ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ដែលជា​ស្ថាប័ន​ជាន់ខ្ពស់​មួយ​របស់​រាជរដ្ឋាភិបាល​មាន​តួនាទី និង​ភារកិច្ច​រៀបចំ និង​អនុវត្ត​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ ព្រមទាំង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​សហគមន៍​ដៃគូ​អភិវឌ្ឍន៍​កាលពី​ថ្ងៃទី​ ២៣ ខែមីនា បានចេញ​នូវ​សេចក្តី​ជូនដំណឹង​មួយ​ស្តីពី​ «​វិធានការ​គ្រប់គ្រង​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​នៅតាម​បណ្តា​ក្រុមហ៊ុន​វិនិយោគ​នានា​”​។

ខ្លឹម​សារលិខិត​បានលើកឡើង​ថា ក្នុង​ស្មារតី​ពង្រឹង​ការគ្រប់គ្រង​លើ​ការប្រើប្រាស់​នូវ​សារធាតុ​គីមី​ដែល​អាច​ផ្សំ​ជា​គ្រឿងញៀន​ឱ្យបាន​ត្រឹមត្រូវ​តាម​មុខសញ្ញា​ប្រើប្រាស់​ពិតប្រាកដ សាមី​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ដូចជា ត្រូវ​គ្រប់គ្រង និង​ប្រើប្រាស់​សារធាតុ​គីមី​ដែល​អាច​ផ្សំ​ជា​គ្រឿងញៀន​សម្រាប់​ប្រើប្រាស់​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ស្តង់ដា​ប្រើប្រាស់​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ត្រូវ​ប្រើប្រាស់​សារធាតុ​គីមី​ដែល​អាច​ផ្សំ​ជា​គ្រឿងញៀន​ឱ្យចំ​តាម​គោលដៅ​ដែល​ខ្លួន​បាន​ស្នើសុំ និង​ហាម​លក់ដូរ ឬ​ធ្វើ​អាជីវកម្ម​បន្តទៅ​ឱ្យ​ក្រុមហ៊ុន​ដទៃទៀត និង​ត្រូវមាន​អ្នកជំនាញ​បច្ចេកទេស​ច្បាស់លាស់​ផ្នែក​គីមី ដើម្បី​គ្រប់គ្រង និង​បញ្ជា​ប្រើប្រាស់​សារធាតុ​គីមី​ដែល​អាច​ផ្សំ​ជា​គ្រឿងញៀន​សម្រាប់​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ខ្លួន​។

ចំណែក​ចំណុច​សំខាន់​ផ្សេងទៀត​រួមមាន ត្រូវមាន​ការកត់ត្រា​ច្បាស់លាស់​អំពី​បរិមាណ​នាំចូល បរិមាណ​ប្រើប្រាស់ និង​បរិមាណ​នៅសល់​នូវ​សារ​ធាតុគីមី​ដែល​អាច​ផ្សំ​ជា​គ្រឿងញៀន ដើម្បី​ងាយស្រួល​ធ្វើការ​ផ្ទៀងផ្ទាត់​ឱ្យបាន​ត្រឹមត្រូវ​, និង​ត្រូវធ្វើ​របាយការណ៍​ប្រចាំខែ ឆមាស និង​ឆ្នាំ អំពី​ការ​នាំចូល​នាំចេញ និង​ការប្រើប្រាស់​សារធាតុ​គីមី​ដែល​អាច​ផ្សំ​ជា​គ្រឿងញៀន ជូន​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។

ជា​ចុងបញ្ចប់​លិខិត CDC បាន​បញ្ជាក់ថា​៖ «​សាមី​ក្រុមហ៊ុន​នឹងត្រូវ​ប្រឈម​នឹង​ការបាត់បង់​ការលើក​ទឹកចិត្ត ព្រមទាំង​ប្រឈម​នឹង​ទោសទណ្ឌ​ផ្សេងៗ​ទៀត​ស្របតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន ក្នុង​ករណី​មិន​គោរព ឬ​គោរព​មិនបាន​ត្រឹមត្រូវ តាម​ការណែនាំ​ដូច​រៀបរាប់​ខាងលើ​»៕