ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បាន​ណែ​នាំឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍ នៅតាម​គោលដៅ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំងអស់​សូម​កុំឱ្យ​ដំឡើងថ្លៃ​ហួសហេតុ​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូល​ឆាំ្ន​ប្រពៃណី​ជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ ១៣-១៤-១៥ ខែមេសា ឆ្នាំ ​២០២២ ខាងមុខ ព្រោះ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​។

នៅក្រោយ​កិច្ចប្រជុំ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ស្តីពី​ការគ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ និង​ការពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ក្នុងឱកាស​ពិធីបុណ្យ​ចូល​ឆាំ្ន​ប្រពៃណីជាតិ កាលពី​ថ្ងៃទី​ ២៩ ខែមីនា លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍​ថា នៅក្នុង​កិច្ចប្រជុំ​នេះ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ​ត្រូវ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដែនដី​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គោលដៅ​ទេសចរណ៍​នីមួយៗ​មាន​សុវត្ថិភាព ពិសេស​គោលដៅ​សេវាកម្ម និង​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវតែ​គោរព​ឱ្យបាន​វិធានការ​សុខាភិបាល វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​ (SOP)​។

លោក​បាន​បន្ថែមថា ក្រៅពីនេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឱ្យ​គ្រប់​មន្ទីរ​រាជធានី​-​ខេត្ត ចុះ​ណែនាំ​ដល់​មូលដ្ឋាន​ទេសចរណ៍​កុំឱ្យ​មានការ​ដំឡើងថ្លៃ​ហួសហេតុ​សម្រាប់​មូលដ្ឋាន​សេវាកម្ម និង​អាជីវកម្ម​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ ព្រោះ​កន្លងមក​បញ្ហា​ទាំងនេះ​បាន​កើតឡើង​ដោយ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍​មួយចំនួន​បាន​ដំឡើងថ្លៃ​នៅក្នុង​ឱកាស​បុណ្យទាន​ម្តងៗ ដែល​នេះ​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា ការដំឡើងថ្លៃ​នេះ​វា​មិនកើត​នៅ​គ្រប់​ទីតាំង និង​គោលដៅ​មូលដ្ឋាន​អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍​ទេ ប៉ុន្តែ​ថែមទាំង​មាន​កន្លែង​ខ្លះ​បាន​បញ្ចុះតម្លៃ​វិញ ដូចជា​នៅ​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​ជាដើម​ក្នុង​គោលដៅ​ ដើម្បី​ទាក់ទាញ​ចរន្ត​ភ្ញៀវទេសចរ​ឱ្យទៅ​លេង​កម្សាន្ត​ឱ្យបាន​ច្រើន​ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាងមុខនេះ​។

លោក​និយាយថា​៖ «​ជាទូទៅ​ពាក់ព័ន្ធ​នឹង​តម្លៃ យើង​តែងតែ​ចុះទៅ​ណែនាំ​ឱ្យ​គាត់​មានការបិទ​តម្លៃ​ឱ្យបាន​ច្បាស់​ទាំង​ការស្នាក់នៅ និង​ហូបចុក​។ បើ​នៅ​ភោជនីយដ្ឋាន​គឺ​ត្រូវមាន​បញ្ជី​រាយ​មុខម្ហូប​ដែល​មុខម្ហូប​ណា​តម្លៃ​ប៉ុន្មាន​ឱ្យ​ភ្ញៀវ​បានដឹង និង​តម្លៃ​ស្នាក់នៅ​ក៏ត្រូវ​បញ្ជាក់​ឱ្យបាន​ច្បាស់​ដែរ​ថា បន្ទប់​គ្រែ​ ១ តម្លៃ​ប៉ុន្មាន បន្ទប់​គ្រែ​ ២ ​តម្លៃ​ប៉ុន្មាន និង​ត្រូវមាន​ការព្រមព្រៀង​រវាង​អតិថិជន និង​ម្ចាស់​អាជីវកម្ម​»​។

សារាចរ​ណែនាំ​លេខ ០០៣ សណន ដែល​ចុះហត្ថលេខា ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី​ ២៨ ខែមីនា ឱ្យដឹងថា ដើម្បី​ធានា​សុវត្ថិភាព សុខភាព​សាធារណៈ វិបុលភាព និង​ភាព​ពេញចិត្ត​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ថ្ងៃទី​ ១៤-១៥-១៦ ខែមេសា ឆ្នាំ ​២០២២ ក្រសួង​ទេសចរណ៍​បានធ្វើ​ការណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មន្ទីរជំនាញ និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​សង្ក្រាន្ត​ចូលឆ្នាំ ឬ​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេងៗ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ទៅតាម​លទ្ធភាព​ជាក់ស្តែង​។

