ចំនួន ៣៩៤ ៦៧៩ TEUs កើនឡើង​ ១៣​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដោយសារតែ​ស្ថានភាព​ធូរស្រាល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ទោះ​ជាមាន​មេរោគ​បំប្លែង​ថ្មី​ក៏ដោយ​។

លោក ហ៊ឺ បាវី អគ្គនាយក PPAP បាន​និយាយថា ជាមួយ​ស្ថានភាព​ធូរស្រាល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ និង​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​-១៩ ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​មាន​អត្រា​ដ៏ខ្ពស់​ដែល​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍​នោះ បាន​ជំរុញ​ឱ្យ​ប្រទេស​នានា​បើក​សេដ្ឋកិច្ច​ទូលំទូលាយ​ជាង​មុន ដែលជា​កត្តា​ធ្វើឱ្យ​សកម្មភាព​ទំនិញ​ឆ្លងកាត់​ផែ នឹង​កាន់​តែមាន​សកម្មភាព​ជាង​មុន​។

លោក​បាន​ថ្លែងថា​៖ «​កសភ ទទួលបាន​នូវ​កំណើន​កុងតឺន័រ​ឆ្លងកាត់​ជា​មធ្យម​ប្រចាំឆ្នាំ​ចន្លោះ​ពី ១៥-១៨​ ភាគរយ ទោះបី​ជា​មាន​វិបត្តិ​កើតឡើង​ដោយ​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។ ជាក់ស្តែង នៅ​ឆ្នាំ​ ២០២០ កស​ភ ទទួលបាន​បរិមាណ​កុងតឺន័រ ២៩០- ៨៥៧ TEUs កើនឡើង​ចំនួន ៣,៤៩ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ និង​នៅ​ឆ្នាំ​ ២០២១ មាន​ចំនួន ៣៤៨ ៨៩៨ TEUs កើន ២០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ នៅក្នុង​ឆ្នាំ​ ២០២២ កសភ ព្យាករ​ថា នឹង​ទទួលបាន​បរិមាណ​កុងតឺន័រ ៣៩៤ ៦៧៩ TEUs កើនឡើង ១៣ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២១»​។

ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៅ​ក្រុមហ៊ុន CSX លោកស្រី គឹម សុផានីតា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​កន្លងមក​ថា ការប៉ាន់ប្រមាណ​ពី​ការកើនឡើង​ប្រាក់ចំណេញ​សុទ្ធ​របស់​កំពង់ផែ​ភ្នំពេញ ក្នុង​ឆ្នាំ​ ២០២១ គឺ​បង្ហាញ​ពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏រឹងមាំ​ដែល​បាន​ពី​កំណើន​ទំនិញ និង​កុងតឺន័រ​។

លោកស្រី​បាន​បន្តថា​៖ «​ឆ្នាំ​ ២០២១ គឺជា​ឆ្នាំ​ដែលមាន​ការរំខាន​សម្រាប់​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល និង​ឡូជីស្ទិក ប៉ុន្តែ​ខ្ញុំ​គិតថា​កម្ពុជា​មិនសូវ​រង​ផលប៉ះពាល់​ទេ​។ ទោះបីជា​មាន​ការរឹតបន្តឹង​លើ​ការធ្វើដំណើរ និង​អាជីវកម្ម​មួយចំនួន ក៏​ដំណើរការ​របស់​កំពង់ផែ​ភ្នំពេញ​នៅតែ​រឹងមាំ ដោយសារ​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​ដែល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូវីដ​បានល្អ​»​។

កាលពី​ថ្ងៃទី ​២២ ខែមីនា ឆ្នាំ​ ២០២២ ស្ថានីយ​ផ្ទេរ​ទំនិញ​ និង​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​ឈានមុខ​គេ​របស់​កម្ពុជា​បាន​ចាប់ផ្ដើម​ដំណើរ​ការសាងសង់​នៅក្នុង​ផែ​ភ្នំពេញ ដែល​ស្ថិតនៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ដោយ​វា​មាន​សមត្ថភាព​បំពេញ​កង្វះខាត​សរុប ២៥ ​ភាគរយ​របស់​ប្រទេស​កម្ពុជា​។

លោក ហ៊ឺ បាវី ថ្លែងថា ការចាប់ផ្ដើម​សាងសង់​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​នេះ​នឹង​ជូនដំណឹង​ដល់​សាធារណជន ធុរជន និង​វិនិយោគិន​ថា កំពង់ផែ​ភ្នំពេញ​មាន​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​សម្រាប់​បម្រើ​ពួកគេ​។

លោក​ថ្លែងថា​៖ «PPAP បានសម្រេច​ចិត្ត​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Khmer Cool Chain សម្រាប់​ការសាងសង់​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​នេះ ដោយសារ PPAP ត្រូវការ​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​បែបនេះ​ ដើម្បី​បម្រើ​ដល់​សាធារណជន ជាពិសេស​វា​នឹង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ​ការលើក​កម្ពស់​វិស័យ​ឡូជីស្ទិក​»​។

នៅក្នុង​ឆ្នាំ ​២០២០ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកចំណូល​បាន ២៩,៤៨ ​លាន​ដុល្លារ​ (​មិនទាន់​ធ្វើ​សវនកម្ម​) ធ្លាក់ចុះ ៦​ ភាគរយ​ធៀប​នឹង ៣១,៣១ លាន​ដុល្លារ​ (​ធ្វើ​សវនកម្ម​រួច​) កាលពី​ឆ្នាំ​ ២០១៩​។

លោក ហ៊ី បាវី បាន​និយាយថា ការធ្លាក់ចុះ​ប្រាក់ចំណូល​ឆ្នាំ​ ២០២០ គឺ​ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ ​១៩ រីក​រាលដាល​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សកម្មភាព​ដឹកជញ្ជូន​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​៕ LA