The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវបាន​ប្រកាស​ជា​ផលិតផល GI

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវបាន​ប្រកាស​ជា​ផលិតផល GI

Content image - Phnom Penh Post
​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​ ដែលត្រូវបាន​ប្រកាស​ជា​ផលិតផល GI។ រូបថត WWF-Cambodia

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវបាន​ប្រកាស​ជា​ផលិតផល GI

មណ្ឌលគិរីៈ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) ក្នុង​គោលដៅ​ផ្តល់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា លើកកម្ពស់​គុណភាព​សម្បក​វេចខ្ចប់ និង​កេរ្តិ៍ឈ្មោះ ព្រមទាំង​បង្កើន​ចង្វាក់​តម្លៃ បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​។

ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ​បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ​ ២០២២ នៅ​ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​ក្រសួងបរិស្ថាន អភិបាល​នៃ​គណៈអភិបាល​ខេត្តមណ្ឌលគិរី តំណាង​អង្គទូត មន្ទីរ​កសិកម្ម​ខេត្ត អង្គការ​ដៃគូ​អភិវឌ្ឍន៍​ថ្នាក់ជាតិ និង​អន្តរជាតិ សមាជិកសមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្តមណ្ឌលគិរី​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ថ្លែងថា ក្រសួង​ពាណិជ្ជកម្ម នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​អភិវឌ្ឍ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​តាមរយៈ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​មណ្ឌលគិរី មូលដ្ឋាន​ផលិតកម្ម និង​ទីកន្លែង​ប្រមូលផល​ទឹកឃ្មុំ ដើម្បី​ទាក់ទាញ​ទេសចរ ស្របតាម​ផែនការមេ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឆ្នាំ​ ២០២១-២០៣៥ របស់​រាជរដ្ឋាភិបាល​។

ការថែរក្សា និង​ធានាបាន​នូវ​កេរ្តិ៍ឈ្មោះ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» និង​ការទាញ​អត្ថប្រយោជន៍​ពី​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នេះ គឺ​ពិតណាស់​អាស្រ័យ​លើ​ការទទួល​ខុសត្រូវ​របស់​សមាជិក​ម្នាក់ៗ​នៅក្នុង​សហគមន៍​ដែល​ចាំបាច់​ត្រូវមាន​សាមគ្គីភាព ភាពស្មោះត្រង់ សុចរិត និង​អភិបាលកិច្ច​គ្រប់គ្រង​ល្អ ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាព ទើប​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ​ផ្តល់នូវ​គុណ​តម្លៃ​ពិតប្រាកដ ព្រមទាំង​ធានា​នូវ​និរន្តរភាព​សម្រាប់​​អ្នកជំនាន់​ក្រោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» មិន​ត្រឹមតែ​ជា​អត្តសញ្ញាណ​ផលិតផល​របស់​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្តមណ្ឌលគិរី​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នេះ​នឹង​ក្លាយជា​ផ្នែក​នៃ​ការផ្សព្វផ្សាយ​កេរ្តិ៍ឈ្មោះ និង​វប្បធម៌​ប្រពៃណី​របស់​ប្រជាជន​កម្ពុជា​ផងដែរ​»​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការទទួល​ស្គាល់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) ​នាពេលនេះ គឺ​បង្ហាញ​កាន់តែច្បាស់​ពី​ការបញ្ជាក់​ពី​គុណភាព និង​តម្លៃ​នៃ​ផលិតផល​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី ដែលមាន​តាំងពី​យូរយារ​ណាស់​មកហើយ​។

លោក​និយាយថា​៖ «​នេះ​ជា​មោទនភាព​របស់​ប្រជាជន​ខេត្តមណ្ឌលគិរី ពិសេស​ប្រជាសហគមន៍​ផ្ទាល់​ដែល​នឹង​ទទួលបាន​អត្ថប្រយោជន៍ ដោយ​គាត់​អាច​ចូលរួម​ថែរក្សា​ព្រៃឈើ​ហើយ អាច​ទាញយក​ផល​ពី​ព្រៃឈើ​បន្ថែម ដើម្បី​លើកកម្ពស់​ជីវភាព​តាមរយៈ​ការយក​ទឹកឃ្មុំ​ទៅ​លក់​។ ទាំង​ដៃគូ​អភិវឌ្ឍន៍ សហគមន៍ នឹង​អាជ្ញាធរ​ចាំ​ជួយ​គាំទ្រ និង​រួមចំណែក​ថែរក្សា ដោយ​ធ្វើយ៉ាងណា​ឱ្យ​ការយក​ទឹកឃ្មុំ​នេះ ប្រកប​ដោយ​និរន្តរភាព​»​។

