ភ្នំពេញៈ វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា​ (AIB) បាន​ចាប់​ដៃគូ​សហការ​ជាមួយ​មជ្ឈមណ្ឌល​តេស្ត IELTS កម្ពុជា​នៃ​ស្ថាប័ន​អប់រំ IDP ក្នុង​គោលបំណង​ពង្រីក​ការទទួល​ស្គាល់​ជា​អន្តរជាតិ តាមរយៈ​ការវាស់ស្ទង់​សមត្ថភាព​ភាសាបរទេស​របស់​និស្សិត​នៅក្នុង​វិទ្យាស្ថាន និង​និស្សិត​ពី​ស្ថាប័ន​ដទៃ​។

លោក ផុន ណារិន នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា បាន​ថ្លែងថា វិទ្យាស្ថាន​ត្រូវការ​ដៃគូ​សហការ​ដែលមាន​ភាពល្បីល្បាញ​ជា​អន្តរជាតិ​ ដើម្បី​វាស់វែង​សមត្ថភាព​និស្សិត ដែល​កំពុង​សិក្សា​ជំនាញ​មួយចំនួន​ជា​ភាសា​អង់គ្លេស ដើម្បី​ផ្តល់​ឱកាស​ឱ្យ​និស្សិត​អាច​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​បាន​។

លោក​បញ្ជាក់ថា​៖ «IELTS ជា​ស្ថាប័ន ដែលមាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ និង​មាន​ដៃគូ​សហការ​ប្រមាណ​ជាង ១១ ០០០ ​ស្ថាប័ន​លើ​ពិភពលោក ហើយ​ឥឡូវនេះ ក៏មាន AIB មួយ​ដែរ​នៅក្នុង​ចំណោម​នោះ​។ យើង​ចង់​សម្រួល​ដល់​និស្សិត​របស់​យើង ដែល​ចង់​ធ្វើតេស្ត គឺ​អាច​ធ្វើ​នៅ​វិទ្យាស្ថាន ហើយ​ក្នុងករណី​សមត្ថភាព​របស់​និស្សិត​នៅមាន​កម្រិត សាលា​នឹង​អាច​ចូលរួម​ជួយ​កែតម្រូវ និង​អភិវឌ្ឍ​បន្ថែម ដើម្បី​ធ្វើឱ្យ​និស្សិត​យើង​មាន​សមត្ថភាព​ពិតប្រាកដ​លើ​ជំនាញ​ភាសា​អង់គ្លេស​»​។

លោក ថាប់ ចាន់ថន ប្រធាន​ដេប៉ាតឺម៉ង់​ភាសាបរទេស​នៃ​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា បាន​ឱ្យដឹង​ដែរ​ថា មជ្ឈមណ្ឌល​តេស្ត IELTS កម្ពុជា​នៃ​ស្ថាប័ន​អប់រំ IDP គឺជា​ស្ថាប័ន​អន្តរជាតិ ដែលមាន​ភាពល្បីល្បាញ​ក្នុងការ​វាស់វែង​សមត្ថភាព​ភាសាបរទេស សម្រាប់​អ្នក​ចង់បាន​អាហារូបករណ៍​ទៅ​សិក្សា ឬ​ធ្វើការ​ក្រៅប្រទេស​។ ទស្សន​វិស័យ​របស់ AIB គឺ​ទាមទារ​ឱ្យ​និស្សិត​មាន​សមត្ថភាព​ប្រកួតប្រជែង​មិន​ត្រឹមតែ​ក្នុងប្រទេស​ទេ តែ​ជា​លក្ខណៈ​អន្តរជាតិ​។

លោក​ប្រាប់ថា​៖ «IELTS នេះ គឺជា​តេស្ត​មួយ ដែល​យើង​អាច​ធានាថា នៅពេល​ដែល​និស្សិត​របស់​យើង​បញ្ចប់​ការសិក្សា​ទៅ មិន​ត្រឹម​មាន​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ឬ​ធនាគារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​មាន​ជំនាញ​ភាសាបរទេស ជាពិសេស​គឺ​អង់គ្លេស ដើម្បី​ប្រកួត​ជាមួយ​គេ​បាន​»​។

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ និង​គ្រប់គ្រង​ការអភិវឌ្ឍ​អាជីវកម្ម​នៃ​មជ្ឈមណ្ឌល IELTS លោក Neil Wilford និយាយថា AIB ជា​ស្ថាប័ន​ទី ១៥ ដែល IELTS បាន​សហការ​ជាមួយ​ក្នុងការ​ផ្តល់​សេវា​តេស្ត​កម្រិត​ភាសាបរទេស នៅក្នុង​រយៈពេល​ជាង​ ៣០ ​ឆ្នាំ ដែល​មជ្ឈមណ្ឌល​តេស្ត IELTS មាន​វត្តមាន​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «IELTS ជា​ប្រភេទ​តេស្ត​ដែល​មាន​ស្តង់ដា​ខ្ពស់ ដែល​មិនមែន​គ្រប់​ស្ថាប័ន​អប់រំ​នៅ​កម្ពុជា​អាច​សហការ​ជាមួយ​បានទេ​។ AIB ជា​ស្ថាប័ន​អប់រំ​ដែលមាន​លក្ខខណ្ឌ​ស្តង់ដា​ខ្ពស់​តាម​អ្វី​យើង​ចង់បាន ព្រោះ​យើង​ចង់ឱ្យ​បេក្ខជន​ដែល​បាន​ឆ្លងកាត់​តេស្ត​នេះ​ជា​ធនធាន​មនុស្ស​មាន​សមត្ថភាព​ពិតប្រាកដ​ក្នុងការ​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​»៕ LA