ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​កសិកម្ម ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បាននិងកំពុង​ពន្លឿន​ការកែសម្រួល​លើ​សេចក្តី​ព្រាង​ចុងក្រោយ​នៃ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ឆ្នាំ​ ២០២១-២០៣០ មុននឹង​ដាក់ជូន​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ដើម្បី​ពិនិត្យ និង​សម្រេច​នាពេល​ឆាប់ៗ​។

កាលពី​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ ពិភាក្សា និង​ផ្តល់យោបល់​លើ​សេចក្តីព្រាង​ចុងក្រោយ​ស្តីពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​ ២០២១-២០៣០ ជាមួយ​ក្រសួង​ស្ថាប័ន​ចំនួន​ ១៥ ផ្សេងទៀត​។

លោក វេង សាខុន បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៩ ខែមីនា​ថា គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម គឺ​ផ្តោតលើ​ការរៀបចំ​ដាក់ចេញ​នូវ ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និង​សកម្មភាព​ក្នុងការ​អនុវត្ត​យន្តការ​សម្រាប់​អនុវត្ត​គោលនយោបាយ​ធនធាន​ហិរញ្ញវត្ថុ ការពិនិត្យ​តាមដាន និង​វាយតម្លៃ ការគ្រប់គ្រង​ហានិភ័យ និង​សេចក្តី​សន្និដ្ឋាន​។

លោក​បន្ថែមថា ចក្ខុវិស័យ​សម្រាប់​អភិវឌ្ឍ វិស័យ​កសិកម្ម គឺ​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅជា​កសិកម្ម​ទំនើប ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង បរិយាប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដែល​នឹង​ធ្វើឱ្យ​កើនឡើង​ប្រាក់ចំណូល​គ្រួសារ​កសិករ វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ទន្ទឹមនឹងនេះ​គោលបំណង​នៃ​គោលនយោបាយ​នេះ​គឺ​ត្រូវ​ជំរុញ​កំណើន​កសិកម្ម​ប្រកបដោយ​ភាព​ប្រកួតប្រជែង និង​បរិយាប័ន្ន​ដែល​ផ្តល់នូវ​ផលិតផល​មាន​គុណភាព​ខ្ពស់ សុវត្ថិភាព និង​អាហារូបត្ថម្ភ ដោយ​ត្រូវ​គិតគូរ​ខ្ពស់​ដល់​ការគ្រប់គ្រង​ដីធ្លី ទឹក ធនធាន​ព្រៃឈើ និង​ជលផល​ប្រកប​ដោយ​និរន្តរភាព​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​កសិកម្ម ទទួលបាន​ធាតុ​ចូល​បន្ថែម​ពី​អន្តរក្រសួង ក្នុងការ​កែលម្អ និង​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​លើ​សេចក្តីព្រាង គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​។ នៅក្នុង​នោះដែរ​ក្រសួង​ទុក​ពេល​រហូត​ដល់​ថ្ងៃទី​ ៨ ខែមេសា ឆ្នាំ​ ២០២២ ដើម្បីឱ្យ​ក្រសួង​ពាក់ព័ន្ធ​មានឱកាស​ផ្ញើ​ជា​សំណេរ​មក​ក្រសួង​កសិកម្ម​វិញ​នូវ​រាល់​ខ្លឹមសារ​នានា​ដែលមាន​បំណង​ចង់​កែ និង​បញ្ចូល​ខ្លឹមសារ​បន្ថែម​។ ត្រូវធ្វើ​ការកែលម្អ​ជាមួយ​ធាតុចូល​បន្ថែម​ដែល​នឹង​ទទួលបាន​ពី​អន្តរក្រសួង ដោយ​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ការងារ​ជំនាញ​របស់​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធ្វើការ​កែតម្រូវ ព្រមទាំង​សម្អាត​ឯកសារ​នេះ ហើយ​ផ្ញើ​ជូនទៅ​ជំនាញ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ធ្វើការ​កែលម្អ​បន្ថែម​មុននឹង​ដាក់ជូន​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ដើម្បី​ពិនិត្យ និង​សម្រេច​»​។

លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​ ម៉ុង ឫទ្ធី គ្រុប បាន​និយាយថា គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​ ២០២១-២០៣០ នឹង​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​ពី​កម្រិត​ទាប និង​មធ្យម ទៅជា​កម្រិត​ខ្ពស់ និង​ពី​ខ្នាតតូច ទៅ​ខ្នាត​មធ្យម និង​ធំ​។

លោក​ថ្លែងថា​៖ «​បញ្ហា​ប្រឈម​របស់​កសិករ គឺ​កត្តា​អាកាសធាតុ ដែលជា​បញ្ហា​មិនអាច​ប្រកែក​បាន ពិសេស​នៅពេល​មាន​ភ្លៀង ឬ​រាំងស្ងួត ឬ​ទឹកជំនន់​ដោយ​យើង​មិនអាច​បន្ទោស​រដ្ឋាភិបាល​បានទេ​។ ប៉ុន្តែ​អ្វីដែល​ប្រជាជន​ត្រូវការ​នេះ គឺ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ដោយ​មិនអាច​ខ្វះ​មួយណា​បានឡើយ​។ ចំណុច​នេះ​ខ្ញុំ​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​លើកទឹកចិត្ត​ប្រជាកសិករ​តាមរយៈ​ការអភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម​។ កន្លងទៅ​យើង​ឃើញថា ការលើក​ទឹកចិត្ត​រឿង​ពន្ធ​ផ្សេងៗ រដ្ឋ​ធ្វើបាន​ប្រសើរ​ឡើងជា​បន្តបន្ទាប់​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើងថា​កម្ពុជា មាន​ភាព​អំណោយផល​លើ​វិស័យ​កសិកម្ម ដោយសារតែ​អាកាសធាតុ និង​សណ្ឋាន​ដី​។ ប៉ុន្តែ​អ្វីដែល​នៅ​ខ្វះខាត គឺ​អ្នកចូលរួម ជាពិសេស​អ្នកវិនិយោគ​ដែលមាន​ដើមទុន​ធំ ដោយសារ​គេ​យល់ថា ការវិនិយោគ​លើ​វិស័យនេះ​មាន​ហានិភ័យ​ខ្ពស់​។

លោក​អះអាង​ថា​៖ «​អ្នក​ប្រកបរបរ​កសិកម្ម តែង​ជួប​បញ្ហា​ប្រឈម​ច្រើន ដូចជា​អាកាសធាតុ បច្ចេកទេស ទឹក ភ្លើង ផ្លូវ និង​ការដឹកជញ្ជូន​ជាដើម​។ ការជំរុញ​បន្ថែម​របស់​រដ្ឋាភិបាល តាមរយៈ​គោលនយោបាយ​ជាតិ គឺជា​រឿង​ល្អ​ដើម្បី​ឱ្យមាន​ការវិនិយោគ​ពី​បរទេស​មក​កាន់តែច្រើន ព្រោះ​អ្វីដែល​យើង​ត្រូវការ​ចាំបាច់ គឺ​ទុន និង​បច្ចេកទេស ដែល​ត្រូវការ​ការវិនិយោគ​បន្ថែម​ពី​បរទេស ឬ​វិនិយោគិន​ក្នុងស្រុក​»​។

ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ​២០២១ របស់​ក្រសួង​កសិកម្ម​កាលពី​ថ្ងៃទី​ ២៣ ខែមីនា កន្លងមក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា បច្ចុប្បន្ន​វិស័យ​កសិកម្ម គឺជា​វិស័យ​អាទិភាព​ដែល​ធានាបាន​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ការនាំចេញ​ដែល​ចាំបាច់​ត្រូវ​វិនិយោគ​បន្ថែម​ទៅលើ​ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវ័ន្ត គាំទ្រ​វិស័យ​កសិកម្ម​ប្រព័ន្ធ​ធារាសាស្ត្រ​, ផ្លូវ​ដឹកជញ្ជូន និង​ឡូជីស្ទិក​, ឥណទាន​កសិកម្ម ការ​ស្រាវជ្រាវ និង​ការអភិវឌ្ឍ​ពូជ​ថ្មី​, ការផ្សព្វផ្សាយ​បច្ចេកទេស​ទំនើប​៕ LA