ភ្នំពេញៈ កម្ពុជា​ប្រមូលប្រាក់​បាន​ជាង ៧៧ ​លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ​២​ ខែ​ដើមឆ្នាំ​ ២០២២ ខណៈដែល​ផ្ទៃដី​ដាំ​កៅស៊ូ​មិន​ប្រែប្រួល​នោះទេ​ក្នុង​រយៈពេល ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​បើ​យោងតាម​លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

យោងតាម​ទិន្នន័យ ក្នុង​ខែមករា-​កុម្ភៈ ឆ្នាំ​ ២០២២ ការនាំចេញ​ជ័រកៅស៊ូ​សម្រេចបាន​ក្នុង​បរិមាណ ៤៨ ៥០៩​ តោន​កើនឡើង ៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ ២ ​ខែ​ដើមឆ្នាំ​ ២០២១ និង​ទទួលបាន​ប្រាក់ ៧៦,៨៨ ​លាន​ដុល្លារ​។ សម្រាប់​ជ័រ​កៅស៊ូ ក្នុង​រយៈពេល​នេះ​គឺមាន​តម្លៃ​ជា​មធ្យម ១ ៥៨៥ ​ដុល្លារ ក្នុង ១ ​តោន ធ្លាក់ចុះ​តិចតួច​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

ដោយឡែក​នៅក្នុង​រយៈពេល​ខាងលើ​ការនាំចេញ​ឈើ​កៅស៊ូ​បាន​ចំនួន ៨០៨ ​ម៉ែត្រគុប កើន ៦៦​ ភាគរយ និង​ទទួលបាន​ប្រាក់ ៣៥៥ ៩៤៦ ​ដុល្លារ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ លោក ហ៊ឹម អូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ២៧ ខែមីនា​ថា ស្ថានភាព​ទីផ្សារ​នាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ក្នុង​រយៈពេល ២ ​ខែ ឆ្នាំ​ ២០២២ បានបង្ហាញ​សញ្ញា​វិជ្ជមាន​តិចតួច ខណៈ​តម្លៃ​មធ្យម​នៅលើ​ទីផ្សារ​អន្តរជាតិ បាន​ធ្លាក់ចុះ​ក្នុង​រង្វង់ ១ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ លោក​បន្តថា ផ្ទៃដី​ដាំ​កៅស៊ូ ក្នុង​រយៈពេល ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ គឺ​មិនមាន​អ្វី​ប្រែប្រួល​ទេ​។

ទាក់ទង​ការបើក​ដំណើរការ​រោងចក្រ​ផលិត​កង់​រថយន្ត​នៅ​កម្ពុជា​ (​នៅក្នុង​ខេត្តស្វាយរៀង និង​ខេត្ត​ព្រះសីហនុ​) លោក ហ៊ឹម អូន បាន​ប្រាប់ថា បច្ចុប្បន្ន​រោងចក្រ​ទាំង​ ២ មិនទាន់បាន​ប្រមូល​ទិញ​កៅស៊ូ​ក្នុងស្រុក​ទៅប្រើ​ប្រាស់​ទេ ដោយសារ​រោងចក្រ​ទាំង​ ២ នៅ​មិនទាន់​មាន​ឡ​សម្រាប់​ផ្សំ​កៅស៊ូ​សមាស​។ ដូច្នេះ​រាល់ថ្ងៃ​គឺ ក្រុមហ៊ុន​ទាំង​ ២ បានធ្វើ​ការនាំយក​កៅស៊ូ​សមាស​ពី​ក្រៅប្រទេស​មក​ផលិត​កង់​រថយន្ត​នៅ​កម្ពុជា​។

លោក​បន្តថា តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​នឹង​កើនឡើង​នៅពេល​តម្រូវការ​កៅស៊ូ​ក្នុងស្រុក​កើនឡើង​។ លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ទាំង​ ២​ បាន​សន្យា​នឹងធ្វើ​កិច្ចសហការ​ជាមួយ​នឹង​អគ្គនាយកដ្ឋាន​កៅស៊ូ​ ដើម្បី​ប្រមូល​កៅស៊ូ​នៅក្នុង​ស្រុក​ឱ្យបាន​ច្រើន​នៅពេល​ពួកគេ​សាងសង់​រោងចក្រ​រួចរាល់​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការវិនិយោគ​លើ​កៅស៊ូ​មិនសូវមាន​ភាព​រីកចម្រើន​ទេ ព្រោះ​តម្លៃ​ជ័រកៅស៊ូ​-​កម្ពុជា​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទីផ្សារ​អន្តរជាតិ ហើយ​ទិន្នន័យ​កម្ពុជា​ប្រមូលបាន គឺ​ពឹងផ្អែក​តែ​ទៅលើ​ការនាំចេញ​មួយ​មុខ​ប៉ុណ្ណោះ​។

ទោះយ៉ាងណា លោក​បញ្ជាក់ថា ការបើក​ដំណើរការ​រោងចក្រ​ផលិត​កង់​កៅស៊ូ​របស់​ក្រុមហ៊ុន Cart Tire Co., Ltd ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០២១ នឹង​រួមចំណែក​ធ្វើឱ្យ​ទីផ្សារ​នេះ​មាន​ភាពល្អប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​។

លោក​ថ្លែងថា​៖ «​យើង​រំពឹងថា ការបណ្តាក់ទុន​ថ្មីៗ​លើ​រោងចក្រ​ផលិត​កង់​រថយន្ត និង​ការបើក​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា នឹង​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ជ័រកៅស៊ូ​នៅ​កម្ពុជា​កើនឡើង ហើយ​តម្លៃ​ក៏​កើនឡើង​ជាង​មុន​ផងដែរ​»​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន កាលពី​ថ្ងៃទី​ ២៣ ខែមីនា ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២១ របស់​ក្រសួង​បាន​លើកឡើងថា ឆ្នាំ​ ២០២១ កម្ពុជា​រកចំណូល​បាន​ជាង ៦១០ ​លាន​ដុល្លារ​ពី​ការនាំ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​ទៅ​ទីផ្សារ​អន្តរជាតិ​៕ LA