ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) បាន​ក្រើនរំឭក​ដល់​អ្នក​ជាប់ពន្ធ​អនិវាសនជន (​ក្រុមហ៊ុន​បរទេស​) ដែល​ធ្វើការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ចូលមក​កម្ពុជា​ឱ្យទៅ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​សាមញ្ញ (Simplified VAT Registration)​ឱ្យបាន​មុន​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ​ ២០២២ ដើម្បី​ចៀសផុត​ការរង​ទោសទណ្ឌ​។

យោងតាម​សេចក្តី​ជូនដំណឹង​ស្តីពី​ការ​រំឭក​អំពី​កាតព្វកិច្ច​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​សាមញ្ញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ២៨ ខែមីនា បញ្ជាក់ថា បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេតឃើញ​មាន​សហគ្រាស​ដែលជា​អ្នក​ជាប់ពន្ធ​អនិវាសន​ជន​មួយចំនួន​បានមក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​សាមញ្ញ (Simplified VAT Registration) ​រួចរាល់​ហើយ ប៉ុន្តែ​នៅមាន​សហគ្រាស​មួយចំនួនទៀត​មិនទាន់​មក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ទេ​។

អគ្គនាយកដ្ឋាន​ពន្ធដារ​សូម​ធ្វើការ​ក្រើន​រំឭកថា ក្នុងករណី​ដែល​អ្នក​ជាប់ពន្ធ​អនិវាសនជន មិនបាន​ចុះបញ្ជី ឬ​មិន​បានដាក់​លិខិត​ប្រកាស​ពន្ធ និង​បង់ប្រាក់​អាករ​លើ​តម្លៃបន្ថែម​ជូន​រដ្ឋបាល​សារពើពន្ធ​ឱ្យទាន់​ពេលវេលា​ដែល​ច្បាប់​កំណត់ បាន​ត្រូវ​រង​ទោសទណ្ឌ ដូច​មានចែង​ក្នុង​ច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ជា​ធរមាន​។

លោក ម៉ាក ចំរើន អនុប្រធាន​ក្រុមហ៊ុន​ស្មាលយ៍​សប បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែមីនា​ថា កាតព្វកិច្ច​ពន្ធ គឺជា​រឿង​ចាំបាច់​សម្រាប់​ប្រតិបត្តិករ និង​សហគ្រិន ក្នុង​ការរួមចំណែក​បង់​ពន្ធ​ជូន​រដ្ឋ ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​មានដំណើរ​ការ​ល្អ​។

លោក​បន្ថែមថា ប្រទេស​កម្ពុជា​មាន​ទីផ្សារ​តូច​សម្រាប់​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ចូលមក​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​បើ​ក្រុមហ៊ុន​ទាំងនោះ​បើក​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ហើយ​មិន​បង់ពន្ធ ឬ​ចុះបញ្ជី​តាមច្បាប់​រដ្ឋ​នោះ គឺ​រឿង​មិន​សមស្រប​ឡើយ ក្នុង​នាម​ជា​ពាណិជ្ជករ​។

លោក​ថ្លែងថា​៖ «​ដើម្បី​ឱ្យមាន​តុល្យភាព អ្នកប្រមូលពន្ធ ឬ​អ្នកវិភាគ​សេដ្ឋកិច្ច​នៅ​កម្ពុជា ក៏​គួរ​សិក្សា​មើល​ផងដែរ​ថា តើ​ការ​ដែលមាន​ក្រុមហ៊ុន​បរទេស​ធំៗ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មក​ស្រុក​យើង នឹង​អាច​ចូលរួម​ជំរុញ​ឱ្យ​វិស័យនេះ​រីកចម្រើន​កម្រិតណា​ដែរ​? ហើយ​តើ​យើង​គួរផ្តល់​ការលើកលែង​ពន្ធ​ដល់​ពួកគាត់​យ៉ាងម៉េច ដើម្បី​អាច​ទាក់ទាញ​ពួកគេ​ឱ្យមក​រកស៊ី​នៅ​ស្រុក​ខ្មែរ​។ ដូច្នេះ​យើង​អាច​ចូលរួមចំណែក​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​ឱ្យមកធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​តូចៗ​នៅក្នុង​ស្រុក នេះ​ជា​រឿង​ដ៏ល្អ​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា ការប្រមូល​ពន្ធ​គឺជា​រឿង​សំខាន់ ព្រោះ​ពាក់ព័ន្ធ​នឹង​ចំណូល​រដ្ឋ ប៉ុន្តែ​ការទាក់ទាញ​ឱ្យ​ក្រុមហ៊ុន​ធំៗ​មក​បើក​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​ស្រុក​ក៏​សំខាន់​ដែរ ព្រោះ​វា​នឹង​ជះ​ឥទ្ធិ​ដល់​វិស័យ SME នៅពេលដែល​ក្រុមហ៊ុន​ធំ​មក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ការចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​សាមញ្ញ​សម្រាប់​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​គឺ​ផ្តល់​ប្រយោជន៍​ទាំងសងខាង​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបំពេញ​កាតព្វកិច្ច​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​សាមញ្ញ​នឹង​បង្ហាញថា ក្រុមហ៊ុន​នោះបាន​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ស្រប​នឹង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក្នុងការ​ទាញ​ប្រយោជន៍​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ ការអនុវត្ត​នេះ ក៏​ជាការ​បង្កើន​ទំនុកចិត្ត​រវាង​ក្រុមហ៊ុន​ឯកជន​និង​រាជរដ្ឋាភិបាល​ផងដែរ​»៕ LA