ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង និង​ក្រុមហ៊ុន​សាងសង់​បានកំណត់​យក​ថ្ងៃទី​ ៣០ ខែមីនា ខាងមុខ ដើម្បី​បញ្ចប់​ការសាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ក្នុង​ខេត្តកំពត ខណៈដែល​ការសាងសង់​សម្រេចបាន​ជិត ១០០ ភាគរយ​ហើយ​។

លោក សុខ សុ​គុណ អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វឌ្ឍនភាព​គម្រោង​កំពង់ផែ​ទេសចរណ៍​ខេត្តកំពត កាលពីពេល​កន្លងមក​ថា គម្រោង​នេះ​បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ៨ ខែសីហា ឆ្នាំ​ ២០១៨ ប៉ុន្តែ​សកម្មភាព​នៃ​ការសាងសង់​ត្រូវបាន​ពន្យារ​មួយរយៈ​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា យ៉ាងណាក៏ដោយ ពេលនេះ​ការសាងសង់​សម្រេចបាន​ជិត ១០០ ​ភាគរយ​ហើយ ដោយឡែក​ចំពោះ​អគារ​ទទួលភ្ញៀវ​វិញ​សម្រេចបាន​ជាង ៨០ ​ភាគរយ​។ តាម​ការគ្រោងទុក​របស់​ក្រុមការងារ​ក្រសួង​សាធារណការ ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​ ៣០ ខែមីនា ប៉ុន្តែ​កាលបរិច្ឆេទ​សម្ពោធ​ឱ្យ​ប្រើប្រាស់ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

បើតាម លោក សុគុណ ក្រោយ​បញ្ចប់​គម្រោង​ទាំងស្រុង គណៈកម្មការ​អន្តរក្រសួង​នឹង​រក​ពេល​សមស្រប ដើម្បី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ ដោយ​នឹងមាន​ការអញ្ជើញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជា​គណៈអធិបតី​។

លោក​និយាយថា​៖ «​ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​នេះ តាម​ការតាំង​ចិត្ត​របស់​ក្រុម​ការងារ​បច្ចេកទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ៣០ ខែមីនា ប៉ុន្តែ​វា​អាច​នឹងត្រូវ​ចំណាយពេល​បន្តិចបន្តួច​ទៀត​ក្នុងការ​រៀបចំ​សម្អាត​ផ្សេងៗ​» ។

បើតាម​លោក សុគុណ នៅពេល​ដាក់​ដំណើរការ វា​នឹង​ក្លាយជា​កំពង់ផែ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ព្រោះ​កម្ពុជា​មិន​ធ្លាប់មាន​ការតភ្ជាប់​ពី​ខេត្តកំពត ទៅកាន់​តំបន់​កោះ​នានា ឬ​ប្រទេស​ដទៃ​ទេ​ចាប់តាំងពី​សម័យ​ព្រះបាទ​អង្គឌួង រហូត​មកទល់​បច្ចុប្បន្ន​។

លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​និយាយថា ការបង្កើត​ឱ្យ​មាន​កំពង់ផែ​ទេសចរណ៍​នេះ គឺជា​មធ្យោបាយ​ថ្មី​មួយទៀត​នៃ​ការបញ្ជូន​ភ្ញៀវទេសចរ​ចេញទៅ​ក្រៅ និង​ទទួលភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ទឹក​មកកាន់​ខេត្តកំពត​។

លោក​បន្តថា កំពង់ផែ​នេះ​ក៏​នឹង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅលេង​កម្សាន្ត​តាម​បណ្តា​កោះ​នានា​ក្នុង​ដែនសមុទ្រ​កម្ពុជា និង​បង្ក​ភាពងាយស្រួល និង​ផ្តល់ឱកាស​សម្រាប់​តម្រូវ​ការ​ភ្ញៀវទេសចរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ផងដែរ​។

លោក​ថ្លែងថា​៖ «​គម្រោង​ត្រូវ​រំពឹងថា នេះ​នឹង​ជួយ​លើកស្ទួយ វិស័យ​ទេសចរណ៍​កម្ពុជា​បន្ថែមទៀត ជាពិសេស​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត និង​ទិសដៅ​តំបន់ឆ្នេរ​ផ្សេងៗ​ទៀត​»​។

គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ក្នុង​ខេត្តកំពត ស្ថិតក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​ការរីកចម្រើន​ប្រកប​ដោយ​ចីរភាព​នៅក្នុង​មហា​អនុតំបន់​មេគង្គ​ (GMS)​។

តាម​ផែនការ គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ ត្រូវ​បញ្ចប់​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ប៉ុន្តែ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​-១៩ និង​ការឆ្លង​ជំងឺ​នេះ​ចូលក្នុង​សហគមន៍ ព្រមទាំង​បញ្ហា​អាកាសធាតុ​ផងនោះ បាន​ធ្វើឱ្យ​ដំណើរការ​សាងសង់​មាន​ការ​យឺតយ៉ាវ និង​ពន្យារពេល ២ ​លើក​រហូត​មកទល់​បច្ចុប្បន្ន​៕ LA