ទីក្រុងម៉ូស្គូៈ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រុស្ស៊ី​នឹង​ទទួល​យកតែ​ការទូទាត់​ជា​ប្រាក់​រូប្លិ៍​សម្រាប់​ការចែកចាយ​ឧស្ម័ន​ទៅកាន់ «​បណ្តា​ប្រទេស​អមិត្ត (Unfriendly Countries)» ដែល​រួមមាន​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ​រង​ការវាយប្រហារ​ដោយ​ទណ្ឌកម្ម​ដែល​មិន​ធ្លាប់ មាន​ពីមុន​ជុំវិញ​ការធ្វើ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​។

ភ្លាមៗ​បន្ទាប់ពី​ការប្រកាស​របស់គាត់ ប្រាក់​រូប្លិ៍ ដែល​បាន​ធ្លាក់ចុះ​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជម្លោះ​នៅ​អ៊ុយក្រែន​បាន​ឡើង​ថ្លៃធៀប​នឹង​ប្រាក់​ដុល្លារ និង​ប្រាក់​អឺរ៉ូ ខណៈដែល​តម្លៃ​ឧស្ម័ន​បាន​កើនឡើង​។

លោក ពូទីន ​បាន​និយាយ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​រដ្ឋាភិបាល​តាម​ទូរទស្សន៍​ថា «​ខ្ញុំ​បានសម្រេច​ចិត្ត​អនុវត្ត​សំណុំ​នៃ​វិធានការ​ ដើម្បី​ផ្ទេរ​ការទូទាត់​សម្រាប់​ការផ្គត់ផ្គង់​ឧស្ម័ន​របស់​យើង​ទៅកាន់​ប្រទេស​ដែល​អមិត្ត​ទៅជា​ប្រាក់​រូប្លិ៍​រុស្ស៊ី​»​។

ទោះជា​យ៉ាងណា លោក​បាន​បន្ថែមថា រុស្ស៊ី​នឹង​បន្ត​ផ្គត់ផ្គង់​បរិមាណ​ឧស្ម័ន​ដែល​មានចែង​ក្នុង​កិច្ចសន្យា​របស់ខ្លួន​។

លោក ពូទីន​ បាន​បញ្ជា​ឱ្យ​ធនាគារកណ្តាល​របស់​រុស្ស៊ី​អនុវត្ត​ប្រព័ន្ធ​ទូទាត់​ថ្មី​ក្នុង​រយៈពេល ​១ សប្តាហ៍ ដោយនិយាយ ថា​វា​ត្រូវតែមាន «​តម្លាភាព​» ហើយនឹង​ពាក់ព័ន្ធ​នឹង​ការទិញ​ជា​ប្រាក់​រូប្លិ៍​នៅលើ​ទីផ្សារ​ក្នុងស្រុក​របស់​រុស្ស៊ី​។

លោក ពូទីន ​ក៏បាន​ណែនាំ​ថា​ការនាំចេញ​របស់​រុស្ស៊ី​ផ្សេងទៀត​អាច​រង​ផលប៉ះពាល់​។

ក្រោយមក​នៅ​ថ្ងៃ​ពុធ ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos បានប្រកាសថា ខ្លួន​ក៏​នឹង​ទទូច​ឱ្យ​ដៃគូ​អន្តរជាតិ​របស់ខ្លួន​បង់​ប្រាក់​ជា​ប្រាក់​រូប្លិ៍​។

លោក Dmitry Rogozin ប្រធាន Roscosmos ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Tass ថា​៖ «​យើង​ក៏​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ខាងក្រៅ​របស់​យើង​ទាំងអស់​ជា​ប្រាក់​រូប្លិ៍​»​។

លោក ពូទីន ​បាន​និយាយថា «​វា​ច្បាស់​ណាស់​ថា ការបញ្ជូន​ទំនិញ​របស់​យើង​ទៅកាន់​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​ការទទួលប្រាក់​ដុល្លារ ប្រាក់​អឺរ៉ូ រូបិយប័ណ្ណ​ផ្សេងទៀត មិនមាន​ន័យចំ​ពោះ​យើង​ទេ​»​។

អ៊ុយក្រែន​បាន​ថ្កោលទោស​យ៉ាង​ឆាប់រហ័ស​ចំពោះ «​សង្គ្រាម​សេដ្ឋកិច្ច​» របស់​រុស្ស៊ី​លើ​សហភាព​អឺរ៉ុប និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី «​ពង្រឹង​ប្រាក់​រូប្លិ៍​»​។

