ភ្នំពេញៈ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ (MoU) ជាមួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (​ធ.អ.ជ.ក​.) ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​គម្រោង​ផ្តល់​ឥណទាន​គាំទ្រ​ការពង្រីក​ការដាំដុះ​បន្លែ ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​កែច្នៃ​ផលិតផល​កសិកម្ម ព្រមទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​មៀន​ប៉ៃលិន ស្វាយ និង​ស្វាយចន្ទី​។

ពិធី​ចុះ MoU នេះ​ត្រូវបាន​ធ្វើឡើង​រវាង​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា និង​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម កាលពី​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០២២​។

លោក អ៊ិន ចាន់នី បាន​លើកឡើង​ថា នេះ​ជា​មោទនភាព​បំផុត​ដែល​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ចូលរួមចំណែក​ក្នុងការ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​វិស័យ​កសិកម្ម តាមរយៈ​ការជំរុញ​ឱ្យមាន​ស្ថិរភាព​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​សម្រាប់​គាំទ្រ​ការស្តារ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

MoU មាន​ចក្ខុវិស័យ​រួម​ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម តាមរយៈ​ការផ្តល់​ឥណទាន​រួមគ្នា​លើ​វិស័យ​សំខាន់ៗ​ចំនួន​ ៦ រួមមាន ការចិញ្ចឹម​សត្វ វារីវប្បកម្ម ការដាំដុះ​បន្លែ-​ផ្លែឈើ និង​ការកែច្នៃ​ផលិតផល​កសិកម្ម ព្រមទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​មៀន​ប៉ៃលិន ស្វាយ និង​ស្វាយចន្ទី ក្រោម​ប្រភព​ទុន​រួមគ្នា​ (៥០ ​ភាគរយ-៥០​ ភាគរយ​) រវាង​ធ.អ.ជ.ក.​ និង អេស៊ីលីដា ដោយ​ឈរលើ​មូលដ្ឋាន​ «​មក​មុន​ផ្តល់​មុន​» ឬ First Come, First Served​។ ការពង្រីក​ឥណទាន​លើ​វិស័យ​ទាំង​ ៦ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ផលិតកម្ម​ក្នុងស្រុក ជាពិសេស​នៅ​ទីជនបទ​។

លោក កៅ ថាច បាន​និយាយថា នេះ​ជា​សក្ខីភាព​នៃ​ការ​អនុវត្ត​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រដ្ឋាភិបាល​ដំណាក់កាល​ទី​ ២​ ដែល​ ធ.អ.ជ.ក និង​ធនាគារ អេស៊ីលីដា បាន​សហការគ្នា​អនុវត្ត​យន្តការ​សហហិរញ្ញប្បទាន​ចែករំលែក​ហានិភ័យ​សំដៅ​ផ្តល់​ឥណទាន​គាំទ្រ​ដល់​វិស័យ​កសិកម្ម​។

លោក​ថ្លែងថា​៖ «​យន្តការ​នេះ​ជា​ការដាក់​មូលនិធិ​ជា​កញ្ចប់​រួម​ក្នុង​គោលបំណង​ពង្រីក​វិសាលភាព និង​ទំហំ​ឥណទាន​ដែល​បង្ហាញ​ពី​ការរួមចំណែក​របស់​ធនាគារ​អេស៊ីលីដា បន្ថែម​លើ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ដែលមាន​ក្នុង​កម្មវិធី​នេះ ហើយ​ក៏​ជា​យន្តការ​ថ្មី​ដែល​វិស័យ​ឯកជន​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​កម្មវិធី​ពិសេស​នេះ​ផងដែរ​»​។

លោក​បញ្ជាក់ថា ក្នុងអំឡុង​ពេល​ស្ថានភាព​សេដ្ឋកិច្ចជាតិ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​ស្ថិតក្នុង​ដំណាក់កាល​ស្តារ​សេដ្ឋកិច្ច ធ.អ.ជ.ក នៅតែ​បន្ត​គាំទ្រ​ការផ្តល់​ឥណទាន​កសិកម្ម​យ៉ាងសកម្ម​ក្នុង​គោលដៅ​រក្សា​លំនឹង​អាជីវកម្ម SMEs ក្នុង​វិស័យ​កសិកម្ម តាមរយៈ​ប្រភព​ទុន​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​ ១ គាំទ្រ​ដល់​ការដាំ​បន្លែ ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​បន្ត​ជួយ​គាំទ្រ​ផ្តល់​ឥណទាន​កសិកម្ម​នៅក្នុង​អត្រា​ការប្រាក់​សម្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​កសិកម្ម​។

កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ជាង ១,៨ ​លាន​តោន​នា​រយៈពេល ២ ​ខែ ដើម​ឆ្នាំ​ ២០២២ កើនឡើង​ជិត ១០ ​ភាគរយ ស្មើនឹង​ជិត ១៦ ​ម៉ឺន​តោន​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម​។

បើតាម​ក្រសួងកសិកម្ម ការដាំ​មៀន​ប៉ៃលិន​កំពុង​កើនឡើង​គួរឱ្យ​កត់សម្គាល់​ដោយមាន​​ផ្ទៃដី​ដាំ​ជាង​ ១៣ ៦០៨ ​ហិកតា​នៅ​ទូទាំងប្រទេស ហើយ​ភាគច្រើន​ដាំ​នៅក្នុង​ខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ​។ មៀន​ប៉ៃលិន​នេះ​ផ្តល់​ផល​ជា​មធ្យម​ពី ៧-៣០ ​តោន​ក្នុង ១ ហិកតា​អាស្រ័យ​លើ​ការថែទាំ​។ សម្រាប់​ផលិតផល​គ្រាប់ស្វាយ​ចន្ទី​កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​ក្នុង​ទឹកប្រាក់​សរុប ១ ៦០៤,៨៧ ​លាន​ដុល្លារ​កើនឡើង ២៣៣,៣២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ ៤៨១,៤៨​ លាន​ដុល្លារ​។

កាលពី​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កញ្ចប់​ថវិកា​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​ដែលមាន​ទឹកប្រាក់​ចំនួន ៥០ ​លាន​ដុល្លារ ដំណាក់កាល​ទី​ ២​ ដល់ ធ.អ.ជ.ក សម្រាប់​ប្រើប្រាស់​លើ​ការផ្តល់​ហិរញ្ញប្បទាន​ផ្ទាល់ និង​សម្រាប់​កម្មវិធី​សហហិរញ្ញប្បទាន​ចែករំលែក​ហានិភ័យ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​សំដៅ​គាំទ្រ​ដល់​ការដាំដុះ​បន្លែ-​ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម​ព្រមទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​មៀន​ប៉ៃលិន ស្វាយ និង​ស្វាយចន្ទី​៕ LA