ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ថ្ងៃទី​ ៣០ ខែមីនា គឺជា​ថ្ងៃ​ដែល​វិស័យ​ពន្ធដារ​កម្ពុជា​បំបែក​ឯតទគ្គកម្ម ដោយ​ប្រមូល​ចំណូល​បាន ២៣៦​ លាន​ដុល្លារ ដែល​នឹងធ្វើ​ឱ្យ​ចំណូល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ នេះ​មាន​ជាង ១២០០ ​លាន​ដុល្លារ កើន​លើស​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ជាង ២០០ ​លាន​ដុល្លារ​។

ក្នុងឱកាស​ចូលរួម​ជា​គណៈអធិបតី​នៃ​ពិធី​បើកសម្ពោធ​ឱ្យប្រើ​ប្រាស់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ កាលពី​ថ្ងៃទី​ ៣១ មីនា លោក ហ៊ុន សែន បាន​លើកឡើងថា ថ្ងៃទី​ ៣០ ខែមីនា ជា​ថ្ងៃ​ដែល​លោក​សប្បាយចិត្ត​ជាងគេ ព្រោះ​ការប្រមូល​ចំណូល​ផ្ទៃក្នុង​បាន​បំបែក​ឯតទគ្គកម្ម​ដោយមាន​ទឹកប្រាក់ ២៣៦​ លាន​ដុល្លារ ហើយ​ដែល​នឹងធ្វើ​ឱ្យ​ចំណូល​ផ្ទៃក្នុង​ខែមីនា ឆ្នាំ​ ២០២២ កើនឡើង​ដល់​ជាង ៧០០​ លាន​ដុល្លារ​។ លោក​បន្តថា តាម​តួលេខ គឺ​ក្នុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២ ចំណូល​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ប្រមូលបាន​មាន​ចំនួន​ជាង ១ ២០០ ​លាន​ដុល្លារ ដោយ​ក្នុង​ខែមករា មាន​ចំនួន ២៨៨ ​លាន​ដុល្លារ​, ខែកុម្ភៈ ២២៣​ លាន​ដុល្លារ និង​ខែមីនា មាន​ជាង ៧០០ ​លាន​ដុល្លារ​។ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែមីនា ចំណូល​ប្រមូលបាន​មាន​ចំនួន​ប្រមាណ ១ ១៣២ ​លាន​ដុល្លារ​រួចហើយ​។

លោក​ថ្លែងថា​៖ «​ម្សិលមិញ​ (​ថ្ងៃទី​ ៣០ ខែមីនា​) ​ចាត់ទុកថា​ជា​ពេលដែល​ខ្ញុំ​សប្បាយចិត្ត​ក្នុងឆ្នាំនេះ​ខ្លាំងជាងគេ ហេតុអ្វី​បានជា​យើង​ត្រូវ​សប្បាយចិត្ត ព្រោះ​គឺជា​ថ្ងៃ​ដែល​បំបែក​ឯតទគ្គកម្ម​សម្រាប់​ចំណូល​ផ្ទៃក្នុង ដោយ​ក្នុង​ថ្ងៃទី​ ៣០ ខែមីនា ចំណូល​ពន្ធដារ​ផ្ទៃក្នុង​រយៈពេល ១ ​ថ្ងៃ គិត​ជា​ប្រាក់​ដុល្លារ​មាន​ចំនួន ២៣៦ ​លាន​ដុល្លារ​ហើយ​បើ​គិត​ក្នុង​រយៈពេល ៣០ ​ថ្ងៃ​ (​ខែមីនា​) គឺ​ចំណូល​បាន​ចំនួន ៦២០ ​លាន​ដុល្លារ​»​។

លោក​លើកឡើង​ទៀតថា បើតាម​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​ ៣១ ខែមីនា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ខែមីនា លទ្ធភាព​នៃ​ការប្រមូល​ចំណូល​អាច​នឹង​លើសពី ១០០ ​លាន​ដុល្លារ​បន្ថែមទៀត​។

