
ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នៅមុនជំងឺរាតត្បាតកូវីដ ១៩។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន KHBN នឹងរៀបចំពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានមរតកតេជោរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៦-១០ ខែមេសា ឆ្នាំ ២០២២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរ និងផលិតផលទេសចរណ៍ផង និងដើម្បីបង្ហាញនូវមុខមាត់របស់ពហុកីឡដ្ឋានជាតិដ៏ធំមួយនេះផង។
លោក តុប សុភ័គ អ្នកនាំពាក្យ ក្រសួងទេសចរណ៍ ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៣១ ខែមីនាថា ការរៀបចំកម្មវិធីពិព័រណ៍នេះ ក្នុងគោលបំណងសំខាន់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរ និងផលិតផលទេសចរណ៍ផងដល់សាធារណជន និងភ្ញៀវទេសចរមិនត្រឹមតែសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាធំៗប៉ុណ្ណោះទេ តែក៏ជាទីតាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ វប្បធម៌ ទេសចរណ៍ ក៏ដូចជាកម្មវិធីកម្សាន្តនានាផងដែរ។
លោកថ្លែងថា៖ «យើងរំពឹងថានឹងមានភ្ញៀវទេសចរ និងសាធារណជនចូលរួមមកលេងកម្សាន្តច្រើន នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ដោយសារស្ថានភាពកូវីដ ១៩ នៅក្នុងប្រទេសមានស្ថានភាពធូរស្រាលច្រើន ដោយសារតែប្រជាពលរដ្ឋស្ទើរតែទាំងអស់គ្នានៅក្នុងប្រទេសបានទទួលការចាក់វ៉ាក់សាំង និងមានភាពស៊ាំពីការឆ្លងជំងឺកូវីដ ១៩ នេះ»។
បើតាមលោក តុប សុភ័គ កម្មវិធីនានានៅក្នុងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះរួមមាន ការតាំងពិព័រណ៍ផលិតផល កម្មវិធីសម្ដែងរបាំប្រពៃណី កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរចម្រុះ កម្មវិធីចម្រៀង និងរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ និងកម្មវិធីសម្ដែងសិល្បៈគុនខ្មែរ កម្មវិធីប្រឡងក្រុម Tik Tok និងកម្មវិធីប្រឡងចម្រៀង ការសម្ដែងរបាំឆៃយ៉ាំ និងរបាំគ្រុឌ កម្មវិធីប្រឡងបវរកញ្ញាមជ្ឈិមសម័យជាដើម ដែលនឹងប្រព្រឹត្តទៅតាមពេលវេលា និងម៉ោងផ្សេងៗគ្នាពេញក្នុងរយៈពេល ៥ ថ្ងៃ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ប្រាប់ភ្នំពេញប៉ុស្តិ៍ថា រាល់ព្រឹត្តិការណ៍ទាំងឡាយណា បើទោះបីជាប្រភេទទេសចរណ៍ វប្បធម៌ កសិកម្ម និងកីឡា ក៏ដោយគឺសុទ្ធនាំផលប្រយោជន៍ដល់ការលើកស្ទួយវិស័យទេសចរណ៍ វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយូរអង្វែង។
សម្រាប់ពិព័រណ៍នេះ ទាក់ទាញតែភ្ញៀវទេសចរក្នុងស្រុកតែប៉ុណ្ណោះ ព្រោះវាមិនជាពិព័រណ៍អន្តរជាតិ។
លោកថ្លែងថា៖ «ខ្ញុំសូមកោតសរសើរចំពោះក្រុមហ៊ុនដែលហ៊ានធ្វើ និងរៀបចំនូវការរៀបចំពិព័រណ៍ នៅក្នុងដំណាក់កាលដ៏លំបាកនេះ។ ពិព័រណ៍នេះ ថ្វីដ្បិតតែខ្ញុំ មិនដឹងគេធ្វើនៅក្នុង B to B [ Business to Business] ឬ B to C [Business to Customer] ទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ តិចឬច្រើន វានឹងនាំផលមកនូវអត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ វប្បធម៌ និងកីឡានេះជាក់ជាមិនខាន»។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឱ្យដឹងកាលពីថ្ងៃទី ៣០ ខែមីនាថា ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះនឹងក្លាយជាផលិតផលទេសចរណ៍មួយដ៏សំខាន់ក្នុងការផ្ដល់ជូនការកម្សាន្តរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅរាជធានី-ភ្នំពេញ និងមកពីខេត្តនានា។
លោកបន្តថា ទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាទីតាំងដ៏ស័ក្តិសមបំផុតមួយសម្រាប់រៀបចំព្រឹត្តិការណ៍នានា ដោយនៅទីនោះមានទាំងវិមានឈ្នះ-ឈ្នះ និងសួនសត្វសាហ្វារី ដែលសុទ្ធតែជាផលិតផលទេសចរណ៍ទាក់ទាញយ៉ាងសំខាន់។
លោកក៏បានអំពាវនាវដល់ពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនទូទៅ ចូលរួមកម្សាន្តក្នុងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះឱ្យបានច្រើនកុះករ។
លោក ថោង ខុន ថ្លែងថា៖ «ក្រៅពីពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញនេះនៅខេត្តសៀមរាប កំពង់ឆ្នាំង និងនៅខេត្ត ឬក្រុងផ្សេងទៀតក៏មានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ឬកម្មវិធីកម្សាន្តផ្សេងៗផងដែរ ពោលគឺធ្វើទៅតាមលទ្ធភាពរបស់អាជ្ញាធររៀងៗខ្លួន»។
កម្ពុជាខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំរយៈពេល ២ ឆ្នាំជាប់គ្នា គឺនៅឆ្នាំ ២០២០ និង ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ដែលបានបំផ្លាញវិស័យទេសចរណ៍ស្ទើរទាំងស្រុង៕LA