ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​នានា​ឱ្យចូលរួម​ផ្តល់​យោលបល់​ជា​ធាតុ​ចូលក្នុង​ការតាក់តែង​ឯកសារ​យុទ្ធសាស្ត្រ​ ដើម្បី​អភិវឌ្ឍ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ (EV ) សំដៅ​ទាក់ទាញ​អ្នកវិនិយោគ​មកលើ​វិស័យនេះ​ឱ្យ​កាន់តែ​ច្រើន​។

ថ្លែង​ក្នុង​ពិធី​តាំងពិព័រណ៍​យានយន្ត​អគ្គិសនី និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​យានយន្ត​អគ្គិសនី កាលពី​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ​ ២០២២ នៅ​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ដើម្បី​ទាក់ទាញ​អ្នកវិនិយោគទុន​មក​បណ្តាក់ទុន​លើ EV លុះត្រាតែ​កម្ពុជា​មាន​រថយន្ត​ច្រើន ដោយសារ​អ្នកទិញ​រថយន្ត​នឹងមិន​ចង់​ទិញ​រថយន្ត​ទេ​បើ​គ្មាន​កន្លែង​បញ្ចូល​ថាមពល​អគ្គិសនី​ទៅ​យានយន្ត​របស់គាត់ នេះ​គឺជា​បញ្ហា​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​យើង​ចង់​ឆ្លៀតឱកាស​នេះ​ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ​យើង​អំពី​ការប្រើប្រាស់​យានយន្ត​អគ្គិសនី និង​ចង់​ផ្សព្វផ្សាយ​ដល់​អ្នកវិនិយោគ​ឱ្យ​បណ្តាក់ទុន​សាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ដើម្បី​បញ្ចូល​ថាមពល​អគ្គិសនី​ទូទាំង​ប្រទេស លុះត្រាតែ​យើង​មាន​ស្ថានីយ​បញ្ចូល​អគ្គិសនី​នៅ​ទូទាំងប្រទេស​ទើប​យើង​អាច​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ទិញ​រថយន្ត​ប្រើប្រាស់​ភ្លើង​នេះ​»​។

លោក​បន្ថែមថា​៖ «​ដើម្បី​សម្រេច​គោលដៅ​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ក្រសួង-​សា្ថប័ន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​រៀបចំ និង​អនុវត្ត​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​វិធានការ​នានា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ជំរុញ​ការគាំទ្រ និង​ការលើក​ទឹកចិត្ត​ដល់​ការអភិវឌ្ឍ និង​ការប្រើប្រាស់​យានយន្ត​អគ្គិសនី ដោយ​ផ្តោតលើ​យុទ្ធសាស្ត្រ​ទាក់ទាញ​ឱ្យមាន​កំណើន​នៃ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី កំណើន​នៃ​ការបង្កើត​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត អគ្គិសនី និង​ការគ្រប់គ្រង ការកែច្នៃ និង​ការបោះបង់​សំណល់​អាគុយ​ប្រកប​ដោយ​សុវត្ថិភាព​»​។

លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ចំនួន​យានយន្ត​អគ្គិសនី​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​តែ ២ ​គ្រឿង​ប៉ុណ្ណោះ នៅក្នុង​ឆ្នាំ ​២០២០ និង​ចំនួន ៦២ ​គ្រឿង​នៅ​ឆ្នាំ​ ២០២១ ហើយ​នៅក្នុង​រយៈពេល​តែ ៣ ​ខែ​ប៉ុណ្ណោះ ពោលគឺ​ចាប់ពី​ខែមករា​-​ខែមីនា ឆ្នាំ​ ២០២២ ​នេះ​ការចុះបញ្ជី​យានយន្ត​អគ្គិសនី​មាន​រហូតដល់ ៤៧ ​គ្រឿង បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ក្នុង​រយៈពេល​ដូចគ្នា (​ចំនួន​ ៧ គ្រឿង​ប៉ុណ្ណោះ​) មានការ​កើនឡើង ៦៧១​ ភាគរយ ដែល​នេះ​គឺជា​កំណើន​នៃ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​មួយ​គួរឱ្យ​កត់សម្គាល់​។

បើ​យោងតាម​លោក ស៊ុន ចាន់ថុល បច្ចុប្បន្ន UNDP បានសម្រេច​ផ្តល់​ឱ្យ​កម្ពុជា​កន្លែង​បញ្ចូល​អគ្គិសនី ៤ ​គ្រឿង គឺ​ ១ ដាក់​នៅ​ក្រសួង ១ ដាក់​នៅ​ខេត្ត​បាត់ដំបង សៀមរាប និង​ព្រះសីហនុ​។ លើសពីនេះទៅទៀត​ក្រសួង​ក៏បាន​ជួប​អ្នកវិនិយោគ​មួយ​ដែល​ត្រៀម​នឹង​វិនិយោគ​លើ​ស្ថានីយ​បញ្ចូល​អគ្គិសនី ១០ ​កន្លែង​នៅ​ទូទាំង​ប្រទេស ជាមួយ​គ្នា​នេះដែរ ក្រុមហ៊ុន Tela ក៏​កំពុង​ពិចារណា​ដើម្បី​ពិភាក្សា​រក​យុទ្ធសាស្ត្រ និង​នីតិវិធី​ដើម្បី​ដំឡើង​ស្ថានីយ​បញ្ចូល​អគ្គិសនី​ផងដែរ ស្របពេល​ក្រុមហ៊ុន PTT បាន​ឯកភាព​នឹង​ដំឡើង​ស្ថានីយ​នេះ ២​ គ្រឿង​នៅ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នៅមុន​ដាច់​ឆ្នាំនេះ​។ ដោយឡែក​នៅ​ថ្ងៃទី​ ២៦ ខែមេសា ក្រុមហ៊ុន Caltex នឹង​បើក​ស្ថានីយ​របស់ខ្លួន ដោយ​ក្នុងនោះ​ក៏មាន​ស្ថានីយ​បញ្ចូល​អគ្គិសនី​ផងដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា​មាន​ផែនការ​រៀបចំ និង​អនុវត្ត​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​វិធានការ​ចាំបាច់​នានា​ ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​អត្រា ៤០ ​ភាគរយ និង​ទោចក្រយាន​យន្ត ​(​ម៉ូតូ​) ​អគ្គិសនី​ក្នុង​អត្រា ៧០ ​ភាគរយ នៅ​ឆ្នាំ​ ២០៥០ ស្របតាម​ការកំណត់​ទិសដៅ​ជាក់លាក់​ដែល​មាន​ចែង​នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាព​នៃ​ការរួមចំណែក​របស់​ជាតិ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​សំដៅ សម្រេច​បាន​អត្រា​កាបូន​សូន្យ​នៅ​ឆ្នាំ​ ២០៥០ នៅ​កម្ពុជា និង​និន្នាការ​នៃ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​របស់​ពិភពលោក តំបន់ ក៏ដូចជា​ប្រទេស​កម្ពុជា​ផងដែរ​៕ LA

វីដេអូ៖