លោក Andriy Yermak ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​នៅលើ Telegram ​ថា​ «​ប៉ុន្តែ​ប្រទេស​លោកខាងលិច​អាច​វាយប្រហារ​ប្រទេស​រុស្ស៊ី​ជាមួយនឹង​ការហ៊ុមព័ទ្ធ​ប្រេង​ដែល​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ធ្លាក់ចុះ​»​។

លោក​បាន​បន្ថែមថា​៖ «​ឥឡូវនេះ នេះ​គឺជា​សមរភូមិ​សេដ្ឋកិច្ច​ដ៏សំខាន់ ហើយ​លោកខាងលិច​ត្រូវតែ​រួមគ្នា​ឈ្នះ​វា​»​។

លោក Robert Habeck រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់ ដែល​ប្រទេស​របស់ខ្លួន​បាន​នាំចូល​ឧស្ម័ន​ធម្មជាតិ​ចំនួន ៥៥ ភាគរយ​ពី​រុស្ស៊ី​មុនពេល​មាន​ជម្លោះ​នោះ បាន​និយាយថា តម្រូវការ​របស់លោក​ពូទីន គឺជា​ការបំពាន​កិច្ចសន្យា ហើយ​ថា​ទីក្រុង​ប៊ែរឡាំង​នឹង​ពិភាក្សា​ជាមួយ​ដៃគូ​អឺរ៉ុប «​របៀប​ដែល​យើង​នឹង​ប្រតិកម្ម​ចំពោះ​រឿង​នោះ​»​។

ក្រុមហ៊ុន​ថាមពល OMV របស់​ប្រទេស​អូទ្រីស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​បន្ត​បង់ប្រាក់​សម្រាប់​ឧស្ម័ន​រុស្ស៊ី​ជា​ប្រាក់​អឺរ៉ូ ទោះបីជា​មានការ​ប្រកាស​។

លោក Alfred Stern នាយកប្រតិបត្តិ OMV បាន​ប្រាប់​ទូរទស្សន៍​អូទ្រីស​ថា «​យើង​មិនមាន​មូលដ្ឋាន​ផ្សេងទៀត​សម្រាប់​កិច្ចសន្យា​នោះទេ​។ ខ្ញុំ​នឹងមិន​អាចធ្វើ​អ្វី​ផ្សេង​បានទេ​»​។

បណ្តា​ប្រទេស​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​លើ​ទីក្រុង​ម៉ូស្គូ ចាប់តាំងពី​រុស្ស៊ី បាន​ធ្វើ​ប្រតិបត្តិការ​យោធា​ចូលទៅក្នុង​ទឹកដី​អ៊ុយក្រែន​។

លោកខាងលិច​បាន​បង្កក​ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​រុស្ស៊ី​ប្រមាណ ៣០០ ​ពាន់​លាន​ដុល្លារ​នៅ​បរទេស ដែលជា​ទង្វើ​ដែល​រដ្ឋមន្ត្រី​ការបរទេស​លោក Sergei Lavrov នៅ​ថ្ងៃ​ពុធ​បាន​ហៅថា​ជា «​ចោរកម្ម​»​។

ប៉ុន្តែ​ខណៈពេល​ដែល​សហរដ្ឋអាមេរិក​បាន​ហាមឃាត់​ការនាំចូល​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី សហភាព​អឺរ៉ុប​ដែល​បានទទួល​ប្រហែល ៤០ ​ភាគរយ​នៃ​ការផ្គត់ផ្គង់​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ២០២១ ​បាន​រក្សា​ផ្គត់ផ្គង់​ពី​ទីក្រុង​ម៉ូស្គូ​។

ទោះជា​យ៉ាងណា​ក៏ដោយ ទីក្រុង​ប្រ៊ុចសែល​បានកំណត់​គោលដៅ​កាត់បន្ថយ​ការនាំចូល​ឧស្ម័ន​របស់​រុស្ស៊ី​ចំនួន ២ ​ភាគ​ ៣ នៅ​ចុង​ឆ្នាំនេះ ហើយ​កំពុង​សម្លឹងមើល​ការហ៊ុមព័ទ្ធ​ដោយ​ទណ្ឌកម្ម​ប្រេង​។

លោក Ipek Ozkardeskaya អ្នកវិភាគ​ជាន់ខ្ពស់​នៅ Swissquote លោក​ថា៖ «​រុស្ស៊ី​ឥឡូវនេះ​កំពុង​ព្យាយាម​ដាក់​សម្ពាធ​លើ​ប្រទេស​លោកខាងលិច​ជាមួយនឹង​ទណ្ឌកម្ម​ប្រឆាំង និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​រូបិយប័ណ្ណ​បរទេស​»៕ RR