ភ្នំពេញៈ កម្ពុជា​ផលិត​មាស​បាន​ជាង ២ ​តោន​ក្នុង​រយៈពេល ​៩​ ខែ បន្ទាប់ពី​ក្រុមហ៊ុន​អូស្ត្រាលី Renaissance Minerals (Cambodia)Ltd ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​កាលពី​ថ្ងៃទី​ ២១ ខែមិថុនា ដែលជា​ការបើកផ្លូវ​នៃ​ការបង្កើត​ចំណូល​ជាតិ​ពី​វិស័យ​រ៉ែ​មាស​ជា​លើកដំបូង​។ នេះ​បើតាម​ការលើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៣១ ខែមីនា​។

ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ នា​ព្រឹក​ថ្ងៃទី​ ៣១ ខែមីនា លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា អាជីវកម្ម​រ៉ែ​មាស​នេះ​បាន​ជំនួស​ដោយ​រ៉ែ​ប្រេងកាត ដែល​កម្ពុជា​ពុំទាន់​ទទួលបាន​អត្ថប្រយោជន៍ បើទោះបីជា​ប្លុក A ត្រូវបាន​គេ​ទាញយក​កន្លងមកនេះ ប៉ុន្តែ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ លោក​បញ្ជាក់ថា រ៉ែ​មាស​របស់​កម្ពុជា​នៅមាន​ទីតាំង​ច្រើន​កន្លែង​ទៀត ដែល​កំពុង​រុករក ហើយ​ការរុករក​នេះ គឺជា​ការប្រើប្រាស់​នូវ​ធនធានធម្មជាតិ​ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា រយៈពេល​ ៩ ​ខែ​នៃ​ដំណើរការ​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​អូរខ្វាវ ខេត្ត​មណ្ឌលគិរី កម្ពុជា​អាច​ផលិត​បាន​ចំនួន​ ២ ២៧៥​ គីឡូក្រាម​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​៖ «​គ្រាន់តែ​រយៈពេល ៩ ​ខែ យើង​ផលិត​មាស​បាន ២ ២៧៥ ​គីឡូក្រាម ឬ​ជាង ២ ​តោន នេះ​យើង​គិតតែ​មួយ​ទេ [​តំបន់​អូរ​ខ្វាវ មណ្ឌលគិរី​] នៅ​កន្លែង​ដទៃទៀត​។ អ៊ីចឹង​យើង​ក៏​ចាប់ផ្តើម​ប្រើប្រាស់​នូវ​ធនធានធម្មជាតិ​របស់​យើង​មួយចំណែក ដែល​យើង​បាននិងកំពុង​រុករក ដើម្បី​ធ្វើ​អាជីវកម្ម​បម្រើឱ្យ​សេចក្តី​ត្រូវការ​របស់​ប្រទេសជាតិ​»​។

Renaissance Minerals (Cambodia) Ltd គឺជា​ក្រុមហ៊ុន​ទី​ ១ ខ្នាត​អន្ដរជាតិ ដែល​បាន​ផលិត​មាស​ជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ក្នុង​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃ​ទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២១​។

លោក Pablo Kang ឯកអគ្គ​រាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​និយាយ​ក្នុងពេល​ចុះទៅពិនិត្យ​ការដ្ឋាន​របស់​ក្រុមហ៊ុន Emerald Resources នា​អំឡុង​ខែធ្នូ ឆ្នាំ​ ២០២១ ថា ការវិនិយោគ​របស់ Renaissance Minerals គឺជា​ការវិនិយោគ​របស់​អូស្ត្រាលី​ដ៏ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ថវិកា ១៤០ ​លាន​ដុល្លារ​សម្រាប់​រយៈពេល ១៥ ​ឆ្នាំ​។

កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ផលប្រយោជន៍​ជា​ចំណូល​ដុល​ជា​មធ្យម ១៨៥ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ដែល​ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្សេងៗ​ប្រមាណ​ ៤០​ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ពី​ក្រុមហ៊ុន​រុករក​រ៉ែ Emerald Resources របស់​អូស្ត្រាលី​នេះ ខណៈ​នៅក្នុង​ឆ្នាំ​ ២០២២ ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ចំនួន​ ៤​ បន្ថែមទៀត​នឹង​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាស​ជា​ផ្លូវការ​របស់ខ្លួន ដោយ​ក្នុងនោះ ៣ ក្រុមហ៊ុន​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន មាន​ទីតាំងនៅ​ខេត្តព្រះវិហារ ក្រចេះ និង​មណ្ឌលគិរី និង​មួយទៀត​ជា​ក្រុមហ៊ុន​មកពី​ប្រទេស​ឥណ្ឌា ដែលមាន​ទីតាំងនៅ​ខេត្តរតនគិរី​៕ LA

វីដេអូ៖