ការគួបផ្សំគ្នា​រវាង​មហិច្ឆតា បំណងប្រាថ្នា និង​ការតស៊ូ ដើម្បី​ភាព​ជោគជ័យ បានធ្វើឱ្យ​អ្នកនាង អាំ វាសនា ក្លាយជា​សហគ្រិន​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​។ ភាពជោគជ័យ​របស់​អ្នកនាងថែមទាំង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្រុម​ហ៊ុន​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀតផង នៅ​ពេល​ដែល​អ្នកនាងត្រូវបាន​ជ្រើសរើស​​ក្នុងចំណោម​សហគ្រិន​ស្ត្រី​ ១១ ​នាក់ សម្រាប់​បណ្តាញ «Boost Leader Network» របស់​ហ្វេ​ស​ប៊ុ​ក ដែលជា​សមិទ្ធផល​មួយទៀត​។

​កាលពី​ក្មេង​អ្នកនាង វាសនា ចង់​ក្លាយជា​អ្នកសារព័ត៌មាន​ដូច លោក Anderson Cooper នៅ CNN ប៉ុន្តែ​មរណភាព​ឪពុក​របស់​អ្នកនាង ពេល​គាត់​មាន​អាយុ​ទើបតែ​ ៧ ​ឆ្នាំ បាន​​​បង្អាក់​ដល់​ក្តីសុបិន​នោះ​។ ទោះ​យ៉ាង​ណា អ្នកនាងបាន​ជម្នះ​ទុក្ខ​លំបាក និង​បាន​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​គឺ​ហាង BCS Computer ក្នុង​​ឆ្នាំ ​២០០៧ ដែលមាន​ជំនាញ​ទាំង​​ផ្នែក Hardware និង Software មាន​សេវា​ប្រឹក្សា​យោបល់ និង​​​ផ្គត់​ផ្គង់​សម្ភារ​ការិយាល័យ​គ្រប់​ប្រភេទ ដែល​ស្ថិតនៅ​ផ្លូវ​កម្ពុជា​ក្រោម​​។​

​សហគ្រិន​វ័យ ៣៩​ ឆ្នាំ​រូបនេះ​ថ្លែង​ថា​៖ «​ម្តាយ​របស់ខ្ញុំ​គឺជា​អាជីវករ ហើយ​ខ្ញុំ​មាន​ទំនួល​ខុសត្រូវ​ច្រើន​ក្នុង​នាម​កូនច្បង ខណៈ​គ្រួសារ​មិន​សូវ​​ធូរធា​រ។ ក្នុងឆ្នាំ ​១៩៩៩ ខ្ញុំ​បាន​ចូល​បម្រើ​ការងារ​នៅ​ហាង​ហ្វូ​តូ​កូ​ពី ភារកិច្ច​របស់ខ្ញុំ​គឺ​ថតចម្លង ធ្វើ​សៀវ​ភៅ មើល​គ្រឿង​ម៉ាស៊ីន លក់​សម្ភារ​ការិ​យាល័យ និង​មើល​ស្តុក​ជាដើម»​។

​ដំណើរ​ជា​សហគ្រិន​ក្នុង​វិស័យ​ដែល​គ្រប់គ្រង​ដោយ​បុរស ​គឺ​មិន​ងាយស្រួល​ទេ​។ អស់​រយៈពេល ៧ ​ឆ្នាំ អ្នកនាងបាន​ខិត​ខំរៀន​សិក្សា ស្រាវជ្រាវ អំពី​បច្ចេកវិទ្យា​កុំព្យូទ័រ និង​អាជីវកម្ម​ទាក់ទង​នឹង IT ហើយ​ជា​មួយ​គ្នា​អ្នកនាងត្រូវ​ដើរតួជា​ម្តាយ​ផងឪពុកផង ដើម្បី​មើលថែ​កូនស្រី​ម្នាក់ទៀត​។

