ភូមិរីប្បែក (Ribbeck): ខណៈ​ដែល​ប្រទេស​អាល្លឺម៉ង់ ប្រញាប់​ប្រញាល់​ក្នុងការ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ថាមពល​របស់​ប្រទេស​រុស្ស៊ី ឧស្ម័ន​ដែល​ផលិត​ចេញពី​លាមក​សត្វ និង​កាកសំណល់​សរីរាង្គ​ផ្សេងទៀត​នៅក្នុង​កសិដ្ឋាន​របស់លោក​ Peter Kaim អាចជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​។

ធ្វើដំណើរ​តាម​រថយន្ត​រយៈពេល ​១ ​ម៉ោង​នៅ​ភាគ​ខាងលិច​ទីក្រុង​ប៊ែរឡាំង ក្លិន​ឆួល​ដ៏ខ្លាំង​មួយ​បាន​ភាយ​ចេញពី​បំពង់​ដ៏ធំ​ចំនួន​ ៣ ​នៅ​កណ្តាល​វាលភក់​នៅលើ​កសិដ្ឋាន​របស់លោក​ Kaim​ ដែល​ចិញ្ចឹមសត្វ​គោ​ទឹកដោះ​ ១០០ ​ក្បាល​។

ជា​រៀងរាល់ថ្ងៃ កាកសំណល់​សរីរាង្គ​រាប់​តោន ដែល​ភាគច្រើន​ជា​លាមក​សត្វ ពោត និង​ស្មៅ ត្រូវ​បាន​ចាក់​ចូលទៅក្នុង​កន្លែង​ស្ដុក​ទាំងនេះ​។

នៅក្នុង​ដំណើរការ​មួយ​ដែល​ហៅថា «​ធ្វើឱ្យ​ទៅជា​មេតាន​» ដែល​ដំណើរការ​ដោយ​បាក់តេរី សារធាតុសរីរាង្គ​ត្រូវបាន​បំប្លែង​ទៅជា​ឧស្ម័ន​។

រោងចក្រ​ថាមពល​ខ្នាតតូច​នេះ​ផ្គត់ផ្គង់​កម្តៅ​ដល់ផ្ទះ​ប្រហែល ២០ ​ខ្នង​នៅក្នុង​ភូមិ Ribbeck ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជាដើម​ព័រ ដែល​សរសើរ​ដល់​លោក​ Theodor Fontane ជា​អ្នកនិពន្ធ​ដ៏គួរឱ្យ​ស្រឡាញ់​នៅ​សតវត្សរ៍​ទី​ ១៩ ​ធ្លាប់បាន​ច្រៀង​នៅក្នុង​កំណាព្យ​បុរាណ​មួយ​។

លោក Kaim បាន​និយាយថា អ្វីៗ​ទាំងអស់ «​បានមក​ ១០០ ​ភាគរយ​ពី​កសិដ្ឋាន​របស់​យើង​»​។

កសិករ​រូបនោះ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង លើ​ការផលិត​ថាមពល «​ឯករាជ្យ​» ​ក្នុង​បរិបទ​នៃ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ហើយ​អំពាវនាវ​ឱ្យ​រដ្ឋ «​អនុម័ត​នីតិវិធី​អនុញ្ញាត​ដ៏សាមញ្ញ​» ដើម្បី​ជួយ​ជីវឧស្ម័ន​ក្លាយជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ការបញ្ចូល​គ្នា​នៅ​អាល្លឺម៉ង់​។

ដូច​ប្រតិបត្តិករ​នេះ វិស័យ​ជីវឧស្ម័ន​ទាំងមូល​មើលឃើញ​ឱកាស​របស់ខ្លួន​ក្នុង​វិបត្តិ​បច្ចុប្បន្ន ខណៈដែល​ទីក្រុង​ប៊ែរឡាំង​សម្លឹងមើល​ការទប់ស្កាត់​យ៉ាងរហ័ស​អំពី​ការពឹងផ្អែក​របស់ខ្លួន​លើ​ទីក្រុង​ម៉ូស្គូ​សម្រាប់​ថាមពល​។

មុនពេល​សង្គ្រាម​ប្រទេស​អ៊ុយក្រែន អាល្លឺម៉ង់​បាន​នាំចូល ៥៥ ​ភាគរយ​នៃ​ឧស្ម័ន​ធម្មជាតិ​របស់ខ្លួន​ពី​ប្រទេស​រុស្ស៊ី ពាក់កណ្តាល​ធ្យូងថ្ម និង​ប្រហែល ៣៥ ​ភាគរយ​នៃ​ប្រេង​របស់ខ្លួន​។

នៅក្នុង​សញ្ញា​មួយ​ដែលថា​សារ​របស់​ពួកគេ​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ រដ្ឋាភិបាល​អាល្លឺម៉ង់​បានប្រកាស​ក្នុង​ខែ​នេះ​ពី​គោលបំណង​របស់ខ្លួន​ក្នុងការ «​បង្កើន ការផលិត​ឧស្ម័ន​បៃតង​» ដែលជា​ផ្នែក​នៃ​វិធានការ ដើម្បី​បង្កើន​ភាពធន់​នឹង​ការប្រឈមមុខ​នឹង​ការកើនឡើង​តម្លៃ​ថាមពល​។