លោក ស្រើវ សុវណ្ណី ប្រធាន​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​មណ្ឌលគិរី​បាន​ប្រាប់ថា ការទទួលបាន ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (GI) ​ពី​ក្រសួងពាណិជ្ជកម្ម​នាពេល​នេះ បាន​ជំរុញ​ឱ្យ​តម្លៃ​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​មាន​កំណើន​បន្តិច និង​មិន​មានការ​ព្រួយបារម្ភ​រឿង​ទីផ្សារ​។ លោក​បន្ថែមថា កត្តា​ដែល​ធ្វើឱ្យ​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី ទទួលបាន GI រួមមាន ការអភិរក្ស និង​បែងចែក​ព្រៃ​សហគមន៍​ច្បាស់លាស់​, ការប្រមូល​ឃ្មុំ​ប្រកបដោយ​និរន្តរភាព ដោយ​អនុវត្ត​ទៅតាម​សៀវភៅ​បន្ទុក​ដែល​បានចែង គឺ​យក​ឃ្មុំ​ដោយ​ប្រើប្រាស់​ភ្លើង​គប់​, កាត់​ក្បាលទឹក​ត្រឹម ៨០ ​ភាគរយ និង​ការរក្សា​អនាម័យ​ជានិច្ច​ក្នុង​ការយក​ទឹកឃ្មុំ ជាដើម​។

លោក សុវណ្ណី បញ្ជាក់ថា​៖ «​ទឹកឃ្មុំ​ព្រៃរបស់​ខេត្តមណ្ឌលគិរី​មាន​ទឹកដម​ផ្កា​ចម្រុះ​ជាច្រើន​ប្រភេទ​នៅក្នុង​ព្រៃ​ដែល​ប្រជាសហគមន៍​យើង​បាន​អភិរក្ស ហើយ​អតិថិជន​ដែល​បាន​ភ្លក្សរសជាតិ​ទឹកឃ្មុំ​តែង​សរសើរ​ថា​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ជាង​ទឹកឃ្មុំ​មកពី​កន្លែង​ផ្សេង​។ យើង​គ្រោង​នឹង​ពង្រីក​សមាជិក​បន្ថែមទៀត ដើម្បី​បង្កើន​បរិមាណ​​ទឹកឃ្មុំ​ប្រចាំឆ្នាំ​ក្នុងការ​បំពេញ​តម្រូវការ​ទីផ្សារ​»​។

បើ​យោងតាម​ប្រធាន​សមាគម​បច្ចុប្បន្ន​ទីតាំង​យក​ឃ្មុំ​របស់​សមាជិក​សមាគម​មាននៅ ៦ ឃុំ​សង្កាត់​នៃ​ក្រុង​សែនមនោរម្យ​, ស្រុក​ពេជ្រាដា​, កោះញែក និង​ស្រុក​កែវសីមា​។ ក្នុងនោះ ដែរ​សមាគម មាន​សមាជិក​ជាង ៤៤០ ​នាក់​ស្មើនឹង ១១ ​ក្រុម​។

លោក​បន្ថែមថា ជា​រៀងរាល់ឆ្នាំ​សមាគម​ប្រមូល​ទឹកឃ្មុំ​បានជា​មធ្យម​ជាង ៣០ ​តោន ដោយ​ការយក​ទឹកឃ្មុំ​នៅ​ចន្លោះ​ខែមីនា ដល់​ខែឧសភា​។ បរិមាណ​ទឹកឃ្មុំ​ដែលមាន​នេះ​មិន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​ទីផ្សារ​ទេ ទើប​លោក សុវណ្ណី មាន​គម្រោង​នឹង​ពង្រីក​ទីតាំង​យក​ឃ្មុំ ដោយ​នឹង​ការ​រើសយក​សមាជិក​ក្រុម​ថែមទៀត ដោយ​ការពង្រីក​នេះ​អាស្រ័យ​លើ​ទំហំ​ព្រៃ​ផងដែរ​។

ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​អាច​លក់បាន​ក្នុងតម្លៃ​ចាប់ពី ១២ ០០០​ ដុល្លា-១៣ ៥០០ ​ដុល្លារ​ ១ ​តោន ដែល​តម្លៃ​នេះ គឺ​អាស្រ័យ​ទៅលើ​កំហាប់​ជាតិ​ទឹក​ក្នុង​ទឹកឃ្មុំ​។ នេះ​បើតាម​លោក សុវណ្ណី​។

ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ​មាន​គោលបំណង​សំខាន់ៗ ៤ រួមមាន ទី​ ១ ផ្តល់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា​ដល់​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្តមណ្ឌលគិរី ដែលជា​ម្ចាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ក្រោម​ច្បាប់​ស្តីពី ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​ទប់ស្កាត់​ការក្លែងបន្លំ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​,​ទី ​២ អភិរក្ស​ចំណេះដឹង ចំណេះធ្វើ​ និង​ទេពកោសល្យ​តាមបែប​ប្រពៃណី​របស់​ប្រជាកសិករ និង​សហគមន៍​ជនជាតិ​ពូនង ក្នុង​ខេត្ត​មណ្ឌលគិរី តាមរយៈ​ការរៀបចំ​ចងក្រង​សៀវភៅ​បន្ទុក​, ទី​ ៣ លើកកម្ពស់​គុណភាព​សម្បក​វេចខ្ចប់ ផ្សព្វផ្សាយ​ពី​កេរ្តិ៍ឈ្មោះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» និង​ចូលរួម​ថែរក្សា​តំបន់​ព្រៃ​ការពារ​ជា​គោលដៅ​ទេសចរណ៍​, និង​ទី​ ៤ បង្កើន​ចង្វាក់​តម្លៃ បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ក្នុង​តំបន់​៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