ទីក្រុងវ៉ាស៊ីនតោនៈ ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ IMF កាលពី​ថ្ងៃ​សុក្រ​បានអនុម័ត​ប្រាក់កម្ចី​ចំនួន​ ៤៤​ ពាន់​លានដុល្លារ​សម្រាប់​ប្រទេស​អាហ្សង់ទីន ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​អតិផរណា​ជាមួយ​នឹង​ទឹកប្រាក់​ចំនួន ៩,៧ ​ពាន់​លាន​ដុល្លារ​នៃ​មូលនិធិ​ដែល​អាច​រកបាន​ភ្លាម​។

ធនាគារ​ផ្តល់ប្រាក់​កម្ចី​ដែលមាន​វិបត្តិ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​មួយ​នេះ បានឱ្យដឹងថា ការផ្តល់​ហិរញ្ញប្បទាន​នេះ​ «​មាន​គោលបំណង​ផ្តល់ឱ្យ​ប្រទេស​អាហ្សង់ទីន​នូវ​តុល្យភាព​នៃ​ការទូទាត់ និង​ការគាំទ្រ​ផ្នែក​ថវិកា​» ហើយក៏ «​ពង្រឹង​និរន្តរភាព​បំណុល ដោះស្រាយ​អតិផរណា​ខ្ពស់ បង្កើន​ទុនបម្រុង ដោះស្រាយ​គម្លាត​សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេសមួយ​នេះ និង​លើកកម្ពស់​កំណើន​ប្រកបដោយ​បរិយាប័ន្ន​»​។

លោក Martin Guzman រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ប្រទេស​អាហ្សង់ទីន បានឱ្យដឹងថា ការរៀបចំ​ទាំងនេះ​គឺជា «​ជំហាន​ទៅមុខ​» មួយ​សម្រាប់ «​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​» និង «​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​» របស់​ប្រទេស​នេះ​។

លោក Guzman បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP នៅ​ទីក្រុង​ប៉ារីស​ថា កិច្ចព្រមព្រៀង​នេះ «​អាចឱ្យ​ប្រទេសមួយ​នេះ​បន្ត​បង្កើត​លក្ខខណ្ឌ​ ដើម្បី​អាច​បន្ត​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដ៏រឹងមាំ​ដែល​ប្រទេសមួយ​នេះ​កំពុង​ជួបប្រទះ​»​។

ព្រឹទ្ធសភា​ប្រទេស​អាហ្សង់ទីន​កាលពី​ខែ​មុន​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​នៃ​បំណុល​ចំនួន​ ៤៥ ​ពាន់​លាន​ដុល្លារ​ដែលជា​ប្រាក់កម្ចី​ដែល​បាន​ចុះកិច្ចសន្យា​កាលពី​ឆ្នាំ ២០១៨ ​ក្រោម​ការគ្រប់គ្រង​របស់​លោក Mauricio Macri ​អតីត​ប្រធានាធិបតី​នៅពេលនោះ​។

លោកស្រី​ Kristalina Georgieva នាយក​គ្រប់គ្រង IMF បានកត់សម្គាល់​ថា​ប្រទេស​នេះ​មាន​ការជម្នះ​ជាមួយនឹង​ការកើនឡើង​តម្លៃ​យ៉ាង​ឆាប់រហ័ស និង​ប្រាក់ចំណូល​ទាប​។

លោកស្រី​បាន​ថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ស្ថិតក្នុង​បរិការណ៍​នេះ កម្មវិធី​សេដ្ឋកិច្ច​របស់​អាជ្ញាធរ​កំណត់​គោលដៅ​ជាក់ស្តែង និង​ពិតប្រាកដ រួម​ជាមួយនឹង​គោលនយោបាយ​ដែល​អាច​ជឿ​ទុកចិត្តបាន​ក្នុងការ​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ចាក់ឫស​យ៉ាងជ្រៅ​របស់​ប្រទេស​អាហ្សង់ទីន​»​។

ទោះជា​យ៉ាងណា លោកស្រី​បាន​កត់សម្គាល់​ថា​៖ «​ហានិភ័យ​ចំពោះ​កម្មវិធី​នេះ គឺ​ខ្ពស់​ណាស់ ហើយ​ផលប៉ះពាល់​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​កំពុង​កើតឡើង​រួចទៅហើយ​»​។

កាលពី​ឆ្នាំ​ ២០១៨​ ស្ថិតក្រោម​រដ្ឋាភិបាល​លោក Macri ប្រកាន់​កណ្តាល IMF បានអនុម័ត​ប្រាក់កម្ចី​ចំនួន​ច្រើន​បំផុត​ដែល​មិន​ធ្លាប់មាន​ចំនួន ៥៧ ​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អាហ្សង់ទីន​។ ប្រទេស​នេះ​ទទួលបាន ៤៤​ ពាន់​លាន​ដុល្លារ ក្នុងចំណោម​ទឹកប្រាក់​នោះ​។

ការសង​ប្រាក់​ចំនួន ១៩​ ពាន់​លាន​ដុល្លារ និង ២០​ ពាន់​លាន​ដុល្លារ​បាន​ដល់ពេល​កំណត់​នៅ​ឆ្នាំនេះ ដែលជា​ពេលវេលា​មួយ ដែល​រដ្ឋាភិបាល​មួយ​នេះ គិតថា មិនអាច​សង​បានទេ​។

ប្រទេស​អាហ្សង់ទីន​ទើបតែ​ងើប​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​រយៈពេល​ ៣ ​ឆ្នាំ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អត្រា​នៃ​ភាពក្រីក្រ​ខ្ពស់ និង​អតិផរណា​កើនឡើង​ដែល​បាន​កើន​ឡើងដល់ ៥០,៩ ​ភាគរយ​កាលពី​ឆ្នាំមុន​។

ការផ្តល់​ហិរញ្ញប្បទាន​នេះ​នឹង​ប្រើ​រយៈពេល​ ៣០ ​ខែ​៕ LA