ចំនួន ​២ ​ភាគ​ ៣ នៃ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream

នៅពេលនេះ ជីវឧស្ម័ន​មាន​ចំនួន​ត្រឹមតែ​ ១ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ការប្រើប្រាស់​នៅ​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​អឺរ៉ុប​មួយ​នេះ​។

លោក Horst Seide ប្រធាន​សហព័ន្ធ អាល្លឺម៉ង់​នៃ​ក្រុមហ៊ុន​ផលិត​ជីវឧស្ម័ន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា​៖ «​យើង​អាច​បង្កើន​ផលិតកម្ម​របស់​យើង​ភ្លាមៗ ចំនួន​ ២០ ​ភាគរយ​ហើយ​ជំនួស​ឧស្ម័ន​ប្រទេស​រុស្ស៊ី ៥ ​ភាគរយ​ប្រសិនបើ​របាំង​បទ​ប្បញ្ញត្តិ​មួយចំនួន​ត្រូវបាន​លុបចោល​នៅ​ថ្ងៃស្អែក​»​។

កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ជំរុញ​វិស័យនេះ​នឹង​អាចមាន​ក្នុង​រយៈពេល​វែង​ «​ដើម្បី​ផលិត​ពីរភាគបី​នៃ​សមត្ថភាព​របស់​បំពង់​បង្ហូរ​ឧស្ម័ន​ Nord Stream 2»​ដែលជា​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​ដែល​ទីក្រុង​ប៊ែរឡាំង​បាន​ផ្អាក​ បន្ទាប់ពី​ការលុកលុយ​របស់​ប្រទេស​រុស្ស៊ី​កាលពី​ខែ​មុន​លើ​ប្រទេស​អ៊ុយក្រែន​។ នេះ​បើ​យោងតាម​ក្រុម​ឧស្សាហកម្ម​។

ប្រវត្តិ​នៃ​ជីវឧស្ម័ន​នៅ​ប្រទេស​អាល្លឺម៉ង់ មាន​តាំងពី​រាប់​ទសវត្សរ៍​មកហើយ​។ កាលពីដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០ ប្រទេស​នេះ​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​គាំទ្រ​វិស័យនេះ ដោយ​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​នាំមុខគេ​មួយ​នៅ​ដឹកនាំ​អឺរ៉ុប​។

ការផលិត​ឧស្ម័ន​មេតាន​ពាក់កណ្តាល​នៃ​ទ្វីប​មាន​ទីតាំងនៅ​ប្រទេស​អាល្លឺម៉ង់​។

ប៉ុន្តែ​កាលពីដើមឆ្នាំ​ ២០១៤ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ផ្លាស់ប្តូរ​ទិសដៅ​ដោយ​សម្រេចចិត្ត​ទប់ស្កាត់​សមត្ថភាព​ផលិតកម្ម​របស់​ឧស្សាហកម្ម​នេះ​ជាមួយ​នឹង​ប្រព័ន្ធ​ដ៏​ស្មុគស្មាញ​នៃ​ការឧបត្ថម្ភធន​គោលដៅ​។

ការជំទាស់​ដ៏សំខាន់​បណ្ដាលមកពី​ឧស្សាហូបនីយកម្ម​ដ៏ធំ​នៃ​វិស័យនេះ ដែល​បង្កបញ្ហា​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ដែល​ជាប់ទាក់ទង​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ការបំពុល​ទឹក និង​ការលេចធ្លាយ​ឧស្ម័ន​បំពុល​បរិយាកាស​។

ការរំលោភ​យក​ដី​សម្រាប់​ការប្រើប្រាស់​ថាមពល​ធ្វើឱ្យ​ខូចប្រយោជន៍​ផលិតកម្ម​អាហារ​ក៏​ជា​មូលហេតុ​នៃ​ការបារម្ភ​។

ក្រសួង​កសិកម្ម​ឱ្យដឹងថា ១៤ ​ភាគរយ​នៃ​ដីស្រែ​របស់​ប្រទេស​អាល្លឺម៉ង់​ត្រូវបាន​ប្រើប្រាស់​រួចហើយ​សម្រាប់​ការបង្កើត​ថាមពល​។

ដោយសារតែ​ការមិន​លើកទឹកចិត្ត ការបើក​កន្លែង​ជីវឧស្ម័ន​ថ្មី​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​ ១ ៥២៦ កាលពី​ឆ្នាំ​ ២០១៣ ​មក​នៅត្រឹម​ ៩៤​ ក្នុង​ឆ្នាំ​ ២០១៤ ​បន្ទាប់ពី​ការផ្លាស់ប្តូរ​បទប្បញ្ញត្តិ​មក​ត្រឹមតែ​ ៦០ ប៉ុណ្ណោះ​នៅ​ឆ្នាំ​ ២០២១៕ LA