​បន្ទាប់ពី​មានបទពិសោធ និង​ការ​លក់ អ្នកនាងបានឈប់​ពី​ការងារ ហើយ​សម្រេច​បើកហាង BCS Computer ដោយ​ប្រើ​ដើម​ទុន​ជាង ៧០០ ​ដុល្លារ ដែលជា​ប្រាក់​សន្សំ និង​​ខ្ចី​ពី​សាច់​ញា​តិខ្លះ​។

«​ពីដំបូង​ខ្ញុំ​មិនមែនជា​អ្នកជំនាញ​អ្វី​នោះទេ ប៉ុន្តែ​អំឡុងពេល​បំពេញ​ការងារខ្ញុំ​ត្រូវសិក្សាស្រាវជ្រាវ​ឱ្យ​បាន​​ច្រើន ទើប​ខ្ញុំ​អាច​អភិវឌ្ឍខ្លួន ដើម្បីធ្វើការ​នៅ​ផ្នែក​នេះ​បាន​។

យូរៗ​ទៅ​ខ្ញុំ​មាន​ជំនាញ​ និង​ស្គាល់​ពី​សម្ភារ​កាន់តែច្បាស់ដូចជា​គ្រឿងបន្លាស់ និង​ការជួសជុល​ខ្លះៗ​។ ជាមួយ​បទ​ពិសោធ និង​ជំនាញខ្ញុំ​មាន​ទំនុក​ចិត្ត​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់​ខ្លួន​»​។​

បុគ្គលិកហាង BCS ពោរពេញដោយសមត្ថភាពនិងជំនាញច្បាស់លាស់។ ហេង ជីវ័ន

​អ្នកនាងបន្តថា​៖ «BCS Computer មាន​លក់ទំនិញ​ទាក់ទង​នឹង​ឌីជីថល សម្រាប់​ការិយាល័យ​ មាន​ព្រី​ន​ធ័​រ កុំ​ព្យូ​រ​ទ័​រ ម៉ាស៊ីន​ក្នុង​ការិយាល័យ​គ្រប់​ប្រភេទ ដែល​ពាក្យស្លោក​​របស់​យើង​គឺ One Stop for All Digital Mission ហើយ​យើង​បើក​រហូត ដល់​ម៉ោង ៩:៣០​ នាទី​យប់​»​។

​សហគ្រិន​រូបនេះ​បាន​កសាង​អា​ជីវ​កម្ម​មួយ​ដ៏​រឹងមាំ និង​បាន​ពឹង​ផ្អែកលើ​ទីផ្សារ​ឌីជីថល​របស់ហ្វេ​ស​ប៊ុ​ក ដែល​បាន​ជួយ​អ្នកនាងជម្នះ​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ ខណៈ​អាជីវកម្ម​ជាច្រើន​បាន​រង​ផល​ប៉ះ​ពាល់​។

«​កូ​វីដ​ក៏​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​យើង​ដែរ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មី ដោយ​ផ្តោតលើ​ការបង្កើន​ការលក់​តាម​អន​ឡាញ​។ ខ្ញុំ​ត្រូវ​​ធ្វើ​យ៉ាងណា​ឱ្យ​ផេ​ច​ហេ្វ​ស​ប៊ុ​ក​របស់ខ្ញុំ​ដំណើរ​ការល្អ អាចឆ្លើយតប​អតិថិជន​បាន​ឆាប់រហ័ស និង​ផ្តល់​ដំណោះស្រាយ​តាមរយៈ​អន​ឡាញ យើង​អាច​ជួសជុល​ឱ្យ​ភ្ញៀវ​ពី​ចម្ងាយ ដើម្បី​ប្រាកដថា​យើង​នៅតែ​អាច​ផ្តល់​​សេវាកម្ម​ជូន​អតិថិជន ទោះ​ក្នុង​​កាលៈទេសៈ​ណាក៏ដោយ​»​។

