ភ្នំពេញៈ វិស័យ​សំខាន់ៗ​ចំនួន ៤ ​ត្រូវបាន​ថ្នាក់ដឹកនាំ និង​វិនិយោគិន​មកពី​រដ្ឋ​ម៉ាឡាកា​ (​ម៉ាឡេស៊ី​)​ បង្ហាញ​ការចាប់អារម្មណ៍ ព្រមទាំង​បាន​សន្យា​នឹង​ជួយ​យកទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​វិនិយោគិន​របស់ខ្លួន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។

គំនិត​នេះ​ត្រូវបាន​លើកឡើង​ដោយ លោក Haji Mohd Ali Bin Mohd Rustam អភិបាលរដ្ឋ​ម៉ាឡាកា ក្នុងអំឡុងពេល​ជួបពិភាក្សា​ជាមួយ​លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​ ២៤ ខែមីនា ឆ្នាំ​ ២០២២​។ ក្នុងជំនួប​ខាងលើ​ក៏មាន​ការចូលរួម​ពី​លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។

លោក Haji Mohd Ali Bin Mohd Rustam បាន​លើកឡើងថា ប្រទេស​កម្ពុជា​កំពុងមាន​ការរីកចម្រើន​គ្រប់​វិស័យ ហើយ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ក៏មាន​ភាព​ទាក់ទាញ​សម្រាប់​ការ​ចូលមក​បណ្តាក់ទុន​ផងដែរ​។ ក្នុងនាម​ថ្នាក់ដឹកនាំ​រដ្ឋ​ម៉ាឡាកា លោក​នឹង​នាំយក​ព័ត៌មាន​ស្តីពី​សក្តានុពល​ការវិនិយោគ​នៅ​កម្ពុជា​ទៅប្រាប់​ដល់​វិនិយោគិន​ម៉ាឡេស៊ី​ក្នុង​រដ្ឋ​ម៉ាឡាកា​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​។ លោក​បន្តថា សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោក និង​ក្រុម​គណៈប្រតិភូ​បាន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការ​បណ្តាក់ទុន​លើ​វិស័យ​មួយចំនួន ដូចជា អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, អចលនទ្រព្យ​, រ៉ែ និង​ថាមពល ជាដើម​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ពាំ​នាំយក​នូវ​ព័ត៌មាន​ស្តីពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា និង​ការអភិវឌ្ឍ​រីកចម្រើន​ទាំងឡាយ​ដែល​បានឃើញ និង​ស្វែងយល់​ដោយផ្ទាល់​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ទៅប្រាប់​មិត្តភក្តិ និង​វិនិយោគិន​ម៉ាឡេស៊ី​នៅ​រដ្ឋ​ម៉ាឡាកា ដើម្បី​បាន​ជ្រាប​រួចមក​សិក្សា និង​ពិនិត្យ​លទ្ធភាព​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន និង​ដើម្បី​បន្ត​រឹតចំណង​មិត្តភាព និង​ទំនាក់ទំនង​នៃ​ប្រជាជាតិ​ទាំង ​២»​។

ជាការ​ឆ្លើយតប លោក នុត អ៊ុនវ័ណរ៉ា ក៏បាន​លើក​បង្ហាញ​ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​ដែល​កម្ពុជា​មាន និង​ការវិវត្ត​ថ្មីៗ​នៃ​កិច្ចការទាក់ទង​នឹង​ការវិនិយោគ ពិសេស​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១ ដោយ​ច្បាប់​ថ្មី​នេះ​បានកំណត់​នូវ​វិស័យ និង​សកម្មភាព​វិនិយោគ​អាទិភាព​, ការផ្តល់​ការលើក​ទឹកចិត្ត និង​ការការពារ​វិនិយោគ​ជា​ដើម ហើយ​ច្បាប់​នេះ​មាន​ភាពល្អប្រសើរ និង​ទាក់ទាញ​ជាង​មុន​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​មានចិត្ត​សោមនស្ស និង​ត្រៀម​រួចជាស្រេច​ក្នុង​ការសហការ​ជាមួយ​ឯកអគ្គរដ្ឋទូត និង​មន្ត្រី​នៃ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ក្នុងការ​ផ្តល់ព័ត៌មាន​វិនិយោគ និង​ការសម្របសម្រួល​រាល់​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​វិនិយោគ​ម៉ាឡេស៊ី​ដទៃទៀត​នាពេលខាងមុខ​»​។

យោងតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ​ ២០២១ ការនាំ​ចេញពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី សម្រេច​បាន​ជាង ១០១ លាន​ដុល្លារ​កើនឡើង ២,៦២ ភាគរយ និង​ការនាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មក​កម្ពុជា​មានតម្លៃ​ជាង ៣៩៩ លាន​ដុល្លារ កើន ១៦,១៦ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ប្រទេស​ម៉ាឡេស៊ី​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​ទាំង​ផ្នែក​ការទូត ពាណិជ្ជកម្ម និង​ការវិនិយោគ ហើយ​បន្ថែម​លើ​នេះ​ក៏មាន​ពលករ​កម្ពុជា​ជាច្រើន​កំពុង​បម្រើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​។ លោក​បន្តថា ក្រៅពីនេះ​ប្រទេស​ទាំង ២ ក៏មាន​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​បង្ការ​ការ​គេចពន្ធ​ទាក់ទង​នឹង​ការយកពន្ធ​លើ​ប្រាក់ចំណូល​រវាង​ប្រទេស​ទាំង ២ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២១​។

លោក​ប្រាប់ថា​៖ «​ការបង្ហាញ​ចំណាប់​អារម្មណ៍​របស់​ភាគី​ម៉ាឡេស៊ី​ចំពោះ​ការបណ្តាក់ទុន​នៅ​កម្ពុជា គឺជា​ការផ្តល់​សង្ឃឹម​ថ្មី​មួយទៀត​សម្រាប់​ការរីកលូតលាស់​កំណើនសេដ្ឋកិច្ច​កម្ពុជា ខណៈ​កម្ពុជា​កំពុង​បន្ត​ដាក់ចេញ​ច្បាប់​វិនិយោគ និង​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​ជា​បន្តបន្ទាប់​»​។

យោងតាម CDC គិត​ត្រឹម​ដំណាច់​ខែកុម្ភៈ ឆ្នាំ​ ២០២២ CDC បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ចំនួន ១៦២ ​គម្រោង​ក្នុង​ទុនវិនិយោគ​ ៣,២ ​ពាន់​លាន​ដុល្លារ​។ ការវិនិយោគ​របស់​ម៉ាឡេស៊ី​នៅ​កម្ពុជា មានដូចជា កសិកម្ម​, វាយនភណ្ឌ​, អចលនទ្រព្យ និង​សំណង់​, ហិរញ្ញវត្ថុ​, សណ្ឋាគារ​, និង​ថាមពល ជាដើម​៕ LA