ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​របស់​ប្រទេស​ចិន Huawei បន្ត​រួម​សហការគ្នាជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ជួយ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ដែល​ធានា​នូវ​សុវត្ថិភាព និង​ការប្រកួតប្រជែង​កម្រិត​ពិភពលោក​។

ការលើក​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ជាមួយ លោក Lin Baifeng ប្រធាន​ក្រុមហ៊ុន Huawei ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក នៅ​វិមាន​សន្តិភាព​កាលពី​សប្តាហ៍​កន្លងមក​។

ជា​កិច្ចចាប់ផ្តើម​នៃ​ជំនួប​នោះ លោក Lin Baifeng បាន​លើកឡើងថា បន្ទាប់ពី​វត្តមាន​របស់​ក្រុមហ៊ុន Huawei នៅ​កម្ពុជា​រយៈពេល​ជាង ២៣ ​ឆ្នាំ លោក​សង្កេតឃើញថា ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​បាន​វិវឌ្ឍ​ទៅមុខ​យ៉ាង​ឆាប់រហ័ស ពិសេស​ចាប់ពី​វត្ត​មាននៃ​ជំងឺ​កូវីដ​ ១៩​។ លោក​បន្តថា ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យនេះ​ឱ្យ​កាន់តែ​រីកចម្រើន ក្រុមហ៊ុន Huawei សូម​ស្នើសុំ​ការគាំទ្រ​ពី​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​ជំរុញ​ឱ្យ​វិស័យនេះ​កាន់តែ​រីកចម្រើន​ថែមទៀត តាមរយៈ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​, ការនាំមក​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​មក​កម្ពុជា និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​បណ្ដាញ​ព័ត៌មានវិទ្យា និង​តភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​ប្រកប​ដោយ​សុវត្ថិភាព និង​អធិបតេយ្យភាព​។

លោក Lin Baifeng ក៏បានផ្តល់​ជូន​លោក ហ៊ុន សែន នូវ​គ្រឿង​បរិក្ខារ​ប្រើប្រាស់​បច្ចេកវិទ្យា មានដូចជា ក្តារ​សរសេរ​ដែល​អាច​តភ្ជាប់​ដើម្បី​ទំនាក់ទំនង​តាម​ប្រព័ន្ធ​វីដេអូ​ចំនួន​ ១០០ គ្រឿង និង​កុំព្យូទ័រ​ ៥០០ ​គ្រឿង​។

លោក ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក Lin Baifeng ដែល​កន្លងមក​បានផ្ដល់​ជូន​កម្ពុជា​នូវ​គ្រឿង​បរិក្ខារ​សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​-១៩ និង​ពេលនេះ​បានផ្តល់​ជូន​គ្រឿង​បរិក្ខារ​សម្រាប់​ការតភ្ជាប់​ការប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ផង និង​កុំព្យូទ័រ​ផង​។

បន្ថែម​លើ​នេះ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើក​ទឹកចិត្ត​ដល់​លោក Lin Baifeng ឱ្យ​បន្ត​កិច្ចសហការ​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា​ ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ផងដែរ​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​លោក Lin Baifeng ឱ្យ​បន្ត​ធ្វើការ​ជាមួយ​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​បន្តធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ទទួលបាន​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ដែល​ធានាបាន​សុវត្ថិភាព និង​អធិបតេយ្យភាព ព័ត៌មាន និង​មានការ​ប្រកួតប្រជែង​លើ​ពិភពលោក​»​។

ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា លោក ឈិន កេន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៩ ខែមីនា ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ដំណើរការ​សកម្មភាព​សង្គម-​សេដ្ឋកិច្ច ពិសេស​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូវីដ​ ១៩​។ លោក​បន្តថា ការរួមចំណែក​របស់ Huawei គឺ​ពិតជា​មាន​សារៈសំខាន់ និង​ភាពចាំបាច់​ខ្លាំង​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា ខណៈ Huawei មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ក្រុមហ៊ុន​ផលិតកម្ម​វិធី និង​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ការចូលរួម​របស់ Huawei មិន​ត្រឹមតែ​ផ្តល់ឱ្យ​កម្ពុជា​ជា​មធ្យោបាយ​ទំនាក់ទំនង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​សំខាន់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ផងដែរ​»​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន សម្រេចបាន​ទឹកប្រាក់​ជាង ១១,១ ​ពាន់​លាន​ដុល្លារ​កើនឡើង ៣៧,២៨​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ដោយ​ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន ១,៥១​ ពាន់​លាន​ដុល្លារ កើនឡើង ៣៩ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​ចិន​មក​កម្ពុជា​មាន​ទឹកប្រាក់ ៩,៦៣ ពាន់​លាន​ដុល្លារ កើនឡើង ៣៧ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០៕ LA