ទីក្រុងវ៉ាស៊ីនតោនៈ ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បើកភ្លើង​ខៀវ​លើ​សំណើ​ច្បាប់​រាប់ពាន់​លាន​ដុល្លារ ក្នុង​គោលបំណង​ចាប់ផ្តើម​ការស្រាវជ្រាវ និង​ការផលិត​បច្ចេកវិទ្យា​ខ្ពស់​ប្រឆាំង​នឹង​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ប្រទេស​ចិន និង​បន្ធូរបន្ថយ​កង្វះខាត​បន្ទះ​ឈីប​កុំព្យូទ័រ​ជា​សកល​។

ច្បាប់​នេះ​គឺជា​កំណែ​ថ្មី​របស់​សភា​ជាន់ខ្ពស់​នៃ​ច្បាប់​ប្រកួតប្រជែង​របស់​សភា​អាមេរិក​ដែល​បានអនុម័ត​កាលពី​ខែកុម្ភៈ​។ តំណាងរាស្ដ្រ​ជាច្រើន​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​ការចរចា​រវាង​ភាគី​ទាំង​ ២​ នៅក្នុង​សភា និង​ព្រឹទ្ធសភា ដើម្បី​រួមបញ្ចូល​អត្ថបទ​ផ្សេងគ្នា​នេះ​។

លោក Chuck Schumer មេដឹកនាំ​ភាគច្រើន​នៃ​ព្រឹទ្ធសភា​បាន​ឱ្យដឹងថា ច្បាប់​ដែល​ជាប់គាំង​ជាយូរ​មកហើយ​នេះ​នឹង​ក្លាយជា «​សមិទ្ធផល​ដ៏សំខាន់​បំផុត​មួយ​នៃ​សមាជ​លើក​ទី ១១៧»​។

លោក​បាន​ប្រាប់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ថា​៖ «​សំណើ​ច្បាប់​នេះ សម្រាប់​លក្ខខណ្ឌ​ទាំងអស់​របស់​វា គឺ​ពិតជា​ចែង​អំពី​បញ្ហា​ដ៏សំខាន់​ ២៖ ការបង្កើត​ការងារ​នៅ​អាមេរិក​បន្ថែម និង​ការកាត់បន្ថយ​ការចំណាយ​សម្រាប់​គ្រួសារ​អាមេរិក​»​។

លោក​បន្តថា​៖ «​សំណើ​ច្បាប់​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ទាប តាមរយៈ​ការធ្វើ​វា​ឱ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការផលិត​បច្ចេកវិទ្យា​សំខាន់ៗ​នៅទីនេះ នៅក្នុង​ប្រទេស​អាមេរិក ដូចជា​ឧបករណ៍​ពាក់កណ្ដាល​ចម្លង​ជាដើម​។ វា​នឹង​បង្កើត​ការងារ​កាន់តែច្រើន​ដោយ​នាំយក​ការផលិត​ពី​ក្រៅប្រទេស​វិញ​»​។

លោក Schumer លោក Mitch McConnell ជា​មេដឹកនាំ​មតិ​ភាគតិច​នៅ​ព្រឹទ្ធសភា​កំពុង​ពិភាក្សា​អំពី​ការធ្វើឱ្យ​ស្របគ្នា សម្រាប់​ការចាប់ផ្តើម​ការចរចា​ជា​ផ្លូវការ​លើ​ច្បាប់​នេះ នៅ​ដើមខែ​មេសា និង​ការបោះឆ្នោត​នៅ​សភា​ជាន់​ទាប​នៅ​ខែឧសភា ឬ​ខែមិថុនា​។

កំណែ​ថ្មី​របស់​សភា និង​ព្រឹទ្ធសភា​ទាំង​ ២​ ផ្តល់​សម្រាប់​គោលបំណង​របស់​លោក​ប្រធានាធិបតី ចូ បៃដិន នៃ​ការវិនិយោគ​ជា​ទឹកប្រាក់ ៥២ ​ពាន់​លាន​ដុល្លារ​លើ​ការស្រាវជ្រាវ និង​ផលិតកម្ម​ក្នុងស្រុក ដែល​បង្ហាញ​ជោគជ័យ​មួយ ដែល​លោក​អាច​ប្រកាស​មុនពេល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ខែវិច្ឆិកា​។

កំណែ​ថ្មី​របស់​សភា​ជាន់​ទាប​ដែលមាន ២៩០០ ​ទំព័រ​បាន​ឆ្លងកាត់​ភាគច្រើន​ស្របតាម​គណបក្ស​សាធារណរដ្ឋ​ដែល​បញ្ជាក់ថា​វា​មិន​រឹងមាំ​គ្រប់គ្រាន់​សម្រាប់​ប្រទេស​ចិន​នោះទេ ហើយ​ថា វា​ត្រូវបាន​ផ្តោត​ខ្លាំងពេក​លើ​បញ្ហា​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ដូចជា​ការប្រែប្រួល​អាកាសធាតុ និង​វិសមភាព​សង្គម​។

នោះ​មានន័យថា វា​ត្រូវ​បានកំណត់​សម្រាប់​គណៈកម្មាធិការ​សន្និសីទ ដែល​សមាជិក​ព្រឹទ្ធសភា​មកពី​សាធារណរដ្ឋ​នឹងមាន​អំណាច​ទាំងអស់​នោះទេ ដោយសារតែ​សមាជិក​ ១០ ​រូប​ក្នុងចំណោម​ពួកគេ​នឹង​ត្រូវការ ដើម្បី​ទទួលបាន​អត្ថបទ​ចុងក្រោយ​ត្រឡប់មកវិញ​តាមរយៈ​សភា​ជាន់ខ្ពស់​។

លោក Schumer បាន​បញ្ជាក់ថា ទោះជា​យ៉ាងណា​ច្បាប់​នេះ​នឹង​ផ្តល់​អំណាច​ដល់​នវានុវត្តន៍​របស់​អាមេរិក​។

លោក​បាន​ថ្លែង​នៅ​ព្រឹទ្ធសភា​ថា​៖ «​ប្រទេស​ណាក៏ដោយ ដែល​គ្រប់គ្រង​បច្ចេកវិទ្យា​នៅ​ថ្ងៃស្អែក​មុនគេ​នឹងធ្វើ​ឱ្យ​ពិភពលោក​មានមុខមាត់​ឡើងវិញ​»​។

លោក​បន្តថា​៖ «​អាមេរិក​មិនអាច​មានលទ្ធភាព​ឈរ​នៅ​លំដាប់​ទី ២ ​បាន​នោះទេ នៅពេល​និយាយ​អំពី​បច្ចេកវិទ្យា​ដូចជា ប្រព័ន្ធ​ 5G បច្ចេកវិទ្យា​វៃឆ្លាត​សិប្បនិម្មិត​ (AI) បច្ចេកវិទ្យា​ដែល​រីកចម្រើន​រហ័ស ឧបករណ៍​ពាក់កណ្ដាល​ចម្លង​បច្ចេកវិទ្យា​បង្កើត​ហ្ស៊ែន (bioengineering) ​និង​អ្វីៗ​ជាច្រើន​​ទៀត​»៕ LA