«​ដើម្បី​លើកទឹកចិត្ត​ដល់​សហគ្រិន​ស្ត្រី ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បាន​ជ្រើស​រើស​សហគ្រិន​ស្ត្រី​ចំនួន ​១១ ​នាក់ ក្នុង​នោះគេ​ក៏​ជ្រើសរើស BCS Computer ដោយសារតែ​ខ្ញុំ​ប្រើ​ប្រាស់ Digital Marketing ជា មួយ​​ហ្វេ​ស​ប៊ុ​ក ដើម្បី​ស្រោចស្រង់​អាជីវកម្ម​នៅពេល​ជួប​ការលំបាក​អំឡុង​ពេល​ជំងឺ​រាតត្បាត​»​។

«​ខ្ញុំ​រីករាយ​ណាស់​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ ១១​ នាក់ ហើយ​អ្វី​ដែលជា​មោទនភាព​បំផុត​នោះ​ គឺ​គេ​យក BCS Computer ជា​គំរូ​ក្នុងការ​ប្រើប្រាស់ marketing digital នៅ​កម្ពុជា​។ ហ្វេ​ស​ប៊ុ​ក តែង​តែ​ជួយ update រាល់​ព័ត៌មាន​ថ្មីៗ ឱ្យ​យើង​អាច​រៀន​អំពី tools មួយ​ចំនួន​ ហើយក៏​ជួយ​ផ្តល់​យោបល់​ ដើម្បី​​កែលម្អ​ទំព័រ​របស់​យើង​ឱ្យ​កាន់​តែ​ប្រសើរ​ដែរ​»​។

«​គេ​ជួយ update អ្វី​ថ្មីបាន​ឆាប់រហ័ស យើង​អាច​សិក្សា​ពី​ផ្លាស់ប្តូរ​បច្ចេក​វិទ្យា​ថ្មី​បាន​ទាន់ពេល ដើម្បី​ធ្វើឱ្យ​ទំព័រ​របស់​យើង​កាន់តែ​ល្អ​។ BCS Computer ត្រូវបាន​ជ្រើស​រើស​ជា​គំរូ​មួយ​នៅ​កម្ពុជា ដែល​គាត់​ជា​សហគ្រិន​ស្ត្រី បាន​ប្រើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ប្រែក្លាយ​ការលក់​ក្នុង​ហាង​ទៅ​ជា digital marketing ធ្វើជា​គំរូ​ដល់​សហគ្រិន​ស្ត្រី​ផ្សេង​ទៀត​»​។

​ក្រៅពី​កសាង​អាជីវកម្ម​របស់ខ្លួន អ្នកនាងក៏បាន​ជួយ​បណ្តុះ​បណ្តាល​យុវជន បន្ទាប់ពី​ដឹងថា ​អ្នកជំនាញ​ពិតប្រាកដផ្នែកព័ត៌មាន​វិទ្យា​នៅលើ​ទីផ្សារ​មានការ​ខ្វះខាត​។

​អ្នកនាងលើកឡើងថា​៖ «​ក្នុងនាម​ជា​សហគ្រិន​ស្ត្រី​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​សិក្សា​ស្រាវជ្រាវ​ច្រើន ដូចជា​តាម​យូ​ធូប ដើម្បី​ដើរ​ឱ្យទាន់​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ថ្មីៗ ដែល​ទាមទារ​ឱ្យ​មាន​ការយកចិត្តទុកដាក់​ខ្ពស់។ បញ្ហា​ប្រឈម​មួយទៀត ​គឺ​ពិបាក​ជ្រើស​រើស​​បុគ្គលិក​ដែលមាន​ជំនាញ​​ផ្នែក​ឌីជីថល​​ច្បាស់លាស់​»​។

«​ខ្ញុំ​ជួយ​បង្កើត​អ្នកជំនាញ​ខាង​ព័ត៌មានវិទ្យា​ច្រើនជាង​ ១០០ ​នាក់ តាមរយៈ​ការបណ្តុះបណ្តាល​ជាក់​ស្តែង ផ្តល់​ការងារ ហើយ​ពេល​គាត់​ចេញ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ​គឺជា​អ្នក​កាន់​ការ​ងារ​ធំៗ​។ យើង​ក៏​ផ្តល់​ឱកាស​​ដល់​និស្សិត​មួយចំនួន​ដែល​ចង់​ហាត់​ការងារ​នៅ​កន្លែង​យើងផង​ដែរ​»​។​

