ភ្នំពេញៈ កិច្ចការ​ផលិតផល​ហាឡាល គឺជា​ប្រធានបទ​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់ ព្រោះ​ផលិតផល​នេះ​មិន​ត្រឹម​តែមាន​តម្រូវការ​ខ្ពស់​សម្រាប់​ប្រទេស​កាន់សាសនា​អ៊ិស្លាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​តម្រូវការ​នៅ​ប្រទេស​ដទៃទៀត​ដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។

គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ហាឡាល​កម្ពុជា​ (​គ.ត.ផ.ហ.ក.) ​បានរៀបចំ​កិច្ចប្រជុំ​លើកដំបូង​របស់ខ្លួន​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ២២ ខែមីនា ដោយមាន​ការចូលរួម​ពី​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ហាឡាល​កម្ពុជា លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន គ.ត.ផ.ហ.ក​. ព្រមទាំង​ថ្នាក់ដឹកនាំ ក្រុម​ឯកទេស​ផលិតផល​ហាឡាល និង​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើនរូប​។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅក្នុង​គោលបំណង​ ដើម្បី​ពិនិត្យ​របាយការណ៍​របស់​លេខាធិការដ្ឋាន គ.ត.ផ.ហ.ក​. ការប្រមូល​ធាតុចូល ព្រមទាំង​កំណត់​ផែនការ​សកម្មភាព​របស់ គ.ត.ផ.ហ.ក. ដែល​ត្រូវអនុវត្ត​បន្ត​។

ក្នុង​កិច្ចប្រជុំ​នោះ លោក ប៉ាន សូរស័ក្តិ លើកឡើងថា កិច្ចការ​ហាឡាល គឺជា​ប្រធានបទ​ដ៏សំខាន់​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់ ហេតុនេះ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវតែ​ខិតខំ​រិះរក​វិធីសាស្ត្រ​ល្អៗ និង​ថ្មីៗ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កិច្ចការ​នេះ​ទទួល​ជោគជ័យ និង​ទទួល​ការគាំទ្រ និង​ទំនុកចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​។ លោក​បន្តថា សម្រាប់​កិច្ចការ​សំខាន់ៗ​នៅ​ចំពោះមុខ​ដែល គ.ត.ផ.ហ.ក. ត្រូវខិតខំ និង​បន្ត​អនុវត្ត​មានដូចជា ការពង្រឹង​គុណភាព​ការផ្តល់សេវា និង​ជំរុញ​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​ស្តង់ដា​ផលិតផល​ហាឡាល​កម្ពុជា​, ការយក​កម្រៃ​សេវាសាធារណៈ​លើ​កិច្ចការ​ចុះបញ្ជី និង​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​ស្តង់ដា​ផលិតផល​ហាឡាល​កម្ពុជា​, ការរៀបចំ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​សមាសភាព​នៃ​លេខាធិការដ្ឋាន​នៃ​ គ.ត.ផ.ហ.ក​. និង​សមាសភាព​នៃ​ក្រុម​ឯកទេស​ផលិតផល​ហាឡាល​នៃ​​ គ.ត.ផ.ហ.ក​. ។ ចំណែក​ចំណុច​សំខាន់​ផ្សេងៗ​ទៀត​រួមមាន ការលើកកម្ពស់​ទំនុក​ចិត្ត​លើ​ការប្រើប្រាស់​ស្លាក​សញ្ញា​ហាឡាល​កម្ពុជា តាមរយៈ​ការជំរុញ​ការអនុវត្ត​ច្បាប់ និង​បទប្បញ្ញត្តិ​បច្ចេកទេស​ពាក់ព័ន្ធ​ដោយ​ទន់ភ្លន់ ប្រកប​ដោយ​ជំនាញ និង​វិជ្ជាជីវៈ​, និង​ការជំរុញ​លើកកម្ពស់​ការយល់ដឹង​អំពី​កិច្ចការ​ហាឡាល​។

លោក សូរស័ក្តិ បញ្ជាក់ថា​៖ «​កិច្ចការ​ហាឡាល គឺជា​ប្រធានបទ​សំខាន់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ដោយ​ក្នុងនោះ​ផលិតផល​ហាឡាល មិន​ត្រឹម​តែមាន​តម្រូវការ​ខ្ពស់​នៅ​ប្រទេស​កាន់សាសនា​អ៊ិស្លាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ដទៃទៀត ក៏មាន​តម្រូវ​ការផលិតផល​ហាឡាល​ផងដែរ ដោយសារ​ពាក្យ​ថា​ «​ហាឡាល​»​ គឺ​សំដៅ​លើ​ភាពស្អាត ឬ​អនាម័យ​ខ្ពស់ ដែល​ធ្វើការ​ផលិត​ដោយ​អនុលោម​តាមច្បាប់ និង​បទប្បញ្ញត្តិ​អ៊ិស្លាម​»​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ លោក ផាន អូន បានឱ្យ​ដឹងថា គិត​មកដល់​ពេលនេះ កិច្ចការ​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​ស្តង់ដា​ផលិតផល​ហាឡាល​កម្ពុជា ទទួល​បាន​ពាក្យ​ស្នើសុំ​ចំនួន​ ២២១ និង​បានចេញ​វិញ្ញាបនបត្រ ១៩៦ ​វិញ្ញាបនបត្រ ដែលមាន ១០០ ​ក្រុមហ៊ុន​សហគ្រាស សិប្បកម្ម និង​អាហារដ្ឋាន ស្មើនឹង​ផលិត​ផល​ចំនួន ៦១៩ ​មុខទំនិញ​។

លោក​បន្ថែមថា​៖ «​ គ.ត.ផ.ហ.ក​. តែងតែ​ធ្វើការ​អំពាវនាវ​ជាប្រចាំ​ឱ្យ​ក្រុមហ៊ុន​សហគ្រាស សិប្បកម្ម និង​សេវាករ​ទាំងអស់ ដែល​មានបំណង​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​ស្តង់ដា​ផលិតផល​ហាឡាល​កម្ពុជា សូម​ទាក់ទង​មក​អគ្គនាយកដ្ឋាន ក.ប.ប. នៃ​ក្រសួង​ពាណិជ្ជកម្ម​ដើម្បីឱ្យ​ក្រុម​ការងារ​ពិនិត្យ និង​វាយតម្លៃ​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការគិតគូរ​ពី​ផលិតផល​ហាឡាល ជា​កិច្ចការ​សំខាន់​ដែល​នឹង​រួមចំណែក​ដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ច ព្រោះ​នៅពេល​ប្រទេស​កម្ពុជា​មាន​ផលិតផល​ហាឡាល​សម្បូរបែប និង​មាន​ស្តង់ដា​គុណភាព​ច្បាស់លាស់ វា​មិន​ត្រឹមតែ​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទាក់ទាញ​វិនិយោគិន​ផងដែរ​។

លោក​និយាយថា​៖ «​ការដាក់​ផែនការ និង​ការរៀបចំ​គ្រប់គ្រង​គុណភាព​ផលិតផល​ហាឡាល​បានល្អ​នឹង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​ទេសចរ​អ៊ិស្លាម​មក​កម្សាន្ត​កាន់តែ​ច្រើន ហើយ​ការវិនិយោគ​លើ​ផលិតផល​អាហារ​សម្រាប់​សេចក្តី​ត្រូវការ​ក្នុងស្រុក និង​នាំចេញ​នឹង​កើនឡើង​»៕ LA