ទីក្រុងវ៉ាស៊ីនតោនៈ លោកស្រី Katherine Tai តំណាង​ពាណិជ្ជកម្ម​អាមេរិក​បានឱ្យ​ដឹង​កាលពីថ្ងៃ​ពុធ​ថា អាមេរិក​គួរតែ​ផ្តោត​លើ​ការសម្រេចបាន​ឯករាជភាព​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​ជាជាង​ដាក់​សម្ពាធ​លើ​ទីក្រុង​ប៉េកាំង​ឱ្យ​ផ្លាស់ប្តូរ​ការអនុវត្ត​ពាណិជ្ជកម្ម «​មិន​ស្មើភាព​» ជា​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ឆ្ពោះទៅរក​មហាយក្ស​អាស៊ី​មួយ​នេះ​។

លោកស្រី​បញ្ជាក់ថា វិធីសាស្ត្រ​ថ្មី​នេះ​គិតគូរ​ពី​អសមត្ថភាព​របស់​ទីក្រុង​វ៉ាស៊ីនតោន ដែល​បង្ខំ​ឱ្យមាន​ការផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ក្នុងការ​អនុវត្ត​ពាណិជ្ជកម្ម ស្ថិតនៅ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋបាល​មុន​។

យោងតាម​ច្បាប់​ចម្លង​បញ្ចូន​បន្ត​គ្នា​នៃ​សុន្ទរកថា​របស់​លោកស្រី ដែល​បាន​ចែករំលែក​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ លោកស្រី​បាន​ប្រាប់​តំណាង​សភា​ថា​៖ «​ខណៈពេល​ដែល​យើង​បន្ត​រក្សា​ទ្វារ​ឱ្យនៅ​ចំហ​សម្រាប់​ការសន្ទនា​ជាមួយ​ប្រទេស​ចិន​...​យើង​ចាំបាច់​ក៏ត្រូវ​ទទួលស្គាល់​ដែន​កំណត់​នៃ​កិច្ចព្រមព្រៀង​នេះ​ផងដែរ ហើយ​បើក​ទំព័រ​លើ​សៀវភៅ​ចាស់​ជាមួយ​ប្រទេស​ចិន ដែល​ផ្តោតលើ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់ខ្លួន​»​។

សន្ធិសញ្ញា​ពាណិជ្ជកម្ម ដែល​ចុះហត្ថលេខា​ដោយ លោក ដូណាល់ ត្រាំ អតីត​ប្រធានាធិបតី​បាន​ចូល​ជា​ធរមាន​តាំងពី​ខែមករា ឆ្នាំ​ ២០២០​។

នៅក្នុង​ការបង្ហាញ​ខ្លួន​របស់​លោកស្រី​នៅ​ចំពោះមុខ​សភា លោកស្រី Tai នឹង​សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រ​របស់​អាមេរិក នៅពេលនេះ​ត្រូវតែ​ «​ពង្រីក​លើសពី​ការដាក់​សម្ពាធ​លើ​ប្រទេស​ចិន​» ​ទៅក្នុង​ការបោះបង់ចោល​ការអនុវត្ត​ពាណិជ្ជកម្ម​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចាត់ទុកថា មិន​ស្មើភាព​។

លោកស្រី​បានឱ្យដឹង ដោយ​ប្រើពាក្យ​ផ្លូវការ​សម្រាប់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថា​វិធីសាស្ត្រ ថ្មី​នេះ​ត្រូវតែ​ «​រួមបញ្ចូល​ការការពារ​យ៉ាងខ្លាំង​ក្លា​នូវ​តម្លៃ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​យើង​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​គោលនយោបាយ និង​ការអនុវត្ត​សេដ្ឋកិច្ច​មិន​ស្មើភាព របស់ PRC»​។

នៅពេល​លោកស្រី​ចូលរួម​ជាមួយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃដិន កាលពីដើមឆ្នាំ​ ២០២១ លោកស្រី Tai បានស្នើ​សុំឱ្យ​បុគ្គលិក​របស់​លោកស្រី​វិភាគ​ពី​ផលប៉ះពាល់​នៃ​ការអនុវត្ត​ទាំងនេះ​លើ​ឧស្សាហកម្ម និង​កម្មករ​របស់​អាមេរិក ក៏ដូចជា លើ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​យើង​បាន​មើលឃើញ​នូវ​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ឧស្សាហកម្ម​ដែកថែប និង​សូឡា នៅពេល​ដែល​យន្តការ​ដែលមាន​ស្រាប់​យឺតយ៉ាវ​ពេក ឬ​មិន​សមស្រប​ក្នុងការ​ដោះស្រាយ​ដំណើរការ​ខុសពី​ធម្មតា​ដែល​កើតឡើង​ដោយ​ការកំណត់​គោលដៅ​របស់​ប្រទេស​ចិន​ចំពោះ​វិស័យ​ទាំងនោះ​»​។

ខណៈពេល​ដែល​ប្រទេស​ចិន​ក៏​កំពុង​កំណត់​គោលដៅ​លើ​ឧស្សាហកម្ម​សំខាន់ៗ ដូចជា បច្ចេកវិទ្យា​ខ្ពស់ រថយន្ត​អគ្គិសនី និង​ឧបករណ៍​ពាក់កណ្ដាល​ចម្លង លោកស្រី​ Tai បញ្ជាក់ថា «​ការវិនិយោគ​ជា​យុទ្ធសាស្ត្រ​» នៅ​អាមេរិក លែង​ពឹង​ផ្អែកលើ​ប្រទេស​ចិន​ទៀតហើយ​។

តាម​គំនិត​របស់​លោកស្រី​ «​វឌ្ឍនភាព​ដ៏សំខាន់​» ត្រូវបាន​ធ្វើឡើង​រួចហើយ​នៅក្នុង​ផែនការ​សង្គ្រោះ​របស់​អាមេរិក ដែល​បាន​ជួយ​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​ដោយ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​និង​ការ​បញ្ជាក់ថា វា​បានដាក់​លើ​ការធ្វើឱ្យ​ខ្សែចង្វាក់​ផ្គត់ផ្គង់​កាន់តែ​មាន​ភាព​ធន់​។

លោកស្រី​លើកឡើងថា​៖ «​ប៉ុន្តែ​ដើម្បី​ជំរុញ​ការប្រកួតប្រជែង​របស់​អាមេរិក​យ៉ាងពិត​ប្រាកដ​នោះ យើង​ជំរុញ​ឱ្យ​សភា​អាមេរិក អនុម័ត​ច្បាប់​នវានុវត្តន៍​ទ្វេភាគី​ឱ្យបាន​ឆាប់រហ័ស​»​។ ​លោកស្រី​បន្ត​ដោយ​សំដៅលើ​សំណើ​ច្បាប់ ដែល​នឹង​ជួយ​សម្រួល​ដល់​ការផលិត​បច្ចេកវិទ្យា​សំខាន់ៗ​ក្នុង​ចំណោម​នោះ​៕ LA