ក្រុមហ៊ុនមានលក់សម្ភារការិយាល័យគុណភាពខ្ពស់គ្រប់ប្រភេទ។ ហេង ជីវ័ន

«​ពិតណាស់​ជោគជ័យ​ធំ​បំផុត​របស់ខ្ញុំ​ គឺ​ការផ្តោត​សំខាន់​លើ​សេវា​កម្ម​អតិថិជន​។ បើ​សេវាកម្ម​មិនល្អ នោះនឹង​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​យើង ដូច្នេះ​ខ្ញុំ​ផ្តោតលើ​ការផ្តល់​សេវាកម្ម​ល្អ​បំផុត​ជូន​អតិថិជន ដូច​ជា​​ការ​ជួសជុល ការដោះស្រាយ​បញ្ហា​កុំព្យូទ័រ​ឱ្យបាន​រហ័ស មានការ​ទទួល​ខុស​ត្រូវ ហើយ​យើង​មាន​បុគ្គលិក​ជំនាញ​ជួយ​​ដំណោះ​ស្រាយ​បញ្ហា​គ្រប់យ៉ាង​»​។​

​អ្នកនាងវាសនា​បាន​បង្កើត​បរិយាកាស​កា​រងារ​ដ៏​ល្អ ដើម្បី​លើក​ទឹកចិត្ត​បុគ្គលិក​របស់ខ្លួន ដោយ​ផ្តល់​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល បង្កើន​ជំនាញ​របស់​ពួកគេ និង​ផ្តល់​ការលើកទឹកចិត្ត​បុគ្គលិក​។

«​ខ្ញុំ​តែង​ផ្តល់ឱកាស​ដល់​បុគ្គលិក​ឱ្យ​កសាង​សមត្ថភាព និង​បណ្តុះ​គំនិត​ពួកគាត់​ឱ្យ​ក្លាយទៅជា​អ្នក​ដឹក​នាំ​។ ខ្ញុំ​តែងតែ​ចាត់ទុក​ក្រុមហ៊ុន​ខ្ញុំ​ជា​ថ្នាល​បណ្តុះបណ្តាល​ពួកគាត់ បង្វឹក​សមត្ថភាព ឱ្យ​ចេះ​ធ្វើការ​ជាក្រុម ហើយ​ខ្ញុំ​មិន​ដាក់​សម្ពាធ​ដល់​បុគ្គលិក​ទេ​»​។

​អ្នកនាងវាសនា​បន្តថា​៖ «​ខ្ញុំ​ចង់ឱ្យ​សហគ្រិន​ស្ត្រី​កុំ​បាក់​ទឹកចិត្ត​នៅ​ពេល​ជួប​បញ្ហា ជាពិសេស​អំឡុង​ពេលកូ​វីដ​។ យើង​ដឹងថា​ទាំង​គ្រួសារ​ និង​អាជីវកម្ម​ គឺ​សុទ្ធតែ​ប្រឈម​បញ្ហា ប៉ុន្តែ​យើង​ត្រូវ​សម្លឹង​មើល​ចំណុច​វិជ្ជមាន ស្វែងរក​ដំណោះ​ស្រាយ​។ រឿង​ខ្លះ​យើង​មើលទៅ​ដូចជា​ពិបាក​ ប៉ុន្តែ​នៅ​ពេល​យើង​តស៊ូ ជម្នះ​វា​បាន នោះ​ពេល​យើង​សម្លឹង​មើលទៅ​បញ្ហា​នោះ​វិញ​ គឺ​វា​តូច​ទេ​។ បើ​យើង​បាក់​ទឹកចិត្ត នោះ​យើង​នឹង​គ្មាន​ឆន្ទៈ​​បន្តដំណើរ​ទៅមុខ​បានទេ​។ មិន​ថា​បញ្ហា​នោះធំ​ប៉ុនណា គឺ​តែងតែមាន​ផ្លូវ​ដោះស្រាយ​ជានិច្ច​»៕