ភ្នំពេញៈ ធនាគារពាណិជ្ជ ឈីហ្វ (Chief Bank) បាន​ចាប់​ផ្តើម​ការ​ពង្រីក​សេវាកម្ម​ឌីជីថល​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​របស់​ខ្លួន «Chief Easy» តាម​រយៈការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​នឹង​ក្រុមហ៊ុន Zillennium Co., Ltd។

MoU នេះ​ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ២០២២ រវាង​លោក សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ពាណិជ្ជឈីហ្វ ជាមួយ​នឹង​លោក គុយ វ៉ាត ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន Zillennium Co., Ltd។

Chief Easy គឺជា​កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​តាម​ប្រព័ន្ធ​ឌីជីថល របស់​ធនាគារ​ពាណិជ្ជ ឈីហ្វ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការកាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២១។

លោក តាន់ ស៊ីម អគ្គនាយករង​ធនាគារ​ពាណិជ្ជឈីហ្វ (ខេមបូឌា) ម.ក បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា នេះ​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​របស់ធនាគារ ឈីហ្វ ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​តាម​ប្រព័ន្ធ​ឌីជីថល ទៅ​កាន់​អតិថិជន តាម​រយៈការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​នឹង​ក្រុមហ៊ុន Zillennium Co., Ltd។

លោក​បាន​បន្ថែម​ថា Chief Easy គឺជា​កម្មវិធី​មួយ​របស់​ធនាគារ ឈីហ្វ ដែល​ឆ្លើយតប​ទៅ​នឹង​ការ​វិវឌ្ឍន៍​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល នៅកម្ពុជា​ផងដែរ។

លោកថ្លែងថា៖«Zillennium Co., Ltd គឺជា​ក្រុមហ៊ុន​ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ធនាគារ ឈីហ្វ បាន​ចុះ MoU ជាមួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​គម្រោង Chief Easy។ គម្រោង​នេះ​នឹង​អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់ Zillennium អាច​ស្នើ​សុំ​កម្ចី​ខ្នាត​តូច​មក​កាន់​ធនាគារឈីហ្វ តាម​ប្រព័ន្ធ​ឌីជីថល»។

លោក​ប្រាប់​ទៀត​ថា រាល់​អតិថិជន​របស់​ធនាគារ ឈីហ្វ អាច​ដោន​ឡូត​កម្មវិធី Chief Easy ដើម្បី​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​តាម​ប្រព័ន្ធ​អនឡាញ និង​បញ្ជូន​មក​ធនាគារ​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​អនុម័ត។

យោងតាមលោក ស៊ីម ក្នុង​ដំណាក់កាល​ដំបូង​នេះ ធនាគារ​ពាណិជ្ជ ឈីហ្វ នឹង​ផ្តល់​ឱកាស​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន Zillennium Co., Ltd អាច​ស្នើ​សុំ​កម្ចី​ខ្នាតតូច (ចាប់​ពី​ទឹក​ប្រាក់ ១០០ដុល្លារ ដល់ ១ ០០០ដុល្លារ) តាម​រយៈ​ប្រព័ន្ធ​ឌីជីថល​មក​ធនាគារ ដោយ​រយៈពេល​នៃ​ការអនុម័ត​នឹង​មិន​លើស​ពី ២៤​ម៉ោង​នៃ​ថ្ងៃ​ធ្វើ​ការ៕