​ភ្នំពេញៈ អភិបាលរដ្ឋ​ម៉ា​ឡា​កា នៃ​ប្រទេស​ម៉ាឡេស៊ី បានបង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​ការវិនិយោគ​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា ហើយ​ព្រមទាំង​បាន​សន្យា​នឹង​នាំយក​នូវ​ព័ត៌មាន​ស្តីពី​សក្តានុពល​ការវិនិយោគ​នៅ​កម្ពុជា ទៅប្រាប់​ដល់​វិនិយោគិន​ម៉ាឡេស៊ី​ក្នុង​រដ្ឋ​ម៉ា​ឡា​កា ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​។

​ការសន្យា​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ លោក Haji Mohd Ali Bin Mohd Rustam អភិបាលរដ្ឋ​ម៉ា​ឡា​កា ក្នុងអំឡុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក នុត អ៊ុន​វ័​ណ​រ៉ា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​។ ក្នុងជំនួប​ខាងលើ​ក៏មាន​ការចូលរួម​រប​ស់លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម​លោក នុត អ៊ុន​វ័​ណ​រ៉ា បានលើកឡើង​ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​ដែល​កម្ពុ​ជាមាន និង​ការវិវត្ត​ថ្មីៗ​នៃ​កិច្ច​ការទាក់ទង​នឹង​វិនិយោគ ជាពិសេស​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ កន្លងទៅ ដោយ​ក្នុង​ច្បាប់​ថ្មី​នេះ​មានការ​កំណត់​នូវ​វិស័យ និង​សកម្មភាព​វិនិយោគ​អាទិភាព​, ការផ្តល់​ការលើកទឹកចិត្ត និង​ការការពារ​វិនិយោគ​ជា​ដើម ហើយ​ដែលមាន​ភាពប្រសើរ និង​ទាក់ទាញ​ជាង​មុន​។​

​ចំណែក​លោក Haji Mohd Ali Bin Mohd Rustam បានបង្ហាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការវិនិយោគ​ក្នុង​វិស័យ​ជាច្រើន​នៅ​កម្ពុជា មានដូចជា អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អចលនទ្រព្យ រ៉ែ និង​ថាមពល ជាដើម​។ បន្ថែម​ពីលើ​នេះ លោក​ក៏បាន​សន្យា នឹងធ្វើ​ការ​ពាំ​នាំយក​នូវ​ព័ត៌មាន​ស្តីពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា និង​ការអភិវឌ្ឍ​រីកចម្រើន​ទាំងឡាយ​ដែល​លោក​បានឃើញ និង​ស្វែងយល់​ដោយផ្ទាល់​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ទៅប្រាប់​មិត្តភក្តិ និង​វិនិយោគិន​ម៉ាឡេស៊ី​នៅ​រដ្ឋ​ម៉ា​ឡា​កា ដើម្បី​បាន​ជ្រាប​រួចមក​សិក្សា និង​ពិនិត្យ​លទ្ធភាព​បណ្តាក់ទុន​នៅ​កម្ពុជា ឱ្យបាន​កាន់តែច្រើន និង​ដើម្បី​បន្ត​រឹតចំណង​មិត្តភាព និង​ទំនាក់ទំនង​នៃ​ប្រជាជាតិ​ទាំង​២​ផងដែរ​។​

​ជាការ​ឆ្លើយតប លោក នុត អ៊ុន​វ័​ណ​រ៉ា បាន​លើកឡើងថា​៖«​កម្ពុ​ជាមាន​ក្តី​សោមនស្ស និង​ការត្រៀម​រួចជាស្រេច​ក្នុងការ​សហការ​ជាមួយ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា ក្នុងការ​ផ្តល់ព័ត៌មាន​ស្តីពី​វិនិយោគ និង​ការសម្របសម្រួល​រាល់​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​វិនិយោគ​ម៉ាឡេស៊ី​ដទៃទៀត​នាពេលខាងមុខ​»​។​

​យោងតាម CDC គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ស្វាគមន៍ និង​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​ចំនួន ១៦២​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ៣, ២​ពាន់​លាន​ដុល្លារ​៕​