ភ្នំពេញៈ ភ្ញៀវទេសចរ​ផ្ទៃក្នុង​ដែល​បានចេញ​ដើរ​កម្សាន្ត​ក្នុង​រយៈពេល ៣ សប្តាហ៍​ដំបូង​នៃ​ខែមីនា មាន​ចំនួន​ជិត ៦៦ ​ម៉ឺន​នាក់ ថយចុះ​ជាង ៤​ ម៉ឺន​នាក់​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​របាយការណ៍​ស្ថិតិ​ភ្ញៀវទេសចរ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ទេសចរណ៍​។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ​បាន​ថមថយ​បន្តិច​ក្នុងអំឡុង​ខែមីនា នេះ​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បំប្លែង​ថ្មី​អូមីក្រុង​។

លោក​បន្ថែមថា និន្នាការ​នៃ​ការ​ថមថយ​ចំនួន​ភ្ញៀវទេសចរ​នេះ មាន​ចាប់តាំងពី​អំឡុង​ខែកុម្ភៈ​ធៀប​នឹង​ខែមករា ដែល​ក្រៅពី​បញ្ហា​កូវីដ​ ១៩ ក៏​អាចពាក់ព័ន្ធ​នឹង​ការត្រួតពិនិត្យ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​នៅក្នុង​ខេត្ត ព្រោះ​កាលពីមុន​មាន​ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង​ពិសេស​ជនជាតិ​ចិន ដើរ​កម្សាន្ត​ច្រើន​នៅតាម​តំបន់ឆ្នេរ​រាល់​ចុង​សប្តាហ៍ តែមួយ​រយៈ​ចុងក្រោយ​នេះ​ចំនួន​បាន​ថយចុះ​ច្រើន​គួរសម​។

ចំពោះ​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មកពី​ក្រៅប្រទេស​វិញ​ត្រូវបាន​លោក សុចិត្រគ្រឹះស្នា អះអាងថា​៖ «​ទោះបី​រដ្ឋាភិបាល​សម្រេច​បើកទទួល​ទេសចរ​វ៉ាក់សាំង​តាំងពី​ខែវិច្ឆិកា​ឆ្នាំមុន​ក៏ដោយ ប៉ុន្តែ​ជើងហោះហើរ​មកកាន់​ខេត្ត​ព្រះសីហនុ​នៅ​មិនទាន់​កើនឡើង​ទេ គឺមាន​តែ ២ ​ក្រុមហ៊ុន​ដដែល ដោយសារ​ក្នុង​តំបន់​អាស៊ាន​មិនទាន់​បើក​ពេញលេញ​។ ខ្ញុំ​ទទួលបាន​ព័ត៌មាន​ថា ប្រទេស​ក្នុង​អាស៊ាន​នឹង​បើក​ពេញលេញ​វិញ​នៅក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ ដូចនេះ​ខ្ញុំ​យល់ថា កំណើន​ទេសចរ-​អន្តរជាតិ​នឹង​អាច​ត្រឡប់មកវិញ​»​។

លោក​បាន​រំពឹងថា ក្នុងអំឡុង​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ខាងមុខនេះ ភ្ញៀវទេសចរ​ផ្ទៃក្នុង​នឹងមាន​កំណើន​ដូច​ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន​កន្លងទៅ​ដែរ ព្រោះ​ផ្ទះសំណាក់ និង​សណ្ឋាគារ​នានា​ត្រូវបាន​អតិថិជន​កក់​ជា​បណ្តើរៗ​ហើយ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប លោក សោម ចិន្តា បាន​ប្រាប់ថា ខេត្ត​កែប​មាន​សម្ទុះ​នៃ​ភ្ញៀវទេសចរ​ច្រើន​ចាប់តាំងពី​ដើមឆ្នាំ​ ២០២២ មក​ដោយ​ក្នុង​ខែមីនា​នេះ ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​មាន​ច្រើន​។ លោក​បន្ថែមថា មាន​ភ្ញៀវទេសចរ​ប្រមាណ ៥ ​ម៉ឺន​នាក់​បានមក​កម្សាន្ត​នៅ​ខេត្ត​កែប​ក្នុងអំឡុង​ជិត​ ១​ ខែមីនា​នេះ​។

