ភ្នំពេញៈ បន្ទាប់ពី​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​បាន​ចូល​ជា​ធរមាន ក្រសួងកសិកម្ម បាន​អំពាវនាវ​ឱ្យ​អ្នក​នៅក្នុង​វិស័យ​ផលិតកម្ម​មៀន​ប៉ៃលិន ដែលមាន​បំណង​ផលិត និង​កែច្នៃ​វេចខ្ចប់​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន ឱ្យ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ និង​រោងចក្រ​វេចខ្ចប់​ឱ្យបាន​ឆាប់រហ័ស​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​ ២៥ ខែមីនា ឱ្យដឹងថា យោង​សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២១ ស្តីពី​វឌ្ឍនភាព​នៃ​ការចរចា​បំពេញ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ ដើម្បី​នាំចេញ​ផ្លែ​មៀន​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​សេចក្តី​សោមនស្ស​រីករាយ ជម្រាប​ជូនដំណឹង​បន្ថែម​ដល់​ម្ចាស់​ចម្ការ សហគមន៍​កសិកម្ម​មៀន​ប៉ៃលិន និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​ជ្រាបថា ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​ប្រទេស​ចិន ត្រូវបាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​ ២០២២ កន្លងទៅ​ថ្មីៗ​នេះ​។

សេចក្តី​ជូនដំណឹង​បន្តថា​៖ «​អនុវត្តតាម​ស្មារតី​កិច្ចប្រជុំ​កំពូល​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ​ ២០២២ ស្តីពី​ការជំរុញ​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​ចិន ដែល​បាន​ចូល​ជា​ធរមាន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​ដល់​ម្ចាស់​ចម្ការ សហគមន៍​កសិកម្ម​មៀន​ប៉ៃលិន និង​ម្ចាស់​រោងចក្រ​វេចខ្ចប់ ដែលមាន​បំណង​ផលិត និង​កែច្នៃ​វេចខ្ចប់ នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន រួសរាន់​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ និង​រោងចក្រ​វេចខ្ចប់​ផ្លែ​មៀន​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​»​។

បន្ថែម​ពីលើ​នេះ សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា សម្រាប់​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ដំណើរការ​នេះ ម្ចាស់​ចម្ការ សហគមន៍​កសិកម្ម​មៀន​ប៉ៃលិន និង​ម្ចាស់​រោងចក្រ​វេចខ្ចប់ អាច​ទំនាក់ទំនង​ដោយផ្ទាល់​ទៅ​អគ្គនាយកដ្ឋាន​កសិកម្ម ដែលជា​អង្គភាព​ជំនាញ​មាន​សមត្ថកិច្ច​ជាតិ​ទទួល​បន្ទុក​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការចរចា​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ដើម្បី​ជំរុញ​ការនាំចេញ​កសិផល​ (​រុក្ខជាតិ និង​ផលិតផល​រុក្ខជាតិ​) ទៅកាន់​ប្រទេស​នានា​រួមទាំង​ប្រទេស​ចិន​ផងដែរ​៕