
ចម្ការមៀនប៉ៃលិន ១ កន្លែងក្នុងខេត្តបាត់ដំបង។ រូបថត សហការី
ភ្នំពេញៈ ក្រសួងកសិកម្ម បានអំពាវនាវឱ្យអ្នកក្នុងវិស័យផលិតកម្មមៀន និងផ្នែកឯកជនពាក់ព័ន្ធរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ឱ្យបានឆាប់រហ័ស ដើម្បីអាចនាំចេញផ្លែមៀនស្រស់ទៅទីផ្សារចិន ក្រោយពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យបានចូលជាធរមាន។
សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីថ្ងៃទី ២៥ ខែមីនា ឱ្យដឹងថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ថ្មីៗនេះ។ ហេតុដូចនេះទើបក្រសួងអំពាវនាវទៅដល់ម្ចាស់ចម្ការមៀនប៉ៃលិន សហគមន៍-កសិកម្មមៀនប៉ៃលិន និងផ្នែកឯកជនពាក់ព័ន្ធ រួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ឱ្យបានឆាប់រហ័សនៅអគ្គនាយកដ្ឋាន-កសិកម្ម នៃក្រសួងកសិកម្ម។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក្នុងសន្និសីទសារព័ត៌មានស្តីពី «លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម-សេរីកម្ពុជា-កូរ៉េ និងចិន» កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ធ្លាប់បានលើកឡើងថា ការចរចាជាមួយភាគីចិន មានចំនួន ៧ ដំណាក់កាល ដោយបច្ចុប្បន្នឈានចូលដល់ដំណាក់កាលទី ៦ ហើយ។ ដូចនេះ នៅសល់តែ ១ ដំណាក់កាលទៀត កម្ពុជាអាចនាំមៀនប៉ៃលិនទៅចិនបានហើយ។
លោកបញ្ជាក់ថា ក្រសួងកំពុងយកចិត្តទុកដាក់លើការពិនិត្យឡើងវិញចំពោះចម្ការមៀន រោងចក្រវេចខ្ចប់ និងសម្លាប់សមាសធាតុចង្រៃ ដែលបានដាក់ស្នើសុំទៅភាគីចិន ដើម្បីឱ្យអនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងពិធីសារទើបអាចនាំចេញបាន។
ប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន លោក សាយ សុផាត បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២៧ ខែមីនាថា បច្ចុប្បន្នការស្នើសុំចុះបញ្ជីចម្ការរបស់កសិករនៅខេត្តប៉ៃលិនទើបមានប្រមាណ ៣០ ភាគរយនៃអ្នកដែលធ្លាប់ចូលរួមបណ្តុះបណ្តាលជាមួយមន្ទីរកសិកម្មកាលពីឆ្នាំ ២០២១ កន្លងទៅ។ លោកបន្ថែមថា ចំនួននេះនៅមានកម្រិតបើធៀបនឹងចំនួនអ្នកដែលមានដាំដុះមៀននៅទូទាំងខេត្តប៉ៃលិន ព្រោះនៅមានកសិករដែលមិនទាន់បានទទួលការបណ្តុះបណ្តាលជាច្រើនទៀត។
លោកបញ្ជាក់ថា៖ «អ្នកដាំដុះកំពុងរង់ចាំមើលថា ប្រសិនបើមៀនប៉ៃលិន អាចចរាចរចេញទៅចិនបានឆាប់ៗនេះមែន នោះនឹងមានអ្នកដាំដុះថ្មីបន្ថែមទៀត។ ការដាំដុះមៀនប៉ៃលិន នៅខេត្តប៉ៃលិនមានចំនួនតិចតួចជាងបាត់ដំបងដោយសារតែកង្វះប្រព័ន្ធធារាសាស្ត្រ ប៉ុន្តែបច្ចុប្បន្ន យើងកំពុងរៀបចំអភិវឌ្ឍប្រព័ន្ធធារាសាស្ត្របន្ថែម ដើម្បីជំរុញឱ្យមានការដាំដុះមៀន»។
ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វជីរា បាននិយាយដែរថា អ្នកដាំមៀនប៉ៃលិននៅខេត្តបាត់ដំបង បានធ្វើការចុះបញ្ជីច្រើនហើយ ដោយមន្ទីរនឹងជំរុញឱ្យអ្នកទាំងអស់ចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ក្នុងពេលឆាប់នេះ។
លោកប្រធានមន្ទីរកសិកម្មរូបនេះ បញ្ជាក់ថា៖ «កសិករយើងបានទៅចុះបញ្ជី និងបានអនុវត្តតាមគោលការណ៍កសិកម្មបានច្រើនហើយ ដោយយើងនឹងអនុវត្តទៅតាមការចង់បានរបស់ភាគីចិន។ កសិកររង់ចាំតែការបើកភ្លើងបៃតងពីចិនទេ បើសិនគេអនុញ្ញាតឱ្យនាំចេញពេលណាខាងសមាគម ក៏ដូចជាកសិករត្រៀមរួចជាស្រេច»។
លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិនបានប្រាប់ថា ក្នុងចំណោមសមាជិកជាកសិករជាង ២ ពាន់គ្រួសារនៅក្នុងខេត្តប៉ៃលិន មានប្រមាណ ៥០ គ្រួសារប៉ុណ្ណោះ ដែលដាំដុះតាមរយៈកម្មវិធីអនុវត្តកសិកម្មល្អ (GAP) និងបានចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម ក្រៅពីនេះការដាំដុះមិនទាន់បានត្រឹមត្រូវតាមស្តង់ដានៅឡើយទេ។
លោកនិយាយថា៖ «បច្ចុប្បន្នខាងមន្ទីរកសិកម្មខេត្តប៉ៃលិន ពន្លឿនអ្នកដាំដុះខ្លាំងណាស់ ដើម្បីឱ្យពួកគាត់ទៅទទួលការបណ្តុះបណ្តាលតាមរយៈកម្មវិធីអនុវត្តន៍កសិកម្មល្អ (GAP) និងចុះបញ្ជីឱ្យបានឆាប់ ខណៈខាងសមាគមក៏បានអំពាវនាវជារឿយដែរ»។
បើតាមក្រសួងកសិកម្ម បច្ចុប្បន្នការដាំមៀនប៉ៃលិនកំពុងកើនឡើងគួរឱ្យកត់សម្គាល់ដោយមានផ្ទៃដីដាំជាង ១៣ ៦០៨ ហិកតានៅទូទាំងប្រទេស ហើយភាគច្រើនដាំនៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។ មៀនប៉ៃលិនផ្តល់ផលជាមធ្យមពី ៧-៣០ តោនក្នុង ១ ហិកតា៕ LA