បើតាម​លោក ថោង ខុន មន្ទីរទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​ជំរុញ​ការអនុវត្ត​ឱ្យបាន​យ៉ាងខ្ជាប់​ខ្លួន និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​ដែល​បានដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ពិសេស​វិធានការ «៣ ការពារ និង ៣ កុំ​» ឱ្យបាន​ខ្ជាប់ខ្លួន ព្រមជាមួយ​ការពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​ (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម និង​ធានា​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

ជាមួយ​នេះ មន្ទីរ​ទេសចរណ៍​រាជធានី-​ខេត្ត ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ឱ្យបាន​ល្អប្រសើរ​នៅតាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា ពិសេស​ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក​ (Carrying Capacity) អតិបរមា​ដែល​អាច​ទទួលភ្ញៀវ​បាន​ក្នុងពេល​តែមួយ អនុលោម​តាម​ស្តង់ដា​គម្លាត​សុវត្ថិភាព និង​មិនត្រូវ​ទទួលភ្ញៀវ​លើសពី​ចំណុះ​នេះ​ជាដាច់ខាត​។ ត្រូវ​ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម និង​គោលដៅ​ទេសចរណ៍​នានា​រៀបចំ​ឱ្យមាន​កម្មវិធី​លើកទឹកចិត្ត​ចំពោះ​ភ្ញៀវ​ដែល​បាន​ចាក់​វ៉ាក់សាំង ខណៈ​ដែល​បុគ្គលិក​បម្រើការ​ទាំងអស់​ត្រូវ​ទទួលបាន​ការចាក់​វ៉ាក់សាំង​តាម​ការកំណត់​របស់​ក្រសួង​។

លោក​លើកឡើង​ថា​៖ «​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ត្រូវ​រៀបចំ​ឱ្យមាន​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​ខ្លឹមសារ​សារាចរ​ណែនាំ​នេះ​ឱ្យបាន​ទូលំទូលាយ និង​គ្រប់​រូបភាព​ទៅដល់​ប្រតិបត្តិករ​ទេសចរណ៍ និង​ត្រូវធ្វើ​របាយការណ៍​បូកសរុប​ស្ថិតិ ភ្ញៀវទេសចរ​នៅតាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា និង​ផ្ញើមក​ក្រសួង​ទេសចរណ៍​ឱ្យបាន​ទាន់​ពេលវេលា​ជាប្រចាំ​ថ្ងៃ​»​។

លោម តាំង សុ​ចិត្ត​គ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា អាជ្ញាធរ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​មិនមែន​ធ្វើ​ត្រឹម​ប៉ុណ្ណឹង​នោះទេ ដោយ​បច្ចុប្បន្ន​អាជ្ញាធរ​ក៏ដូចជា​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​អនុវត្ត និង​ធ្វើ​ការងារ​ជាច្រើន​ក្នុង​វិធាន​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​សុវត្ថិភាព និង​គុណភាព​ជាដើម​។

លោក​បាន​បន្តថា អាជ្ញាធរ និង​មន្ទីរ​បាន​សហការគ្នា​ធ្វើ​មិនមែន​គ្រាន់តែ​សម្រាប់​ចូលឆ្នាំ​ខ្មែរ​ប៉ុណ្ណេះ​ទេ គឺ​បាន​អនុវត្ត និង​ធ្វើជា​ប្រចាំ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​មូលដ្ឋាន​សេវាកម្ម និង​អាជីវកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ទទួលបាន ឡាប៊ែល​សុវត្ថិភាព​យ៉ាងហោច ៧៥ ​ភាគរយ​។ ក្រៅពីនេះ​អាជ្ញាធរ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​បានធ្វើការ​ត្រួតពិនិត្យ​ចំនួន​អាជីវកម្ម​ទេសចរណ៍​នៅតាម​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹងគុណភាព​សេវាកម្ម និង​តម្លៃ​ជាដើម​។

លោក​ប្រាប់ថា​៖ «​យើង​បាន​ចុះ​ត្រួតពិនិត្យ​ហើយ ឥឡូវនេះ​យើង​ក៏បាន​ចែក​លិខិត​ ០០៣ នេះ ទៅដល់​មូលដ្ឋាន​អាជីវកម្ម និង​អប់រំ​ណែនាំ​ពួកគាត់​គឺ​នៅ​រាល់​បុណ្យទាន​តម្លៃ​ត្រូវ​ដាក់ឱ្យ​ភ្ញៀវ​មើល បើសិន​គាត់​មិន​ដាក់ ហើយ​ភ្ញៀវ​រអ៊ូ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​រូបគាត់​ផងដែរ​។ មួយទៀត បើ​គាត់​ដាក់​តម្លៃ​ខ្ពស់​ចង់បាន​លុយ​តែមួយ​ពេល​ក៏​ជា​បញ្ហា​សម្រាប់​គាត់​ដែរ​»៕ LA

វីដេអូ៖