
លោក ថោង ខុន និងលោកស្រី Eleonore Mueth-Dubrule។ រូបថត សហការី
ភ្នំពេញៈ ក្រសួងទេសចរណ៍បានបន្តកិច្ចសហការជាមួយនឹងសាលាបណ្តុះបណ្តាលផ្នែកសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល (The Ecole d''Ho-tellerie et de Tourisme Paul Dubrule) និងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា ដើម្បីបង្កើនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជននៅក្នុងខេត្តសៀមរាប។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថា ក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការស្ថាប័នទាំង ២ នេះក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីធ្វើយ៉ាងណាត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបឡើងវិញឱ្យបានល្អប្រសើរប្រកបដោយគុណភាព។
លោកលើកឡើងថា៖ «សូមឱ្យសាលាបណ្ដុះបណ្ដាលបន្ថែមទៅដល់យុវជនដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនៅខេត្តសៀមរាប និងឱ្យស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដោយតាមរយៈផែនការមេនេះ កម្ពុជាមានចក្ខុវិស័យថានៅឆ្នាំ ២០៣០ ខេត្តសៀមរាបនឹងផ្ដល់ឱកាសការងារដល់យុវជនឱ្យបាន ៩០ ម៉ឺននាក់។ ដូច្នេះដើម្បីអាចសម្រេចតាមផែនការនេះគឺត្រូវមានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យអ្នកបញ្ចប់ការបណ្ដុះបណ្ដាលហើយចេញទៅធ្វើការមានគុណភាព មានជំនាញត្រឹមត្រូវ»។
លោកស្រី Eleonore Mueth-Dubrule អនុប្រធានក្រុមប្រឹក្សាភិបាលសាលាបណ្តុះបណ្តាលផ្នែកសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល បានលើកឡើងថា នេះស្របពេលដែលកម្ពុជាបើកទទួលទេសចរក៏ដូចជាបើក សកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញនៅទូទាំងប្រទេសនោះ។
លោកស្រីបានលើកឡើងថា៖ «សាលាប៉ូលឌុយប្រ៊ូល និងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជាស្នើសុំក្រសួងទេសចរណ៍បន្តកិច្ចសហប្រតិបត្តិការបន្តទៅមុខទៀតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌជាតិ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជាក្នុងការទាក់ទាញទេសចរពីក្រៅប្រទេស ដោយសារមានអង្គរវត្តជាគោល។ ដូច្នេះ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះមានសារៈសំខាន់ខ្លាំងណាស់។
លោកស្រីបន្ថែមថា ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ-១៩ មក អ្នកដែលមានជំនាញវិជ្ជាជីវៈខាងផ្នែកទេសចរណ៍ភាគច្រើនស្ទើរភ្លេច និងបានបោះបង់ជំនាញរបស់ខ្លួនជាង ២ ឆ្នាំមកហើយ ដែលបញ្ហានេះអាចជាក្តីបារម្ភមួយសម្រាប់វិស័យឯកជនផ្នែកទេសចរណ៍ នៅពេលមានភ្ញៀវអន្តរជាតិមកកម្សាន្តឡើងវិញ។
លោកស្រីថ្លែងថា៖ «សម្រាប់ជំនាញវិជ្ជាជីវៈទេសចរណ៍នេះ ខាងខេត្តសៀមរាបធ្វើបានល្អជាងគេមានកម្រិតខ្ពស់ជាងគេ ដោយកន្លងទៅនៅតាមបណ្តាខេត្តទេសចរណ៍ផ្សេងៗតែងតែមកជ្រើសរើសបុគ្គលិកទេសចរណ៍ចេញពីសៀមរាបជានិច្ច។ យើងចង់ឱ្យខេត្តជាគោលដៅទេសចរណ៍ផ្សេងៗទៀត ដូចជា ខេត្តព្រះសីហនុ មណ្ឌលគិរី កែប និងកំពតជាដើម ទទួលបានការបណ្តុះបណ្តាលបែបនេះដែរ ដើម្បីបំពេញសេចក្តីត្រូវការ នៅពេលដែលទេសចរអន្តរជាតិមានកំណើនឡើងវិញ»។
បើតាមក្រសួងទេសចរណ៍ប្រតិភូអង្គការ និងដៃគូខាងលើបានលើកឡើងកម្មវិធីចំនួន ២ ដែលលើសពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ គឺទី ១ កម្មវិធីសិល្បៈសូនរូប ដែលលោករដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីនេះគឺជាការបង្កើននូវភាពទាក់ទាញ និងបង្កើនការចងចាំពីទេសចរណ៍នៅកម្ពុជា និងកម្មវិធីទី ២ គឺកម្មវិធីសន្ទានិស្សិតដ្ឋានជាកម្មវិធីមួយដែលសាលាប៉ូលឌុយប្រ៊ូលទទួលបានកិច្ចសហការពីសាកលវិទ្យាល័យល្បីៗនៅតំបន់អឺរ៉ុប ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការងារបរិស្ថាន អេកូទេសចរណ៍ និងការងារសិល្បៈ ហើយប៉ូលឌុយប្រ៊ូលនឹងក្លាយទៅជាសាលាទី ១ នៅកម្ពុជាដែលចូលរួមអនុវត្តតាមស្ដង់ដាទាំងនោះ។
សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០២ ជាសាលាដៃគូមួយដ៏ចម្បងរបស់ក្រសួងទេសចរណ៍ ដែលទទួលអនុវត្តនូវស្ដង់ដាកម្មវិធីរបស់អាស៊ានដែលបច្ចុប្បន្នមាន ៣២ ជំនាញ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទទួលការបណ្ដុះបណ្ដាលពីសាលាអាចចល័តការងារនៅក្នុងតំបន់អាស៊ានទៅតាមច្បាប់នៃប្រទេសទទួល ខណៈសាលានេះគឺជាដៃគូដ៏សំខាន់មួយរបស់អាស៊ាន៕ LA