
បុរសម្នាក់កំពុងពិនិត្យមើលទិន្នន័យសង្ខេបប្រចាំថ្ងៃនៃការជួញដូររបស់ផ្សារមូលបត្រកម្ពុជា។ ហ៊ាន រង្សី
ភ្នំពេញៈ និយតករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយនឹងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងការវិនិយោគក្នុងទីផ្សារមូលបត្រ និងនីតិវិធីនៃការជួញដូរមូលបត្រនៅកម្ពុជា ដែលនេះក៏ជាការបើកផ្លូវដល់សហគ្រាសនានាឱ្យពិចារណាពីការកៀរគរមូលធនពីសាធារណជន តាមរយៈការបោះផ្សាយមូលបត្រកម្មសិទ្ធិ ឬបំណុល។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមទទួលបាននូវចំណេះដឹងយ៉ាងច្រើនពាក់ព័ន្ធនឹងប្រព័ន្ធទីផ្សារមូលបត្រកម្ពុជា ការរៀបចំខ្លួន ដើម្បីអាចជួញដូរមូលបត្រ វិធីសាស្ត្រនៃការជួញដូរមូលបត្រ និងកិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ។
អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី ២៣ ខែមីនាថា ការងាររបស់និយតករមូលបត្រកម្ពុជា គឺបណ្តុះបណ្តាលឱ្យសាធារណជន ម្ចាស់អាជីវកម្ម និងវិនិយោគិនឱ្យយល់ដឹងពីទីផ្សារមូលបត្រ និងដឹងពីសក្តានុពលនៃការទាញយកផលប្រយោជន៍ពីទីផ្សារដ៏មានឥទ្ធិពលនេះ។
លោកបន្ថែមថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរដ៏ច្រើនដែលនៅមិនទាន់ស្គាល់ផ្សារហ៊ុន ឬផ្សារមូលបត្រ។ ដូច្នេះហើយទើបនិយតករមូលបត្រកម្ពុជា ផ្តួចផ្តើមគំនិតក្នុងការបណ្តុះបណ្តាល និងធ្វើឱ្យគេស្គាល់តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មនានា ពិសេសសហគ្រាសធុនតូច និងមធ្យម។
បើតាម លោក ហុង សុងហួរ នៅពេលពួកគាត់ទទួលបានចំណេះ និងចូលរួម នឹងទទួលបានផលប្រយោជន៍ជាច្រើន ព្រោះនៅពេលដែលទីផ្សារនេះមានដំណើរការល្អពួកគាត់អាចកៀរគរទុនពីទីផ្សារនេះយកទៅពង្រីកអាជីវកម្មរបស់ពួកគាត់ ខុសពីអាជីវកម្មសម័យបុរាណដែលពឹងផ្អែកលើធនធានរបស់ខ្លួនឯងទាំងស្រុង។
លោកថ្លែងថា៖ «សម័យនេះម្ចាស់អាជីវកម្មអាចប្រើប្រាស់លុយរបស់អ្នកដទៃដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដែលមានចំនួនច្រើនរាប់ម៉ឺនរាប់សែនទីតាំង ប្រសិនបើពួកគាត់ស្គាល់ទីផ្សារមួយនេះ និងសម្រេចចិត្តវិនិយោគនឹងធ្វើឱ្យអាជីវកម្មរបស់គាត់មានការរីកចម្រើន ហើយសេដ្ឋកិច្ចជាតិក៏មានការកើនឡើងដែរ។ ដូច្នេះអ្វីៗគ្រប់យ៉ាងនៅក្នុងប្រទេសយើងនឹងមានការរីកចម្រើនជាងពេលមុន»។
លោក តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានប្រាប់ថា ការបណ្តុះបណ្តាលនេះ គឺក្នុងគោលបំណងជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម បានយល់ដឹងពីការវិនិយោគក្នុងវិស័យមូលបត្រ ដែលក្នុងដំណាក់កាលទី ១ គឺត្រូវចុះឈ្មោះទៅក្នុងគណនីនៅផ្សារមូលបត្រកម្ពុជា។ នៅពេលចុះឈ្មោះរួច នៅថ្ងៃក្រោយ បើពួកគាត់មានបំណងទិញភាគហ៊ុនណាមួយ គឺងាយស្រួល។
លោកបន្តថា សម្រាប់ការចុះឈ្មោះដំបូង គឺត្រូវចំណាយត្រឹមតែ ២ ម៉ឺនរៀលប៉ុណ្ណោះសម្រាប់លក្ខណៈបុគ្គល និងក្រុមហ៊ុនត្រូវចំណាយ ៥ ម៉ឺនរៀល ដែលបច្ចុប្បន្នសមាគមបានកៀរគរសមាជិកចំនួន ១០០ នាក់ក្នុងការចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រនេះ និងនៅពេលខាងមុខ សមាគមនឹងបន្តជួយបន្ថែមទៀតដើម្បីកៀរគរសមាជិកឱ្យទៅចុះឈ្មោះនៅក្នុងគណនី-មូលបត្របន្ថែមទៀត។
លោកថ្លែងថា៖ «យើងឱ្យគាត់ទិញ ១០០ នាក់សិនបន្ទាប់មកទៀតយើងអាចរកបានទៀត ដូច្នេះនឹងមានមនុស្សរាប់ពាន់ នាក់ជួយទិញភាគហ៊ុននេះ ពីព្រោះ SMEs នៅក្នុងប្រទេសកម្ពុជាយើងមានសមាជិកច្រើន ដែលកំពុងធ្វើអាជីវកម្មផ្នែកសេវាកម្ម ឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម»។
បើតាម លោក តែ តាំងប៉ នៅពេលដែលពួកគាត់មានឈ្មោះនៅក្នុងបញ្ជីមូលបត្រ ថ្ងៃក្រោយពួកគាត់ចង់ទិញភាគហ៊ុននឹងមានភាពងាយស្រួល ព្រោះពួកគាត់មានឈ្មោះស្រាប់។ ប៉ុន្តែបើមិនមានឈ្មោះនៅក្នុងបញ្ជីទីផ្សារមូលបត្រ វានឹងបង្កផលលំបាក និងខាតពេលវេលាក្នុងការស្វែងរកចុះឈ្មោះ។ ដូច្នេះគោលដៅសំខាន់បំផុតរបស់សមាគម គឺចង់ឱ្យសហគ្រាសធុនតូច និងមធ្យម យល់ដឹង និងមានឈ្មោះនៅក្នុងទីផ្សារមូលបត្រកម្ពុជា៕ LA