ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង ៤,៨ ​ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២២ កើនឡើង ៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ប្រមូលបាន​ប្រា​ក់ជាង ៧៦ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

យោងតាម​ទិន្នន័យ​ក្នុង​ខែមករា និង​កុម្ភៈ ឆ្នាំ ​២០២២ ការនាំចេញ​ជ័រកៅស៊ូ​សម្រេចបាន​ក្នុង​បរិមាណ ៤៨ ៥០៩ ​តោន កើនឡើង ៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល ២​ ខែ​ដើមឆ្នាំ​ ២០២១ និង​ទទួលបាន​ប្រាក់​ជិត ៧៦,៨៨​ លាន​ដុល្លារ​។ សម្រាប់​តម្លៃ​ជ័រកៅស៊ូ​ក្នុង​រយៈពេល ២ ​ខែ​ដើម​ឆ្នាំនេះ គឺមាន​តម្លៃ​ជា​មធ្យម ១ ៥៨៥​ ដុល្លារ ក្នុង​ ១ ​តោន ធ្លាក់ចុះ​តិចតួច​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ដោយឡែក​ក្នុង​រយៈពេល​ខាងលើ​ការនាំចេញ​ឈើ​កៅស៊ូ​សម្រេច​បាន ៨០៨ ​ម៉ែត្រគុប កើន ៦៦ ​ភាគរយ និង​ទទួលបាន​ប្រាក់ ៣៥៥ ៩៤៦ ​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការវិនិយោគ​លើ​កៅស៊ូ​មិនសូវមាន​ភាពរីកចម្រើន​ទេ ព្រោះ​តម្លៃ​ជ័រកៅស៊ូ​កម្ពុជា​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទីផ្សារ​អន្តរជាតិ ហើយ​ទិន្នន័យ​ដែល​កម្ពុជា​ប្រមូលបាន គឺ​ពឹងផ្អែក​តែ​ទៅលើ​ការនាំចេញ​មួយ​មុខ​ប៉ុណ្ណោះ​។ ភាពអវិជ្ជមាន​ទាំងនេះ​ធ្វើឱ្យ​ការវិនិយោគ​លើ​ដំណាំ​កៅស៊ូ នៅពេលនេះ​មិនសូវ​ផុលផុស​ខ្លាំង​ទេ​។

ទោះយ៉ាងណា លោក​លើកឡើង​ថា ការបើក​ដំណើរការ​រោងចក្រ​ផលិត​កង់​កៅស៊ូ​របស់​ក្រុមហ៊ុន Cart Tire Co., Ltd ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០២១ បាននិងកំពុង​ចូលរួមចំណែក​ធ្វើឱ្យ​ទីផ្សារ​នេះ​មាន​ភាពល្អប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​។

លោក​និយាយថា​៖ «​យើង​រំពឹងថា ការបណ្តាក់ទុន​ថ្មីៗ​លើ​រោងចក្រ​ផលិត​កង់​រថយន្ត និង​ការបើក​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា​នឹង​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ជ័រកៅស៊ូ​នៅ​កម្ពុជា​កើនឡើង ហើយ​តម្លៃ​ក៏​កើនឡើង​ជាង​មុន​ផងដែរ​»​។

នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដីដាំ​កៅស៊ូ​សរុប ៤០៤ ០៤៤ ​ហិកតា ក្នុងនោះ​ផ្ទៃដី​កំពុង​ចៀរជ័រ មាន​ចំនួន ៣១០ ១៩៣​ ហិកតា និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៩៣ ៨៥១ ​ហិកតា​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន កាលពី​ថ្ងៃទី​ ២៣ ខែមីនា ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​រកចំណូលបាន​ជាង ៦១០ ​លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​៕