ភ្នំពេញៈ លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជំរុញ​ឱ្យ​សមាជិក​របស់​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី​ (OIF)​ ដែលជា​ស្ថាប័ន​ធំជាងគេ​មួយ​មាន​សមាជិក ៨៨ ប្រទេស ចូលមក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​កសិឧស្សាហកម្ម ថាមពល​ប្រកប​ដោយ​និរន្តរភាព និង​បច្ចេកវិទ្យា​ក្នុងប្រទេស​កម្ពុជា​។

ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​វេទិកា​សេដ្ឋកិច្ច​កម្រិត​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២២ ដែលជា​ការរៀបចំ​រួមគ្នា​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​អង្គការ​អន្តរជាតិ ហ្វ្រង់កូហ្វូនី​ (OIF)​។

លោក គិត ម៉េង បានឱ្យដឹងថា កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​រហ័ស​បំផុត​នៅក្នុង​តំបន់​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ចុងក្រោយ​នេះ​ជាមួយនឹង​អត្រាកំណើន​ជា​មធ្យម ៧​ ភាគរយ​ក្នុង​ ១​ ឆ្នាំ​។ កម្ពុជា​ទទួលបាន​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​ស្ថិតនៅលើ​ដំណើរ​ផ្លូវ​ដ៏​ត្រឹមត្រូវ​ដើម្បី​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ​ ២០៥០​។

លោក​លើកឡើងថា ទោះបី​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ក៏​កម្ពុជា​នៅតែ​ជា​ប្រទេសមួយ​ដែល​មាន​សេដ្ឋកិច្ច​ងើបឡើង​វិញ​រហ័ស​បំផុត​ក្នុង​តំបន់ ដោយសារតែ​វិធានការ​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ដែល​រដ្ឋាភិបាល​បានធ្វើ​ដើម្បី​ធ្វើឱ្យ​អាជីវកម្ម និង​សកម្មភាព​សេដ្ឋកិច្ច​រស់​ឡើងវិញ​។ បន្ថែម​លើ​នេះ​កម្ពុជា​បាន​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់បំផុត​ចំនួន ៩២ ​ភាគរយ​នៃ​ប្រជាជន​សរុប ១៦ ​លាន​នាក់​។ កម្ពុជា​ក៏​ជា​គោលដៅ​សុវត្ថិភាព​សម្រាប់​ដំណើរ​កម្សាន្ត និង​ការវិនិយោគ​។

លោក​និយាយថា​៖ «​សម្រាប់​ប្រទេស​កម្ពុជា គឺ​មិន​មាន​ការបញ្ឈប់​ការផលិត​នោះទេ​។ ការរីករាលដាល​កូវីដ​ ១៩ ត្រូវបាន​គ្រប់គ្រង​។ នៅពេលនេះ​កម្ពុជា បាន​បើកទទួល​វិនិយោគិន និង​ពាណិជ្ជករ​ទាំងអស់​ឡើងវិញ​។ មិនមាន​តម្រូវការ​សម្រាប់​ការធ្វើ​តេស្ត PCR មុនពេល​មកដល់​ប្រទេស​កម្ពុជា ឬ​ការធ្វើ​តេស្ត​រហ័ស​ពេលមកដល់​ ដើម្បី​ចូល​ប្រទេស​កម្ពុជា​ទេ​។ អ្វីដែល​ត្រូវការ​គឺ​កាត​ចាក់​វ៉ាក់សាំង​។ សេវាកម្ម​ទិដ្ឋាការ​នៅពេល​មកដល់​ក៏ត្រូវ​បាន​បើក​ដំណើរការ​ឡើងវិញ​ផងដែរ​»​។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ព្រឹត្តិការណ៍​នេះ បានឱ្យដឹងថា ក្នុង​រយៈពេល​ជាង​ ២​ ឆ្នាំ​មកនេះ ពិភពលោក​បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​។

ជាមួយ​គ្នានេះ លោក សុខុន ក៏​សម្តែង​ការស្វាគមន៍​ចំពោះ​លោកស្រី Louise Mushikiwabo អគ្គលេខាធិការ​នៃ​អង្គការ OIF មកកាន់​កម្ពុជា​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកស្រី​ក្នុងអំឡុង​ពេលដែល​លោកស្រី​ធ្វើជា​សក្ខីភាព​នៅក្នុង​វេទិកា​បេសកកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម លើកដំបូង​របស់ ហ្វ្រង់កូហ្វូនី នៅ​អាស៊ីអាគ្នេយ៍ និង​ពិធី​ចុះហត្ថលេខា​ឯកសារ​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ​ពាណិជ្ជកម្ម​វិជ្ជាជីវៈ​ និង​សេដ្ឋកិច្ច​។

ក្នុងឱកាស​នោះ លោក គិត ម៉េង ក៏បាន​ជំរុញ​ឱ្យ​ប្រតិភូ​ធុរកិច្ច​ទាំងអស់​ស្វែងយល់​ពី​សក្តានុពល​ពិតប្រាកដ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​កិច្ចពិភាក្សា​នៃ​វេទិកា​បាន​ផ្តោតទៅលើ​វិស័យ​សំខាន់ៗ​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស OIF មានដូចជា​កសិឧស្សាហកម្ម ថាមពល​និរន្តរភាព និង​បច្ចេកវិទ្យា​។

លោក​និយាយថា​៖ «​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នកស្វែងរក​ភាពជា​ដៃគូ​ក្នុង​វិស័យ​ទាំងនេះ ហើយក៏​សិក្សា​ផ្នែក​ផ្សេងទៀត​ក្រៅពី​វិស័យ​ទាំងនេះ​ផងដែរ​»​។

លោក​បន្ថែមថា​៖ «​ក្នុងនាម​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ផ្ដល់យោបល់​ធុរកិច្ច​អាស៊ាន និង​ក្រុមការងារ​របស់ខ្ញុំ​មកពី​វិស័យ​ឯកជន​មាន​ក្តី​សោមនស្ស​ក្នុង​ការផ្តល់​ការគាំទ្រ​ដល់​ពាណិជ្ជករ​បណ្ដា​ប្រទេស​ហ្វ្រង់កូហ្វូនី​ដែល​ស្វែងរក​ឱកាស​អាជីវកម្ម​ដើម្បី​រីកចម្រើន​ជាមួយគ្នា​»​។

ក្នុងឱកាស​នៃ​វេទិកា​សេដ្ឋកិច្ច​កម្រិត​ខ្ពស់​នេះ​សភាពាណិជ្ជកម្ម​កម្ពុជា ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​ ៣ រវាង​សភាពាណិជ្ជកម្ម​កម្ពុជា​ជាមួយនឹង​សភាពាណិជ្ជកម្ម​បេណាំង (Benin) សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អាហ្វ្រិក​ខាងលិច និង​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​កូតឌីវ័រ (Cote d''Ivoire)៕ LA