
អ្នកដំណើរដើរឡើងយន្តហោះក្នុងបរិវេណនៃព្រលានយន្តហោះខេត្តសៀមរាប។ រូបថត ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីសៀមរាប-អង្គរ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ទើបតែសម្រេចបានប្រមាណជាង ២២ ភាគរយប៉ុណ្ណោះ ខណៈការយឺតយ៉ាវនេះត្រូវបានលើកឡើងថាបណ្តាលមកពីវិបត្តិការរីករាលដាលជំងឺកូវីដ ១៩។ ទោះយ៉ាងណាក្រុមហ៊ុនអភិវឌ្ឍន៍បានសន្យាថានឹងជំរុញល្បឿននៃការសាងសង់ឱ្យចប់តាមផែនការដែលបានគ្រោងទុក។ នេះបើយោងតាមអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ ខែមីនាថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបមានភាពយឺតយ៉ាវបន្តិចបន្តួច ដោយសារទទួលរងផលប៉ះពាល់ពីវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩។ ទោះយ៉ាងណា នៅពេលនេះសកម្មភាពនៃការសាងសង់កំពុងប្រព្រឹត្តទៅដោយរលូន ដោយក្រុមហ៊ុនបានបន្ថែមធនធាន និងពេលវេលាក្នុងការសាងសង់ ដើម្បីឱ្យចប់ទៅតាមកម្មវិធី និងផែនការក្នុងការបើកឱ្យដំណើរការនៅឆ្នាំ ២០២៣។
លោកបានថ្លែងថា៖ «ពីមុនការគណនាភាគរយនៃវឌ្ឍនភាពវាខុសៗគ្នា។ ឥឡូវក្រុមហ៊ុនបានពិនិត្យឡើងវិញហើយ។ បើគិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ គឺការសាងសង់សម្រេចបានជាង ២២ ភាគរយ ខណៈកាលពីមុនយើងគិតថាបាន ៤០ ភាគរយ»។ លោកបញ្ជាក់ថា៖ «យើងត្រូវតែទទួលស្គាល់ពីភាពយឺតយ៉ាវនេះ ដែលវាបណ្តាលមកពីផលប៉ះពាល់ទៅលើចង្វាក់ផ្គត់ផ្គង់ និងចង្វាក់ភ័ស្តុភារកម្ម គឺទី ១ សម្ភារភាគច្រើនត្រូវបានដឹកមកពីក្រៅប្រទេស និងទី ២ រយៈពេលនៃការដឹកជញ្ជូនពីមុនប្រើពេល ២ សប្តាហ៍ ប៉ុន្តែនៅក្នុងអំឡុងពេលកូវីដ ១៩ ប្រើពេលពី ៣ ទៅ ៤ ខែ។
បើតាមលោក ចាន់សេរីវុត្ថា អាកាសយានដ្ឋានថ្មីនេះគឺជាគម្រោងកម្រិតយុទ្ធសាស្ត្ររវាងប្រទេសចិន និងកម្ពុជា ដែលនឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជំនួសអាកាសយានដ្ឋានចាស់ដែលមិនអាចទទួលយន្តហោះធំៗ និងមកពីតំបន់ឆ្ងាយៗ។ មួយវិញទៀត វានឹងធ្វើឱ្យតំបន់នៅជុំវិញអាកាសយានដ្ឋាននេះ មានការរីកចម្រើនផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង ក្នុងថ្ងៃទី ២៨ ខែមីនា បានថ្លែងថា លោកនឹងទៅពិនិត្យមើលការដ្ឋានសាងសង់គម្រោងអាកាសយានដ្ឋាន-អន្តរជាតិសៀមរាប-អង្គរ នេះ នៅថ្ងៃទី ៣ ខែមេសា ខាងមុខ ដើម្បីគាំទ្រ និងជំរុញដំណើរការគម្រោងនេះឱ្យបានចប់ទៅតាមផែនការ។
លោក LU WEI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប-អង្គរ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ បានឱ្យដឹងថា ឆ្នាំ ២០២២ គឺជាឆ្នាំសាងសង់ដ៏មមាញឹក និងជាឆ្នាំចាប់ផ្តើមការត្រៀមដាក់ឱ្យដំណើរការប្រតិបត្តិរបស់គម្រោង ហើយក្រុមហ៊ុននឹងជម្នះរាល់ឧបសគ្គដើម្បីធ្វើឱ្យគោលដៅសាងសង់ព្រលានយន្ដហោះអន្តរជាតិសៀមរាប-អង្គរ អាចដាក់ឱ្យដំណើរការបានក្នុងឆ្នាំ ២០២៣ ខាងមុខ។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវរត់ប្រវែង ៣ ៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន ៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ ម៉ឺនម៉ែត្រការ៉េដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំបានប្រមាណ ៧ លាននាក់ និងស្ថិតក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT ៥៥ ឆ្នាំ។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០ លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា នៅក្នុងឃុំពពេល ស្រុកសូទ្រនិគម ជាយក្រុងសៀមរាប កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០៕ LA
វីដេអូ៖