មូលហេតុ​ធ្វើឱ្យ​ចំណូល​ក្នុង​ខែមីនា​កើនឡើង​ត្រូវបាន​លោក ហ៊ុន សែន ប្រាប់ថា​៖ «​ខែមីនា ជា​ខែ​ដែល​ត្រូវ​បង់​ពន្ធ​លើប្រាក់​ចំណេញ​នៃ​បណ្តា​ក្រុមហ៊ុន​»​។

លោក ហ៊ុន សែន បានឱ្យដឹង​ទៀតថា បើ​បូក​ជាមួយ​ចំណូល​ពន្ធគយ ក្នុង​ខែមីនា ឆ្នាំ​ ២០២២ កម្ពុជា​រកចំណូលបាន​ជាង ៩០០ ​លាន​ដុល្លារ​។

យោងតាម​លោក ហ៊ុន សែន កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ការប្រមូល​ពន្ធដារ សម្រេចបាន​ទឹកប្រាក់ ១ ០៣២ ​លាន​ដុល្លារ ដោយ​ក្នុង​ខែមករា មាន​ចំនួន ២១៧ ​លាន​ដុល្លារ​, ខែកុម្ភៈ ២០០ ​លាន​ដុល្លារ និង​ខែមីនា ៦១៥​ លាន​ដុល្លារ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៣១ ខែមីនា កំណើន​ចំណូល​ពន្ធដារ​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា​កាន់តែ​មាន​ភាពល្អប្រសើរ​ដោយ​ប្រជាជន​បានចាប់ផ្តើម​ចំណាយ​ច្រើនជាង​មុន ខណៈ​វិធីសាស្ត្រ​បង់ពន្ធ​សម្រាប់​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ក៏​កាន់តែ​ងាយស្រួល​ជាង​មុន​ដែរ​។ ចំណូល​នេះ​នឹងមាន​សម្ទុះ​ខ្លាំង​បន្ថែមទៀត ពិសេស​នៅពេល​វិស័យ​ទេសចរណ៍ និង​សំណង់​មាន​ភាព​ល្អប្រសើរ​ឡើងវិញ​។

ទោះយ៉ាងណា លោក វណ្ណៈ បាន​បញ្ជាក់ថា​៖ «​ដើម្បីឱ្យ​ការប្រមូល​ចំណូល​កាន់តែ​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឱ្យ​អាជ្ញាធរ​ពន្ធដារ​ត្រូវតែ​ខិតខំ​បន្ថែមទៀត​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​ពន្ធ​ ដើម្បី​កុំឱ្យ​មានការ​លេច​ជ្រាប​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា ទោះបី​ការរីក​រាលដាល​កូវីដ​ ១៩ នៅ​មិនទាន់​បិទ​បញ្ចប់​ទាំងស្រុង ប៉ុន្តែ​សកម្មភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​បានបង្ហាញ​សម្ទុះ​ឡើងវិញ​ហើយ​។ នេះ​ជា​មូលហេតុ​ធ្វើឱ្យ​ការ​ប្រមូល​ចំណូល​ពន្ធ​កើនឡើង​។ លោក​បន្តថា​អត្រា​ភាគរយ​ខ្ពស់​នៃ​ចំនួន​ប្រជាជន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ និង​ការប្រកាស​បើក​ប្រទេស​ចាប់​តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ គឺជា​កម្លាំងចលករ​មួយ​ដ៏សំខាន់​ដែល​ជួយ​ជំរុញ​ឱ្យ​ចង្វាក់​ផលិតកម្ម​ដំណើរការ​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ចង្វាក់​ផលិតកម្ម​មានដំណើរ​ការ វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ចំណូល​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឱ្យ​ការប្រមូល​ពន្ធដារ និង​ពន្ធគយ​កើនឡើង​ផងដែរ​»​។

យោងតាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ការប្រមូល​ចំណូល​ពន្ធដារ ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន ២ ៧៨១,៩២ ​លាន​ដុល្លារ កើន​លើស​ផែនការ ២៤,០២ ​ភាគរយ​៕ LA