ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវកាល​ទី​ ៧ តាមរយៈ​ការដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ និង​ផលិតផល​បន្លែ​ផ្លែឈើ​លើក​ទី​ ១៥ នា​ខែមិថុនា ខាងមុខ​នៅ​ខេត្តសៀមរាប​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ក្នុងស្រុក​ឱ្យមាន​ភាពរស់រវើក និង​កាន់តែ​ប្រសើរឡើង​នូវ​ការទទួលស្គាល់ និង​ការគាំទ្រ​ផលិតផល​ខ្មែរ ស្របតាម​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជំរុញ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​វិស័យ​ឯកជន ក្រសួង​នឹង​បន្ត​រៀបចំ​យុទ្ធនាការ​ទិញ ផលិតផល​ខ្មែរ​រដូវកាល​ទី​ ៧ តាមរយៈ​ការដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ និង​ផលិតផល​បន្លែ​ផ្លែឈើ​លើក​ទី​ ១៥ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១៦-១៩ ខែមិថុនា នៅ​ក្រុង​សៀមរាប​។

ក្រសួង​បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ក្នុង​គោល​បំណង​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​នៅ​មូលដ្ឋាន​ឱ្យមាន​ភាពប្រទាក់ក្រឡា​ពី​កសិដ្ឋាន​មក​ទីផ្សារ ជា​វេទិកា​ផ្គូរផ្គង​រវាង​អ្នកផលិត និង​អ្នកត្រូវការ​ផលិតផល​យកទៅ​ចែកចាយ​បន្ត និង​បំផុសស្មារតី​អ្នកប្រើប្រាស់​ឱ្យចូល​រួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ជំនួស​ឱ្យ​ការនាំ​ចូល​ពី​បរទេស​។

លោកស្រី កែវ មុំ ម្ចាស់​សហគ្រាស​ផលិត​នំ​ស្រួយ លីលី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យុទ្ធនាការ​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​តែងតែ​ដាក់តាំង​បង្ហាញ​ផលិតផល​ខ្មែរ​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ទៅដល់​ឧស្សាហកម្ម​ក្នុងស្រុក​។

លោកស្រី​ឱ្យដឹងថា​៖ «​រាល់ពេល​ដែលមាន​យុទ្ធនាការ​នេះ​ម្តងៗ ផលិតផល​ខ្មែរ​រាប់រយ​ត្រូវ​បានដាក់​បង្ហាញ​ដូចនេះ​នឹងមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ទស្សនា ហើយ​បានដឹងថា ខ្មែរ​យើង​អាច​ផលិត​ទំនិញ​ល្អៗ​មិន​ចាញ់​ផលិតផល​នាំចូល​ឡើយ​។ ក្នុង​បរិបទ​នេះ ការ​លក់បាន​ធ្លាក់ចុះ ថ្លៃដើម​កើនឡើង តែ​ខ្ញុំ​រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ឱ្យ​ការលក់​កើនឡើង​វិញ ដែល​អាច​ជំរុញ​ឱ្យ​ផលិត​កើនឡើង​ផងដែរ​»​។

លោក ឃឹម ប៊ុនឡែន ស្ថាបនិក​សហគមន៍​ចម្ការ​ស្តេច​ទុរេន​នៅ​ស្រុក​ឈូក ខេត្តកំពត យល់ឃើញថា គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​គឺជា​ការល្អ ប៉ុន្តែ​លោក​ស្នើឱ្យ​ក្រសួង​រៀបចំ​យន្តការ​ដើម្បី​សម្រួល​ដល់​អ្នក​ផលិត និង​អ្នក​ចែកចាយ ក្នុង​ការយក​ផលិតផល​ទៅ​តាំងពិព័រណ៍​នៅ​ខេត្តសៀមរាប​។

លោក​និយាយថា​៖ «​យើង​កំពុង​ពិចារណា ក្នុង​ការចូលរួម​កម្មវិធី​នេះ ដោយសារ​ហាង​របស់​យើង​មាន ២​ សាខា យើង​ក៏​ចង់​ចូល​តាំង​បង្ហាញ​ផលិតផល​ផ្លែឈើ​របស់​យើង​ដែរ​»​។

លោកស្រី មុយ វល័ក្ខ ម្ចាស់​ហាង​ពិភព​ផ្លែឈើ​ធម្មជាតិ​ខេត្តមណ្ឌលគិរី បានឱ្យដឹង​ដែរ​ថា ក្នុងអំឡុងពេល​កូវីដ​ ១៩ ការលក់​ផលិតផល​ផ្លែឈើ​នៅក្នុង​ស្រុក​របស់​ហាង​អ្នកស្រី​បាន​រង​ផលប៉ះពាល់​ច្រើន ដោយសារ​ការ​លក់បាន​ថយចុះ​។

លោកស្រី​បញ្ជាក់ថា​៖ «​ការដាក់តាំង​បង្ហាញ​ផលិតផល​ខ្មែរ និង​ផលិតផល​បន្លែ​ផ្លែឈើ​ខ្មែរ​នេះ ជា​ការលើកកម្ពស់​វិស័យ​កសិកម្ម ពិសេស​ជំរុញ​ឱ្យមាន​ការគាំទ្រ​លើ​ផលិតផល​ខ្មែរ​។ ម្យ៉ាងវិញទៀត នេះ​ក៏​ជា​ឱកាស​ស្វែងរក​ដៃគូ​អាជីវកម្ម​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ផលិតផល​ក្នុងស្រុក​ឱ្យ​រីកចម្រើន​»៕ LA