ទីក្រុងប៉ារីសៈ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ (IEA) ​បានអនុម័ត​អាណត្តិ​ទី​ ៣ ​សម្រាប់​លោក Fatih Birol ជា​នាយក​ប្រតិបត្តិ ខណៈ​អង្គការ​មួយ​នេះ​ស្វែងរក​ការផ្លាស់ប្តូរ​កាន់តែ​លឿន​ទៅរក​ថាមពល​ស្អាត​។ នេះ​បើ​យោងតាម ​IEA ​បានឱ្យដឹង​នៅ​ថ្ងៃ​សុក្រ​។

សេដ្ឋវិទូ​តួកគី​រូបនេះ ដែល​កាន់​តួនាទី​តាំងពី​ខែកញ្ញា ២០១៥ ​នឹង​កាន់តំណែង​រយៈពេល​ ៤ ​ឆ្នាំ​ទៀត​ចាប់ពី​ខែកញ្ញា ឆ្នាំ ២០២៣​។

IEA ​បានឱ្យដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា អាណត្តិ​របស់លោក ដែល​ត្រូវបាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​ក្រុមប្រឹក្សាភិបាល​របស់​ទីភ្នាក់ងារ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​មួយ​នេះ​បានមក​ដល់​ «​ពេលវេលា​ដ៏សំខាន់​ »​មួយ សម្រាប់ IEA​។

IEA បាន​បន្ថែមថា លោក Birol នៅពេលនេះ​មាន «​ការគាំទ្រ​ដ៏រឹងមាំ​ដើម្បី​ដឹកនាំ​យុគសម័យ​ថ្មី​សម្រាប់ IEA»​។

ចាប់តាំងពី​ការចាប់ផ្តើម​របស់ខ្លួន ទីភ្នាក់ងារ​នេះ​បាន​ផ្តោតលើ​សន្តិសុខ​ថាមពល​ក្នុងចំណោម​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ប៉ុន្តែ​បេសកកម្ម​របស់ខ្លួន​ត្រូវបាន​បន្ត​ជា​ផ្លូវការ​នៅ​សប្តាហ៍​នេះ ដើម្បី​ស្វែងរក​ការ​បំភាយ​ឧស្ម័ន​កាបូន​សូន្យ ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។

ក្នុង​ចំណោម​បេសកកម្ម​ថ្មីៗ​របស់ខ្លួន IEA ក៏​នឹង​ផ្តោតលើ​បញ្ហា​ធនធាន​លោហៈ និង​រ៉ែ ដែលជា​គន្លឹះ​ដ៏សំខាន់​ក្នុង​ការផលិត​ហាដវែរ​ថាមពល​គ្មាន​កាបូន​។

IEA ត្រូវ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៧៤ ​បន្ទាប់ពី​វិបត្តិ​ប្រេង​ជាមួយ​នឹង​អាណត្តិ ដែល​ផ្តោតលើ​សន្តិសុខ​ថាមពល និង​កិច្ចសហប្រតិបត្តិការ​គោលនយោបាយ​។

ស្ថិតក្រោម​ការដឹកនាំ​របស់​លោក Birol អង្គការ IEA បាន​ផ្តោតលើ​ការផ្លាស់ប្តូរ​ទៅរក​ថាមពល​ការបំភាយ​កាបូន​សូន្យ ដែលជា​ផ្នែក​មួយ​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​របស់​វិស័យនេះ​។

កាលពី​ខែឧសភា ឆ្នាំ ​២០២១ អង្គការ IEA បាន​ផលិត​ផែនទី​បង្ហាញផ្លូវ​មួយ​ដែល​រួមបញ្ចូល​ការអំពាវនាវ​ឲ្យ​មិនមាន​ការវិនិយោគ​លើ​គម្រោង​ផ្គត់ផ្គង់​ឥន្ធនៈ ហ្វូស៊ីល​ថ្មី​៕ LA