ទីក្រុងអង់ការ៉ាៈ លោក Mevlut Cavusoglu ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តួកគី បានឱ្យដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​របស់​រុស្ស៊ី​អាច​បន្តធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​តួកគី ដរាបណា​ពួកគេ​គោរព​ច្បាប់​ជាតិ និង​អន្តរជាតិ​។

ក្នុង​បទសម្ភាស​នៅ​ខាងក្រៅ​វេទិកា​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា លោក Cavusoglu ត្រូវបាន​សួរថា​តើ ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​របស់​ប្រទេស​រុស្ស៊ី​ដែល​ប្រឈមមុខ​នឹង​ការដាក់​ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​អាចធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​តួកគី​បាន​ដែរឬទេ​?

លោក​បាន​ឆ្លើយថា​៖ «​ពិតណាស់ បើ​វា​មាន​ភាពស្របច្បាប់ បើ​វា​មិន​ប្រឆាំងនឹង​ច្បាប់​អន្តរជាតិ​ទេ ខ្ញុំ​នឹង​គិតថា អាចធ្វើ​បាន​»​។

លោក​បន្តថា​៖ «​ប្រសិនបើ​វា​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ នោះ​ជា​រឿង​មួយទៀត​»​។

នាវា​ទំនើប​ ២ ​គ្រឿង​ដែលជា​កម្មសិទ្ធិ​របស់ លោក Roman Abramovich មហាសេដ្ឋី​រុស្ស៊ី​បាន​ចូល​ចត​នៅ​ប្រទេស​តួកគី​ក្នុង​សប្តាហ៍​នេះ​។

នៅពេល​សួរ​អំពី​ស្ថានភាព​របស់​ពួកគេ លោក​រដ្ឋមន្ត្រី​រូបនោះ​បាន​ឱ្យដឹងថា ប្រទេស​តួកគី​បាន​អនុវត្ត​ទណ្ឌកម្ម​ដែល​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ​។

វិធានការ​នានា​ដែល​កំណត់​គោលដៅ​កម្មសិទ្ធិ​របស់​ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​របស់​ប្រទេស​រុស្ស៊ី​មិនត្រូវ​បានអនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ​នោះទេ​ ប៉ុន្តែ​ដោយ​បណ្ដា​ប្រទេស​លោកខាងលិច​រួមទាំង​អាមេរិក និង​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​។

ប្រទេស​ទាំងនោះ​បានដាក់​វិធានការ​ដែល​មិន​ធ្លាប់​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី ជុំវិញ​ការ​លុកលុយ​របស់ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន រួមទាំង​ការដាក់​ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន និង​ក្រុម​បុគ្គល​ជាច្រើន​ផ្សេងទៀត​ដែល​ជិតស្និទ្ធ​នឹង​លោក​ ពូទីន ​ក្នុង​បញ្ជី​ទណ្ឌកម្ម​។

ប្រទេស​ជាច្រើន​បាន​រឹបអូស​ទូក​កម្សាន្ត​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​មហាសេដ្ឋី​រុស្ស៊ី ខណៈ​ដែល​លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក​បាន​ប្តេជ្ញា​ថា សម្ព័ន្ធមិត្ត​ជាច្រើន​នឹង «​រួមគ្នា​ប្រឆាំង​នឹង​ផលប្រយោជន៍​ខុសច្បាប់​»​។

លោក Abramovich​ ក៏​រង​ផលប៉ះពាល់ ដោយសារតែ​ការបង្កក​ទ្រព្យសម្បត្តិ​នៅ​ចក្រភព​អង់គ្លេស និង​ការហាម​ការធ្វើដំណើរ​។

ប៉ុន្តែ ប្រទេស​តួកគី ដែលជា​សមាជិក​អង្គការ​ណាតូ​ដែលមាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ប្រទេស​រុស្ស៊ី​ និង​អ៊ុយក្រែន​មិនបាន​ចូលរួម​ជាមួយ​របប​ទណ្ឌកម្ម​របស់​បណ្ដា​ប្រទេស​លោកខាងលិច​ដែល​កំណត់​ទិសដៅ​លើ​ក្រុង​ម៉ូស្គូ​នោះទេ​។

ដោយបាន​សង្កត់​ថា​តើ​ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​របស់​ប្រទេស​រុស្ស៊ី​អាចធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​តួកគី​បាន​ដែរឬទេ​? លោក Cavusoglu បាន​ឆ្លើយតប​ថា​៖ «​យើង​នឹង​អនុញ្ញាត​ឱ្យមាន​សកម្មភាព​ផ្លូវច្បាប់ និង​ស្របច្បាប់​ណាមួយ ហើយ​យើង​នឹងមិន​អនុញ្ញាត​ឱ្យមាន​សកម្មភាព​ខុសច្បាប់​ណាមួយ​នៅក្នុង​ប្រទេស​តួកគី​នោះទេ​»​។

ប្រទេស​តួកគី​បាន​ពណ៌នាការ​លុកលុយ​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ថា​៖ «​មិនអាច​ទទួលយកបាន​» ហើយ​បាន​ផ្តល់​សេវាកម្ម​របស់ខ្លួន​ជា​អ្នក​សម្របសម្រួល​ ដើម្បី​ជួយ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយក្រែន​។

លោក Cavusoglu បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​បទឈប់​បាញ់​បាន​ថ្លែងថា​៖ «​យើង​ត្រូវ​ស្វែងរក​មធ្យោបាយ​រក្សា​ភាពថ្លៃថ្នូរ ឬ​ច្រកចេញ​ប្រកប​ដោយ​កិត្តិយស​សម្រាប់​ភាគី​ទាំង​ ២ (​ដែល​ពួកគេ​)​ អាច​លក់​បានជា​សាធារណៈ និង​ជា​សកល​»៕ LA

វីដេអូ៖