ទីក្រុងញូវយ៉កៈ តម្លៃ​ប្រេង​ពិភពលោក​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​ក្តីបារម្ភ​អំពី​តម្រូវការ​ថាមពល​ថយ​ចុះ​របស់​ប្រទេស​ចិន ចំពេល​មានការ​កើនឡើង​ចុងក្រោយ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ខណៈ​ភាគហ៊ុន Wall Street បាន​កើនឡើង ព្រោះតែ​ក្តី​សង្ឃឹមលើ​កិច្ចចរចា​សន្តិភាព​អ៊ុយក្រែន​។

ប្រេងឆៅ​ម៉ាក West Texas Intermediate របស់​អាមេរិក និង​ប្រេង​ឆៅ London Brent របស់​អឺរ៉ុប​ទាំង​ ២ ​បាន​ធ្លាក់ចុះ​តម្លៃ​ជាង​ ៦ ​ភាគរយ​។

មនុស្ស​រាប់លាន​នាក់​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​ត្រូវបាន​បង្ខាំង​នៅក្នុង​ផ្ទះ​របស់​ពួកគេ ខណៈដែល​ពាក់កណ្តាល​ភាគ​ខាងកើត​នៃ​ទីក្រុង​សៀងហៃ​ត្រូវបាន​ដាក់​ជា​តំបន់​បិទ​ខ្ទប់​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ដ៏ធំ​បំផុត​របស់​ប្រទេស​។

អាជ្ញាធរ​កំពុង​ដាក់​ការឱ្យ​អនុវត្ត​វិធានការ​បិទខ្ទប់​ ២ ​ដំណាក់កាល​នៃ​ទីក្រុង​ដែលមាន​ប្រជាជន​ប្រហែល ២៥ ​លាន​នាក់​ដើម្បី​អនុវត្ត​ការធ្វើ​តេស្ត​ដ៏ធំ​មួយ​។

លោក Robbie Fraser អ្នកវិភាគ​នៅ​ក្រុមហ៊ុន Schneider Electric បាន​ហៅ​ការប៉ះពាល់​ដល់​តម្រូវការ​របស់​ចិន​ថា​ជា​ហានិភ័យ​ «​ដ៏សំខាន់​» សម្រាប់​ទីផ្សារ​ប្រេង ដែល​កំពុងតែ​ប្រឈម​នឹង​តម្លៃ​ប្រេង​ឆៅ​ខ្ពស់​។

ការធ្លាក់ចុះ​វិញ​នៃ​តម្លៃ​ប្រេង​បាន​គាំទ្រ​យ៉ាង​ទូលំទូលាយ​ដល់​ទីផ្សារ​ភាគហ៊ុន​ពិភពលោក​ដែល​បានឃើញ​រលក​នៃ​ការលក់​នៅ​ឆ្នាំនេះ​ដោយសារ​ក្តីបារម្ភ​អំពី​អតិផរណា​។

ផ្សារហ៊ុន Wall Street រីករាយ​នឹង​ផ្នែក​ជួញដូរ​ដ៏រឹងមាំ​មួយ​ផ្សេងទៀត ដោយ​សន្ទស្សន៍​ភាគហ៊ុន Nasdaq ដែល​សម្បូរ​ទៅដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បាន​បន្ថែម ១,៣​ ភាគរយ​។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​និយាយថា អ្នកចរចា​របស់​ទីក្រុង​កៀវ (Kyiv) កំពុង​សិក្សាការ​ទាមទារ​របស់​រុស្ស៊ី​សម្រាប់​អព្យាក្រឹតភាព​អ៊ុយក្រែន​។ ការអត្ថាធិប្បាយ​នេះ​បានកើត​ឡើង​មុន​កិច្ចពិភាក្សា​ទល់មុខ​គ្នា​ថ្មី​រវាង​ប្រតិភូ​នៃ​ប្រទេស​ទាំង​ ២​ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ក្នុងប្រទេស​តួកគី​។

ធនាគារ​វិនិយោគ Charles Schwab បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​ទីផ្សារ​បាន​ឈានទៅរក​ភាពរឹងមាំ​មួយចំនួន​នៅក្នុង​ជំហាន​ទៅមុខ ខណៈដែល​អ្នកវិនិយោគ​បន្ត​ជួបប្រទះ​នឹង​ផលប៉ះពាល់​ឥត​ដែន​កំណត់​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ភាពមិនច្បាស់លាស់​ទាក់ទង​នឹង​ថា​តើ ធនាគារកណ្តាល​អាមេរិក​នឹងមាន​សេចក្តីក្លាហាន​យ៉ាងណា​ក្នុង​ការព្យាយាម​កាត់បន្ថយ​សម្ពាធ​អតិផរណា​ដែល​កំពុង​កើតមាន​បន្ត​»​។

ទន្ទឹមនឹងនេះ នៅក្នុង​ទីផ្សារ​ប្តូរប្រាក់​បរទេស ប្រាក់​យ៉េន​ជប៉ុន​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៥ ​នៅពេលដែល​ធនាគារកណ្តាល​ជប៉ុន​បានប្រកាស​ពី​ផែនការ​សម្រាប់​ការទិញ​ជាថ្មី​នៃ​សញ្ញា​បណ្ណ​រដ្ឋាភិបាល​រយៈពេល​ ១០ ​ឆ្នាំ​។

លោក Joe Manimbo អ្នកវិភាគ​នៅ​ក្រុមហ៊ុន Western Union Business Solutions បាន​និយាយថា​៖ «​ការសម្រេច​របស់​ប្រទេស​ជប៉ុន​ក្នុង​ការទប់​ការឡើង​ការប្រាក់​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​ជប៉ុន​ដែល​ឈរ​លំដាប់​លេខ​ ៣​ ក្នុង​ពិភពលោក ដែល​ផ្ទុយស្រឡះ​ពី​ធនាគារ​កណ្តាល​អាមេរិក ដែល​បាន​ណែនាំ​អំពី​ការកើនឡើង​អត្រា​កាន់តែ​ធំ​ ដើម្បី​គ្រប់គ្រង​អតិផរណា​»៕ RR