ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តី​សម្រេច​អន្តរក្រសួង​លើ​ប្រកាស​ស្តីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ដើម្បីឱ្យ​ថ្លៃ​ប្រេងឥន្ធនៈ​ឡើង​ចុះ​តាម​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ ដោយ​ឱ្យ​អនុវត្ត​តែ​ទៅលើ​ការ​លក់រាយ​ប្រេងឥន្ធនៈ​ប៉ុណ្ណោះ​។

ក្រសួង​ចំនួន ៣ ដែល​រួមមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០២២ បានចេញ​ប្រកាស​អន្តរក្រសួង ដែលមាន ១២ ​ប្រការ ដោយ​ខ្លឹម​សារសំខាន់​នៃ​ប្រកាស​នេះ គឺ​ការកំណត់​យក​រយៈពេល​ដាក់​តម្លៃ​ប្រេងឥន្ធនៈ​ពី​ ១៥​ ថ្ងៃ មក​ត្រឹម​ ១០​ ថ្ងៃ​វិញ​។ ក្នុងនោះដែរ​នៅ​ប្រការ ៤ នៃ​ប្រកាស​នេះ​បាន​បញ្ជាក់ថា នាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​ឯកជន​នៃ​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​គណនា​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា និង​ចេញថ្លៃ​លក់រាយ​ជូន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅ​រៀងរាល់​ថ្ងៃទី​ ០១, ទី​ ១១ និង​ទី​ ២១ នៃ​ខែ​នីមួយៗ​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា ការអនុវត្ត​តាម​រូបមន្ត​ថ្មី​នេះ​នឹង​ចាប់ផ្តើម​ពី​ដើមខែ​មេសា ដោយ​ការ​កំណត់​រូបមន្ត​ថ្មី​នេះ​នឹង​ធ្វើឱ្យ​តម្លៃ​ដែល​បានកំណត់​អាច​ប្រែប្រួល​ទាន់សភាពការណ៍​នៃ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​។

លោក​បញ្ជាក់ថា​៖ «​ការអនុវត្ត​បែបនេះ​នឹង​បង្កើតបាន​សមធម៌​មួយ​នៅក្នុង​អាជីវកម្ម ទាំង​អ្នកលក់ និង​អ្នកទិញ បើ​យោងតាម​តម្លៃ​ប្រេង​អន្តរជាតិ​។ ចំពោះ​ពន្ធ​ផ្សេងៗ​ដូចជា ពន្ធគយ អាករ​តម្លៃបន្ថែម អាករ​ពិសេស​គឺ​នៅ​រក្សា​ដដែល​ដោយ​មិនមាន​ការប្រែប្រួល​ទេ​»​។

បើ​យោងតាម​ប្រកាស​អន្តរក្រសួង​ថ្មី​នេះ ក្រសួង​ពាណិជ្ជកម្ម​អាច​ចេញ​សេចក្តី​ជូនដំណឹង​ភ្លាមៗ ដោយ​កំណត់ឱ្យ​ចេញថ្លៃ​លក់រាយ​ជូន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ក្នុង​រយៈពេល ​១០​ ថ្ងៃ ឬ​ ១៥ ថ្ងៃ​ម្តង​ទៅតាម​ការចាំបាច់​ ដើម្បី​ឱ្យមាន​សមាមាត្រ​គ្នា​រវាង​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ និង​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា និង​ដើម្បី​រក្សាបាន​ស្ថិរភាព​ផ្គត់ផ្គង់​នៅ​កម្ពុជា​។

យោងតាម លោក សុវិជាតិ បើ​មិនមាន​ការចេញប្រកាស​ថ្មី​ទេ ប្រកាស​អន្តរក្រសួង​នេះ​នឹង​នៅ​ជា​ធរមាន​។

លោក ស៊ឺន នីត ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ​ភីធីធី នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និយាយថា ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នេះ គឺជា​ការសម្រួល​របស់​ក្រសួង​ពាក់ព័ន្ធ ពិសេស​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ដើរ​ឱ្យទាន់​សភាពការណ៍​ពិភពលោក​។

លោក​បន្តថា សាធារណជន​មួយចំនួន​យល់ថា ប្រេងឥន្ធនៈ​ឡើងថ្លៃ ម្ចាស់​ស្ថានីយ​អាច​នឹង​ចំណេញ​បាន​ច្រើន ប៉ុន្តែ​លោក​ថា នេះ​គឺជា​ការយល់​ខុស​។

លោក​បាន​បញ្ជាក់ថា​៖ «​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​លើ​ទីផ្សារ គឺជា​ការកំណត់​ដោយ​ក្រសួង​ពាណិជ្ជកម្ម ដូច្នេះ​ប្រាក់ចំណេញ ដែល​ម្ចាស់​ស្ថានីយ​ទទួលបាន គឺ​ប្រាក់ចំណេញ​ថេរ បើទោះជា​ប្រេង​ឡើងដល់​កម្រិតណា ឬ​ធ្លាក់​ដល់​កម្រិតណា​ក៏​ប្រាក់​ចំណេញ​នៅបាន​ដដែល​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​សម្រាប់​ម្ចាស់​ស្ថានីយ​នៅពេល​ប្រេង​ឡើង​នោះ​គឺ​ត្រូវ​ចំណាយ​ដើមទុន​ទ្វេដង ដើម្បី​ទិញយក​មក​ស្តុក​»​។

នៅក្នុង​ប្រកាស​អន្តរក្រសួង​ថ្មី​នេះ​បាន​បញ្ជាក់ទៀតថា គ្រប់​ស្ថានីយ​ប្រេងឥន្ធនៈ​ទាំងអស់​ត្រូវមាន​យ៉ាងតិច​នូវ​ផលិតផល​ប្រេងសាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត សម្រាប់​ដាក់លក់​ជាប្រចាំ ហើយ​មិន​អនុញ្ញាត​ឱ្យ​លក់​ប្រេង​ស៊ុបពែរ​តែមួយ​មុខ​នោះទេ​។ ក្នុងករណី​ល្មើស​នឹង​ប្រកាស​នេះ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់ ៤ ​លាន​រៀល ហើយ​បើ​នៅ​បន្ត​ប្រព្រឹត្តល្មើស ក្រសួង​នឹង​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​៕ LA

វីដេអូ៖