លោក​អះអាងថា​៖ «​ថ្វីដ្បិតតែ​យើង​បើកទូលាយ​មែន ប៉ុន្តែ​យើង​នៅតែ​ពង្រឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ ៣ ​កុំ និង​ ៣ ​ការពារ ក៏ដូចជា​ការអនុវត្ត​ស្តង់ដា SOP នៅតាម​អាជីវកម្ម​ទេសចរណ៍ ដោយ​ធ្វើយ៉ាងណា​មិន​ឱ្យមាន​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ នៅក្នុង​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត​កែប​ឡើយ​។ ចូលឆ្នាំ​ខាងមុខនេះ​នឹងមាន​ភ្ញៀវ​មក​កម្សាន្ត​កាន់តែច្រើន ព្រោះ​កន្លែង​ស្នាក់នៅ​ដូចជា សណ្ឋាគារ ផ្ទះសំណាក់ Resort ជាដើម ត្រូវបាន​គេ​កក់​ទុក​ច្រើន​ហើយ​នាពេលនេះ​»​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានឱ្យដឹង​ដែរ​ថា ថ្វី​ដ្បិត​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩«​អូមីក្រុង​» ប៉ុន្តែ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​បន្ត​ទប់ស្កាត់បាន ដែល​ធ្វើឱ្យ​សភាពការណ៍​មាន​ភាពស្ងប់ស្ងាត់​វិញ​នៅ​រយៈពេល​ចុងក្រោយ​នេះ​។

លោក វណ្ឌី បន្តថា នេះ​ជា​សញ្ញាណ​វិជ្ជមាន​មួយ​សម្រាប់​ខែមេសា​ខាងមុខ ស្រប​ពេលដែល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជិត​ចូលមក​ដល់​។ ប្រសិនបើ​ការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ បានល្អ​ក្នុងអំឡុង​ពេលនេះ នឹង​មាន​ការអនុញ្ញាត​ឱ្យ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​តាម​បណ្តា​ខេត្ត ដែល​អាច​ទាក់ទាញ​ទេសចរ​បន្ថែមទៀត​។ ជាមួយ​គ្នា​ដែរ​ភ្ញៀវទេសចរ-​អន្តរជាតិ ក៏​អាច​នឹងមាន​កំណើន​ដែរ ដោយសារ​ការបើក​ប្រទេស​ឡើងវិញ និង​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ចេញចូល​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

លោក​ថ្លែងថា​៖ «​ថ្ងៃទី​ ១ ខែមេសា នឹងមាន​ការបើកចំហ​ច្រើន​ក្នុង​តំបន់​អាស៊ាន ហើយ​ប្រទេស​មួយចំនួន​ក៏​លើក​របាំង​កូវីដ​ ១៩ ចេញ​ដែរ ដោយ​ក្នុងនោះ​ប្រទេស​វៀតណាម​បាន​បើក​ហើយ​កាលពី​ថ្ងៃទី​ ១៨​ មីនា ខណៈ​ថៃ និង​សិង្ហបុរី​នឹង​បើក​ដូចគ្នានេះដែរ​នៅ​ដើមខែ​មេសា​ខាងមុខ​»​។

ទោះជា​យ៉ាងណា​អ្នកជំនាញ​រូបនេះ​រំពឹងថា ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ាន​នឹង​បើក​ឡើងវិញ​ដូចគ្នា ដើម្បី​ជំរុញ​ចលនា​ទេសចរ​ក្នុង​តំបន់ និង​ឈាន​ដល់​ការបើក​ទូលាយ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​នៅ​អំឡុង និង​ក្រោយពេល​វិបត្តិ​កូវីដ​ ១៩៕ LA