ភ្នំពេញៈ វិស័យ​ឯកជន និង​អ្នក​ជំនាញ​កសិកម្ម​កម្ពុជា​អះអាង​ថា ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​តាម​ទីជនបទ​ក្នុង​វិស័យ​កសិកម្ម គឺជា​កម្លាំងចលករ​ថ្មី​មួយ​សម្រាប់​ការជំរុញ​សកម្មភាព​រកប្រាក់​ចំណូល​ក្នុងស្រុក កំណើន​សេដ្ឋកិច្ច និង​បង្កើន​ផលិតភាព​កសិកម្ម នៅក្នុង​ស្រុក​។

លោក ម៉ាក ចំរើន ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន អាហ្គ្រីប៊ី ខេមបូឌាន ខូអិលធីឌី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​វិស័យ​កសិកម្ម គឺជា​រឿង​ចាំបាច់ ដែល​រដ្ឋាភិបាល​គួរតែ​ពង្រឹង និង​ពង្រីក​ឱ្យបាន​ខ្លាំង ព្រោះ​តាម​ការស្រាវជ្រាវ​មាន​ប្រជាកសិករ​ប្រមាណ ៨០ ​ភាគរយ​ក្នុងចំណោម​កសិករ​ជាង ៣ ​លាន​នាក់ ដែល​រស់​នៅ​តាម​ទីជនបទ មាន​ការ​យល់ដឹង​ផ្នែក​បច្ចេកវិទ្យា​អេឡិចត្រូនិក​គឺ​នៅមាន​កម្រិត​នៅឡើយ​។

លោក​បន្ថែមថា វិស័យ​ឌីជីថល ឬក៏​ E-commerce នៅក្នុង​វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ច្រើន​ដូចជា ទំនាក់ទំនង និង​ការដឹកជញ្ជូន​ជាដើម​ដែល​ជួយ​ឱ្យ​កាត់បន្ថយ​ថ្លៃដើម​។ ម្យ៉ាងទៀត​ក៏​បង្កើន​ការយល់ដឹង និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​កសិកម្ម Agri-Fintech ដែល​ជំរុញ​ឱ្យ​កសិករ​ប្រើប្រាស់​ថវិកា​ឱ្យចំ​គោលដៅ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅក្នុង​វិស័យ​កសិកម្ម គឺ​ចាំបាច់​ណាស់ ដែល​អាចជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​ឱ្យ​កើនឡើង​មួយកម្រិត​ទៀត​។ នៅពេល​យើង​អភិវឌ្ឍ Agri E-commerce ឬ Market place វា​ចូលរួម​ចំណែក​ក្នុងការ​ពង្រីក​ទីផ្សារ​ឱ្យ​ប្រជាកសិករ និង​អ្នក​ផលិត​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ត្រូពិកខេម បាន​ប្រាប់ថា នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ជា​សម័យ​កាលដែល​គ្រប់​ប្រទេស​ត្រូវតែ​ស្ទុះស្ទារ​ដើរ​ឱ្យ​ទាន់សម័យ​។ ចំពោះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក៏ត្រូវ​វិវត្ត​ខ្លួន​ទៅតាម​សម័យកាល​ផងដែរ​។

លោក​បន្តថា ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល និង​ការធ្វើ​ពាណិជ្ជកម្ម​របស់​ប្រជាកសិករ​នៅ​កម្ពុជា​នៅមាន​កម្រិត ដែល​ទាមទារ​ឱ្យមាន​ការរៀបចំ​សិក្ខាសាលា​ឱ្យបាន​ច្រើន ដើម្បី​អាច​បញ្ជ្រាប​ការយល់ដឹង​ពី​បច្ចេកវិទ្យា​ទៅដល់​កសិករ​នៅ​ជនបទ ពិសេស​បណ្តា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម​។

លោក​និយាយថា​៖ «​ការប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កាន់តែ​មាន​ភាពចាំបាច់​នៅក្នុង​បរិបទ​កូវីដ​ ១៩ ​នេះ​។ ក្នុង​វិស័យ​កសិកម្ម​ដូចគ្នា អ្នក​ដាំដុះ អ្នកលក់​ផលិតផល​កសិកម្ម ក៏ដូចជា​អ្នកប្រើប្រាស់​មិន​ចាំបាច់​ជួបគ្នា​ក៏​អាច​ដោះដូរ​ទំនិញ ទិញ​លក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​បានដែរ​។ ឌីជីថល​ក្នុង​វិស័យ​កសិកម្ម ដើរតួ​នាទី​សំខាន់​ណាស់ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​ជា​សកល​»​។

អ្នកជំនាញ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា លោក យ៉ង សាំងកុមារ បាន​ប្រាប់ថា ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា គឺជា​រឿង​ល្អ​ ប៉ុន្តែ​អ្នក​ប្រើប្រាស់ ជាពិសេស​កសិករ វារីវប្បករ ជាដើម ត្រូវតែ​ពង្រីក​សមត្ថភាព​ខ្លួនឯង ដើម្បី​ដើរ​ឱ្យទាន់​វិស័យ​ដទៃទៀត​ដែល​កំពុង​តែមាន​ការរីក​ចម្រើន​ខ្លាំង​។

លោក​បញ្ជាក់ថា​៖ «​ប្រជាជន​កម្ពុជា​ភាគច្រើន​មាន​ប្រើប្រាស់​ស្មាតហ្វូន ប៉ុន្តែ​មិនបាន​ប្រើប្រាស់​វា​ឱ្យមាន​ប្រយោជន៍​នៅឡើយ​ទេ​។ ដូចជា​កសិករ​ខ្លះ​គាត់​មាន​ស្មាតហ្វូន​ប្រើ គួរតែ​រៀនសូត្រ​បន្ថែម​ពី​ការស្វែង​ព័ត៌មាន​ទីផ្សារ ការទំនាក់ទំនង​ទិញ​ផលិតផល​វត្ថុធាតុដើម​នានា ដែល​ជួយ​ឱ្យ​ពួកគាត់​ចំណេញ​ពេលវេលា​។ ប៉ុន្តែ​សព្វថ្ងៃ យើង​សង្កេត​ឃើញថា ការយល់ដឹង​របស់​ពួកគាត់​នៅមាន​កម្រិត​នៅឡើយ​»​។

នៅក្នុង​អត្ថបទ​សង្ខេប​គោលនយោបាយ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ជនបទ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​បាន​បង្ហាញថា ចំនួន​កសិករ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​មាន​ការកើនឡើង​។ កសិករ​តាម​តំបន់​ជនបទ​ប្រមាណ​ ៤៥ ភាគរយ​ត្រូវបាន​គេ​មើលឃើញថា​មានលទ្ធភាព​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​។ ទោះយ៉ាងណា​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការប្រើ​កម្មវិធី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ឌីជីថល​គឺ​នៅមាន​កម្រិត​៕ LA