ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ជាគោលការណ៍​ឱ្យ​ក្រុមហ៊ុន Royal Group សហការ​ជាមួយនឹង​ក្រុមហ៊ុន China (Cambodia) Rich International Co.,Ltd ធ្វើការ​វិនិយោគ​លើ​គម្រោង​វារីអគ្គិសនី​ស្ទឹងត្រែង​មាន​អានុភាព ១ ៤០០ មេហ្គាវ៉ាត់ ស្ថិតក្នុង​ខេត្តស្ទឹងត្រែង​។

លិខិត​របស់​លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ផ្ញើជូន​លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ក្នុង​ថ្ងៃទី​ ២៤ ខែមីនា​ឱ្យដឹងថា ក្រុមហ៊ុន The Huadong Engineering Corporation Limited គឺជា​ទីប្រឹក្សា​បច្ចេកទេស​ទទួលបន្ទុក​សិក្សា​ពី​សមិទ្ធិ​លទ្ធភាព​របស់​គម្រោង និង​បានស្នើ​អភិបាល​ខេត្ត​ឱ្យជួយ​សម្របសម្រួល និង​អនុញ្ញាត​ឱ្យ​ក្រុម​បច្ចេកទេស​អាចបំពេញ​កិច្ចការ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

លិខិត​បន្ត​ថា កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ ឆ្នាំ​ ២០២១ ក្រុមបច្ចេកទេស​របស់​ក្រុមហ៊ុន The Huadong Engineering Corporation Limited បាន​បញ្ជូន​អ្នកបច្ចេកទេស​ជំនាញ​ចំនួន ៦ ​នាក់​មកដល់​ខេត្តស្ទឹងត្រែង ដើម្បី​ត្រៀម​រៀបចំ​សិក្សា​ផ្នែក​ភូគព្ភសាស្ត្រ​នៅ​ទីតាំង​ជើងទំនប់ ដោយ​ត្រូវ​មានការ​ខួង​ចំនួន ២៧ ​ចំណុច​។ នៅ​ទីតាំង​ជើង​ទំនប់ ដោយ​ត្រូវមាន​ខួង​ចំនួន ២៧ ​ចំណុច​។

លិខិត​សរសេរថា​៖ «​ក្នុង​ជំហាន​ដំបូង​នេះ ក្រុមការងារ​ត្រូវការ​បុគ្គលិក​ខ្មែរ​ចំនួន ១០ ​នាក់ ហើយ​ជា​បន្តបន្ទាប់ ក្រុម​អ្នកឯកទេស​នឹងត្រូវ​មក​ថែម​ឡើងដល់ ២០ ​នាក់ ដោយ​ត្រូវការ​បុគ្គលិក​ខ្មែរ​ឡើងដល់ ៤០ ​នាក់ ហើយ​ប្រើ​ពេលវេលា ៦ ​ខែ គិត​ចាប់ពី​ខែមករា-​មិថុនា ឆ្នាំ​ ២០២២»​។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃទី ​៦ ខែមករា ឆ្នាំ​ ២០២២ បានចេញ​លិខិត​មួយ​ទៅ​ស្រុក​ថា​ឡាបរិវ៉ាត់ និង​ស្រុក​បុរីអូរស្វាយ​សែនជ័យ ដោយ​បាន​ស្នើឱ្យ​អភិបាលក្រុង ស្រុក​ពាក់ព័ន្ធ​សហការ​ជាមួយ​ក្រុម​ការងារ​បច្ចេកទេស The Huadong Engineering Corporation Limited របស់​ក្រុមហ៊ុន ROYAL GROUP ស្របតាម​គោលការណ៍ និង​ផែនការ​អនុវត្តន៍​ជាក់ស្តែង​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ហេង គុណលាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល សុំ​ការធ្វើ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី ​២៤ ខែមីនា ឆ្នាំ​ ២០២២ នេះ​។

លោក ម៉ែន គុង អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែមីនា ថា ក្រុមហ៊ុន​គ្រាន់តែ​សិក្សា​សមិទ្ធលទ្ធភាព​ប៉ុណ្ណោះ ដែល​ការសិក្សា​នេះ​ត្រូវការ​ពេល​ប្រមាណ ៦ ​ខែ ពោល​មិនមែន​សិក្សា​ពី​ការសាងសង់​នោះទេ លុះត្រាតែ​មានការ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល ទើប​អនុញ្ញាត​ឱ្យ​មានការ​សិក្សា​សាងសង់​គម្រោង​នេះ​។

លោក​បាន​បន្ថែមទៀតថា ការសិក្សា​សមិទ្ធ​លទ្ធភាព​លើ​គម្រោង​នេះ​ត្រូវបាន​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ចំនួន ៣ ​ទីតាំងនៅ​ផ្នែក​ខាងលើ ផ្នែក​កណ្តាល និង​ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេមេគង្គ​ក្នុង​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​។ បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​ក៏​កំពុង​រង់ចាំ​ពី​ការសិក្សា​សមិទ្ធ​លទ្ធភាព​នេះដែរ​។ ទោះយ៉ាងណា​នៅពេល​ដែល​សិក្សា​ចប់សព្វគ្រប់ ក្រុមហ៊ុន​នឹង​រាយការណ៍​មក​រដ្ឋបាលខេត្ត ដើម្បីឱ្យ​បានដឹង​។

បើតាម លោក ម៉ែន គុង ប្រសិនបើ​គម្រោង​នេះ​នឹង​កើតឡើង​ជាក់ស្តែង​នៅពេល​ខាងមុខ វា​នឹង​ផ្តល់​ផលប្រយោជន៍​លើ​ផ្នែក​សេដ្ឋកិច្ច​យ៉ាងច្រើន​ដល់​ខេត្ត​ស្ទឹងត្រែង ក៏ដូចជា​ទូទាំងប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​សន្តិសុខ​អគ្គិសនី និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ នឹងមាន​ការកើនឡើង​បន្ថែម​មួយកម្រិត​ទៀត​តាមរយៈ​ការបង្កើត​មុខរបរ​។

លោក​ថ្លែងថា​៖ «​ថាមពល​អគ្គិសនី​នឹង​រួមចំណែក​ដល់​ការបង្កើត​មុខរបរ និង​ការងារ​ច្រើន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ពិសេស​វា​នឹង​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូរ​ធ្វើ​កសិកម្ម​តាមបែប​ប្រពៃណី ឬ​បុរាណ​ទៅជា​ការធ្វើ​កសិកម្ម​តាមបែប​ប្រពលវប្បកម្ម​វិញ​។ បន្ថែម​ពីនេះ ការធ្វើឱ្យ​តម្លៃ​អគ្គិសនី​នៅក្នុង​ប្រទេស​កាន់តែ​ចុះថោក វា​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ថែមទៀត​»​។

បើតាម លោក ម៉ែន គុង ប្រសិនបើ​គម្រោង​វារីអគ្គិសនី​ស្ទឹងត្រែង​ដែលមាន​អនុភាព ១ ៤០០ ​មេហ្គាវ៉ាត់​នេះ កើតឡើង​មួយទៀត វា​នឹង​ធ្វើឱ្យ​ខេត្ត​មាន​វារីអគ្គិសនី​ចំនួន​ ២ ខណៈ​វារីអគ្គិសនីសេសាន​ក្រោម​២ មួយទៀត​បាន​សាងសង់​រួចរាល់ និង​កំពុងដំណើរការ​ប្រើប្រាស់​បច្ចុប្បន្ន​ដែល​អាច​ផលិត​ថាមពល​បាន ៤០០ ​មេហ្គាវ៉ាត់​៕ LA