ភ្នំពេញៈ ធនាគារ ឈីហ្វ (Chief Bank) ​បាន​ពង្រីក​សេវាកម្ម​ឥណទាន​ខ្នាតតូច​តាម​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន​ «Chief Easy» ​តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ (MoU) ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​កម្ពុជា Zillennium Co., Ltd​។

MoU នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ​ ២០២២ រវាង​លោក សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយកប្រតិបត្តិ​ធនាគារពាណិជ្ជ ឈីហ្វ និង​លោក គុយ វ៉ាត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Zillennium​។

តាមរយ:​កិច្ចសហការ​នេះ បុគ្គលិក​របស់​ក្រុមហ៊ុន Zillennium អាច​ស្នើ​ឥណទាន​ខ្នាតតូច​ (​ចាប់ពី​ទឹកប្រាក់ ១០០ ​ដុល្លារ​ទៅដល់ ១ ០០០ ​ដុល្លារ​) ដោយ​ស្វ័យប្រវត្តិ​តាម​ប្រព័ន្ធ​ឌីជីថល ឬ​ហៅថា Chief Easy របស់​ធនាគារ ឈីហ្វ ជាមួយនឹង​លក្ខខណ្ឌ​ផ្តល់ជូន​ពិសេស​។ MoU នេះ​ក៏​នឹង​បើកផ្លូវ​ដល់​ស្ថាប័ន​ទាំង​ ២ ​សហការ​លើ​សេវាកម្ម​ផ្សេងៗ​ទៀតផង​ដែរ​។

លោក សឿង ម៉ូរ៉ារិទ្ធ បាន​និយាយថា MoU នេះ​គឺជា​ការបើកផ្លូវ​ឱ្យ​ស្ថាប័ន​ទាំង​ ២ ​បង្កើត​នូវ​កិច្ចសហការ​ជា​ផ្លូវការ​ជា​លើកដំបូង តាមរយៈ​គម្រោង​ផ្តល់​ឥណទាន​ខ្នាតតូច​តាម​ប្រព័ន្ធ​ឌីជីថល ដែលមាន​ឈ្មោះថា Chief Easy​។ គម្រោង Chief Easy នឹង​ជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ជូន​ដល់​បុគ្គលិក​ក្រុមហ៊ុន Zillennium ដែលមាន​តម្រូវការ​សាច់ប្រាក់ ខណៈ​ការអនុម័ត​កម្ចី គឺមាន​ភាព​ឆាប់រហ័ស​បំផុត​។

លោក​និយាយថា​៖ «Zillennium គឺជា​ក្រុមហ៊ុន​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ធនាគារ​ឈីហ្វ ចុះ MoU ជាមួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​គម្រោង Chief Easy ដែលជា​គម្រោង​មាន​ភាពងាយស្រួល និង​ឆាប់រហ័ស​»​។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Zillennium លោក គុយ វ៉ាត បាន​ប្រាប់ថា ការចុះ MoU នេះ​មានន័យថា ធនាគារ​ឈីហ្វ​នឹង​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់ Zillennium ហើយក៏​ក្លាយជា​កម្លាំងចលករ​ថ្មី​មួយទៀត​ដែល​បន្ថែម​ថាមពល​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​។ លោក​បន្ថែមថា នៅពេល​ទីផ្សារ​អចលនទ្រព្យ​មានដំណើរ​ការល្អ វា​នឹង​ជួយ​ធ្វើឱ្យ​ប្រតិបត្តិការ​នៃ​ការផ្ទេរ​ប្រាក់​តាមរយៈ​ធនាគារ​មានដំណើរ​ល្អ​ទៅតាម​នោះដែរ​។

លោក​ប្រាប់ថា​៖ «​ការសហការ​នេះ នឹង​មិន​បញ្ចប់​ត្រឹមនេះ​ទេ ដោយ​យើង​នឹងមាន​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ​ក្នុង​រយៈ​វែង​ជាមួយគ្នា​បន្ថែមទៀត​»​។

អគ្គនាយករង​ធនាគារពាណិជ្ជ​ឈីហ្វ​ (​ខេមបូឌា) ​ម.ក លោក តាន់ ស៊ីម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នេះ​ជាការ​បោះជំហាន​ថ្មី​មួយទៀត​របស់​ធនាគារ​ឈីហ្វ ក្នុង​ការពង្រីក​ប្រតិបត្តិការ​ផ្តល់​ប្រាក់កម្ចី​ខ្នាតតូច​តាម​ប្រព័ន្ធ​ឌីជីថល Chief Easy ទៅកាន់​អតិថិជន តាមរយៈ​ការចុះ MoU ជាមួយ​ក្រុមហ៊ុន Zillennium​។ លោក​បន្ថែមថា Chief Easy គឺជា​កម្មវិធី​ដែល​ឆ្លើយតប​នឹង​ការវិវឌ្ឍ​ដ៏ឆាប់រហ័ស​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «Zillennium គឺជា​ក្រុមហ៊ុន​ដ៏ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ធនាគារ​ឈីហ្វ បាន​ចុះ MoU ជាមួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​គម្រោង Chief Easy​។ គម្រោង​នេះ​នឹង​អនុញ្ញាតឱ្យ​បុគ្គលិក Zillennium អាច​ស្នើសុំ​កម្ចី​ខ្នាតតូច​មកកាន់​ធនាគារ​ឈីហ្វ​តាម​ប្រព័ន្ធ​ឌីជីថល​»​។

លោក​ប្រាប់ទៀតថា រាល់​អតិថិជន​របស់​ធនាគារ ឈីហ្វ អាច​ដោន​ឡូត​កម្មវិធី Chief Easy ដើម្បី​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​តាម​ប្រព័ន្ធ​អនឡាញ និង​បញ្ជូនមក​ធនាគារ​ ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​អនុម័ត​។

យោងតាម​លោក តាន់ ស៊ីម នៅក្នុង​ដំណាក់កាល​ដំបូង ធនាគារពាណិជ្ជ ឈីហ្វ នឹង​ផ្តល់ឱកាស​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន Zillennium អាច​ស្នើសុំ​កម្ចី​ខ្នាតតូច​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដោយ​រយៈពេល​នៃ​ការអនុម័ត​នឹងមិន​លើសពី ២៤ ​ម៉ោង​នៃ​ថ្ងៃ​ធ្វើការ​៕ LA