ភ្នំពេញៈ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១៥១ ៦៨០ នាក់នៅត្រីមាសទី ១ ឆ្នាំ ២០២២ កើនឡើង ១១៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលនេះជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍ បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលជំងឺកូវីដ ១៩ ជាង ២ ឆ្នាំមកនេះ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានគ្រប់គ្រងស្ថិតិទេសចរណ៍នៃក្រសួងទេសចរណ៍ បានប្រាប់ថាក្នុងត្រីមាសទី១ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប ១៥១ ៦៨០ នាក់ កើន ១១៤ ភាគរយបើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២១។ ក្នុងនោះភ្ញៀវមកតាមផ្លូវអាកាសមានចំនួន ៨៦ ៥៨៨ នាក់កើន ១៥៨,២ ភាគរយ, តាមផ្លូវគោក ៦៣ ០៤៨ នាក់ កើន ៦៨,៧ ភាគរយ និងតាមផ្លូវទឹក ២ ០៤៤ នាក់។
លោកថ្លែងថា៖ «ចំពោះស្ថានភាពជើងហោះហើរមានចំនួន ១ ១៨១ ជើង ក្នុងនោះរួមមាន ទីក្រុងភ្នំពេញ ចំនួន ១ ០១២ ជើង, ខេត្តសៀមរាប ១៤៤ ជើង និងខេត្តព្រះសីហនុ ៥៥ ជើង»។
ជាមួយគ្នានេះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ទោះបីសាំងឡើងថ្លៃក៏ដោយពលរដ្ឋនឹងសន្សំសំចៃ ដោយប្ដូរឥរិយាបថក្នុងការប្រើប្រាស់រថយន្ដដើរកម្សាន្តជាក្រុម ដើម្បីកាត់បន្ថយថ្លៃធ្វើដំណើរ។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះ មានការកក់សណ្ឋាគារជាច្រើនមានក្នុងខេត្តសៀមរាប, មណ្ឌលគិរី, ក្រុងព្រះសីហនុ និងតំបន់ឆ្នេរជាដើម។
លោកបញ្ជាក់ថា៖ «ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតែមាន ជាក់ស្ដែងបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ និងតំបន់ឆ្នេរ គិតត្រឹមពេលនេះមានការកក់ស្នាក់នៅជាបន្ដបន្ទាប់។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយត្រៀមខ្លួនដើរលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ក្នុងនោះក្រសួងក៏មានការណែនាំស្ដីពីការត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដោយនឹងរៀបចំកន្លែងកម្សាន្តជូនបងប្អូនឱ្យមានសុវត្ថិភាព, អនាម័យ, គុណភាព, សេវាកម្មឱ្យបានល្អ និងជាពិសេសបំផុតគឺធ្វើយ៉ាងណា ដើម្បីកុំឱ្យមានការឡើងថ្លៃលើផ្នែកសេវាកម្ម និងម្ហូបអាហារ»។
លោក កន ចាន់សត្យា អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Lynnaya Angkor River Resort and Spa បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣១ ខែមីនានេះថា សណ្ឋាគារចាប់ផ្តើមទទួលបានការកក់ពីអតិថិជនជាបណ្តើរៗហើយ តែមិនទាន់ពេញនៅឡើយទេ ដោយការកក់អាចនឹងមានច្រើននៅពេលកៀកបុណ្យចូលឆ្នាំខ្មែរ។ លោកបានបន្ថែមថា អតិថិជន ដែលបានកក់គឺសុទ្ធតែជាភ្ញៀវជាតិ ដោយឡែកភ្ញៀវអន្តរជាតិមិនទាន់មាននៅឡើយទេ។
លោកបានបញ្ជាក់ថា៖ «នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ថ្វីដ្បិតស្ថានភាពជំងឺកូវីដ ១៩ នៅតែបន្តកើតមាន ប៉ុន្តែអាចនឹងមានភ្ញៀវមកកម្សាន្តនៅខេត្តសៀមរាបច្រើន ដោយសារអាជ្ញាធរខេត្តបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជាច្រើនទាំងក្នុងក្រុង និងតាមរមណីយដ្ឋាន ហើយអាជីវកម្មទេសចរណ៍នានាក្នុងខេត្តបានអនុវត្តវិធានការការពារតាមក្រសួងសុខាភិបាល និងស្តង់ដា SOP របស់ក្រសួងទេសចរណ៍ យ៉ាងត្រឹមត្រូវដែលអាចផ្តល់ទំនុកចិត្តដល់អ្នកទេសចរបាន។ ទោះយ៉ាងណាការចំណាយរបស់ភ្ញៀវក្នុងស្រុកនៅមានកម្រិតខុសពីភ្ញៀវបរទេស ដែលមានការចំណាយលើការស្នាក់នៅ»។
ម្ចាស់ផ្ទះសំណាក់ The Freedom លោក ឈីន ចាន់រ៉ា បានឱ្យដឹងដែរថា ជាទូទៅរាល់ពេលមានពិធីបុណ្យជាតិធំៗបែបនេះ ភ្ញៀវទេសចរ តែងតែកក់មុនត្រឹម ២ ទៅ ៣ ថ្ងៃ។ លោកបន្ថែមថា ជាទូទៅតម្លៃការស្នាក់នៅពេលបុណ្យទានតែងឡើងថ្លៃខ្លះ ប៉ុន្តែសម្រាប់ផ្ទះសំណាក់របស់លោកឡើងថ្លៃតិចតួចប៉ុណ្ណោះ ដែលភ្ញៀវទេសចរអាចមានលទ្ធភាពក្នុងការស្នាក់នៅបាន។
លោកនិយាយថា៖ «បើទោះបីវិបត្តិកូវីដ ១៩ ធូរស្រាល ប៉ុន្តែអាជីវកម្មផ្ទះសំណាក់ ឬសណ្ឋាគារ មានសង្ឃឹមតែពេលមានបុណ្យទានធំៗប៉ុណ្ណោះ ព្រោះមានភ្ញៀវក្នុងស្រុកចេញដើរច្រើនដែលជួយឱ្យម្ចាស់អាជីវកម្មអាចបន្តរស់រាននៅក្នុងអំឡុងពេលដ៏លំបាកនេះ។ ខ្ញុំយល់ថា ទោះបីប្រទេសយើងបើកវិញក៏ដោយ បើប្រទេសផ្សេងនៅរឹតបន្តឹងយើងមិនអាចមានភ្ញៀវអន្តរជាតិមកបានដែរ»។
យោងតាមតារាងសូចនាករគន្លឹះទេសចរណ៍ និងស្ថិតិទេសចរផ្លូវការក្រសួងទេសចរណ៍ក្នុងឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១៩៦ ៤៩៥ នាក់ ថយចុះ ៨៥ ភាគរយធៀបឆ្នាំ ២០២០ ខណៈចំណូលបានពីទេសចរអន្តរជាតិ មាន ១៨៤ លានដុល្លារ ធ្លាក់ចុះ ៨២ ភាគរយពីចំនួន ១ ០២៣ លានដុល្លារកាលពីឆ្នាំ ២០២០។ ក្នុងឆ្នាំ ២០២១ វិស័យទេសចរណ៍បានរួមចំណែកក្នុងផលិតផលក្នុងស្រុក ១,៨ ភាគរយ ធ្លាក់ពី ៣ ភាគរយកាលពីឆ្នាំ ២០២០៕ LA
វីដេអូ៖