ភ្នំពេញៈ ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ ​២០២២ នៅ​សួនច្បារ​សែនមនោរម្យ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម​។

សេចក្តី​ជូនដំណឹង​ដែល​ផ្សព្វផ្សាយ​កាលពី​រាត្រី​ថ្ងៃទី ​២៤ ខែមីនា បានឱ្យ​ដឹងថា ពិធី​សម្ពោធ​នេះ​នឹង​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី តំណាង​អង្គទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អង្គការ​ដៃគូ​អភិវឌ្ឍន៍​ថ្នាក់ជាតិ និង​អន្តរជាតិ សមាជិក​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្តមណ្ឌលគិរី ដែលមាន​ចំនួន​ប្រហែល ៣០០ ​រូប​។

ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម ដែលមាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​ជា​សេនាធិការ បាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» កាលពី​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ២០២០ ដោយបាន​រៀបចំ​ចងក្រង និង​តម្កល់​សៀវភៅ​បន្ទុក «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ក្រោម​កិច្ចគាំទ្រ​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជនបទ​កម្ពុជា (CIRD) និង​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្ត​មណ្ឌលគិរី ក្រោម​ជំនួយ​ពី​ពលរដ្ឋ​អាមេរិក USAID, សហភាព​អឺរ៉ុប និង​ស៊ីដា (EU/Sida), ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (BMZ), ធនាគា​អភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ​ក្រសួងបរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មូលនិធិ October Hill Foundation​។

គោលបំណង​សំខាន់ៗ​នៃ​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» រួមមាន​៖ ផ្តល់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា​ដល់​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្តមណ្ឌលគិរី ដែលជា​ម្ចាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ក្រោម​ច្បាប់​ស្តីពី ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​ទប់ស្កាត់​ការក្លែងបន្លំ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​, អភិរក្ស​ចំណេះដឹង​ចំណេះធ្វើ និង​ទេពកោសល្យ​តាមបែប​ប្រពៃណី​របស់​ប្រជាកសិករ និង​សហគមន៍​ជនជាតិ​ពូន​ក្នុង​ខេត្ត​មណ្ឌលគិរី តាមរយៈ​ការរៀបចំ​ចងក្រង​សៀវភៅ​បន្ទុក​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​», លើកកម្ពស់​គុណភាព សម្បក​វេចខ្ចប់ ផ្សព្វផ្សាយ​អំពី​កេរ្តិ៍ឈ្មោះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» និង​ចូលរួម​ថែរក្សា​តំបន់​ព្រៃ​ការពារ​ជា​គោលដៅ​ទេសចរណ៍​, និង​បង្កើន​ចង្វាក់​តម្លៃ បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ក្នុង​តំបន់​។

យោងតាម​លិខិត​ជូនដំណឹង​ខាងលើ​នៅក្នុង​ព្រឹត្តិការណ៍​សម្ពោធ​នេះ​ក៏​នឹង​មាន​ការប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី (Earth Hour) ឆ្នាំ​ ២០២២ និង​មាន​ស្តង់​សម្រាប់​ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​, ម្រេច​កំពត​, ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូចថ្លុង​កោះ​ទ្រង់ និង​ផលិតផល​ម៉ាក​សមូហភាព​អង្ករ​ព្រះវិហារ និង​អំបុក​កំពង់ធំ ព្រមទាំង​ផលិតផល​ផ្សេងៗ​ទៀត ដោយ​ចាប់​ពីថ្ងៃ​ ២៦ រហូតដល់​ថ្ងៃទី ​២៨ ខែមីនា ឆ្នាំ​ ២០២២៕