
កសិករច្រូតស្រូវពីក្នុងស្រែមួយក្នុងខេត្តកណ្តាល។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលគ្រោងនឹងដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ នាពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានលក្ខណៈទំនើប ឆ្លើយតបនឹងការប្រែប្រួលសេដ្ឋកិច្ច និងវិបត្តិសកលកូវីដ ១៩។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ របស់ក្រសួងកសិកម្ម កាលពីថ្ងៃទី ២៣ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកសិកម្មកម្ពុជា គឺជាវិស័យអាទិភាពដែលធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការនាំចេញ ដែលចាំបាច់ត្រូវវិនិយោគបន្ថែមទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រវិស័យកសិកម្មប្រព័ន្ធធារាសាស្ត្រ, ផ្លូវដឹកជញ្ជូន ឡូជីស្ទិក, ឥណទានកសិកម្ម ការស្រាវជ្រាវ ការអភិវឌ្ឍពូជថ្មី, ការផ្សព្វផ្សាយបច្ចេកទេសទំនើប។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានផ្តល់អាទិភាពចំពោះការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ ដែលគ្រោងដាក់ឱ្យអនុវត្តក្នុងពេលដ៏ខ្លីខាងមុខ និងស្នើឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដោយត្រូវធ្វើសមាហរណកម្មឱ្យកៀកទៅផលិតករ សហគមន៍កសិកម្មនៅមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលបាននិងកំពុងជួបប្រទះ»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បាននិយាយថា វិស័យកសិកម្ម នៅតែជួបបញ្ហាប្រឈមមួយចំនួនដូចជា ផលិតកម្មដំណាំកសិកម្ម នៅមានផលិតភាពទាប ហើយការធ្វើពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មនៅមានកម្រិត, ប្រព័ន្ធកសិកម្មនៅកម្ពុជាតែងតែទទួលរងផលប៉ះពាល់អវិជ្ជមានពីបាតុភូតធម្មជាតិនៃការប្រែប្រួលអាកាសធាតុ ពិសេសគ្រោះរាំងស្ងួត និងទឹកជំនន់ ក៏ដូចជាជំងឺឆ្លងសត្វ ក៏បានដាក់បន្ទុកធ្ងន់ដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមទាំងបទល្មើសព្រៃឈើ និងជលផល។
លោកបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងស្រុក មិនទាន់បំពេញគ្រប់គ្រាន់ទៅតាមតម្រូវការ ហើយការវិនិយោគលើការកែច្នៃកសិផលនៅមានកម្រិត។ ម្យ៉ាងទៀត ថ្លៃដើមផលិតកម្ម និងកែច្នៃនៅខ្ពស់នៅឡើយ ដូចជាតម្លៃជី ថ្នាំកសិកម្មបានកើនឡើងក្នុងបរិបទកូវីដ ១៩ ចំណីសត្វផលិតនៅក្នុងស្រុកថ្លៃជាងប្រទេសជិតខាងក្នុងអត្រា ២០ ភាគរយជាដើម។
លោកបញ្ជាក់ថា៖ «ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ អង្គសន្និបាតបានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើបទអន្តរាគមន៍ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកិច្ចពិភាក្សាដោយផ្តោតលើប្រធានបទគន្លឹះសំខាន់ៗដែលទាក់ទងនឹងវិធានការគន្លឹះពាក់ព័ន្ធវិស័យដំណាំកៅស៊ូ និងអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីស្តារសេដ្ឋកិច្ចក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ ១៩, ការជំរុញការធ្វើវារីវប្បកម្មប្រកបដោយគុណភាព និងស្របតម្រូវការទីផ្សារជាដើម»។
លោក សម វិទូ ទីប្រឹក្សាឯករាជ្យផ្នែកវិស័យកសិកម្មនៅកម្ពុជា បាននិយាយថា សម្រាប់ការផលិតក្នុងស្រុកត្រូវផ្តោតលើចំណុចសំខាន់មួយចំនួនដូចជា គុណភាព តម្លៃ ការចងក្រងជាសហគមន៍ និងផែនការផលិត។
លោកថ្លែងថា៖ «ជាទូទៅយើងឃើញថា ទាក់ទងនឹងចំណុចទាំងនេះយើងធ្វើបានច្រើនហើយ តែមិនទាន់គ្រប់ ដែលធ្វើឱ្យមានការនាំចូលច្រើន។ បើសិនយើងអាចអនុវត្តចំណុចទាំងនេះឱ្យបានជាអតិបរមា វានឹងក្លាយជាយន្តការក្នុងការរៀបចំកសិករធ្វើការរួមគ្នា ដើម្បីឱ្យផលិតផលមានការប្រកួតប្រជែងខ្ពស់»។
តាមការឱ្យដឹងពីរដ្ឋមន្ត្រីកសិកម្ម តម្លៃនៃការនាំចេញផលិតផលកសិកម្មក្នុងឆ្នាំ ២០២១ សម្រេចបានក្នុងទំហំទឹកប្រាក់ ៥ ពាន់លានដុល្លារកើន ២៥ ភាគរយធៀបឆ្នាំ ២០២០៕