ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន​ជាង ៣,៤ ​លាន​តោន​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ កើន​ជាង ១១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ​២០២១ ខណៈ​តាម​ការប៉ានស្មាន​អាចមាន​តម្លៃ​ជាង ១,២ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​លទ្ធផល​នៃ​ការនាំចេញ​កសិផល​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ របស់​អគ្គនាយកដ្ឋាន​កសិកម្ម ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ បង្ហាញថា កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ក្នុង​បរិមាណ​សរុប ៣ ៤៣៤ ០៧០,៦៣ ​តោន ទៅ​ទីផ្សារ​គោលដៅ ៥៧​ ប្រទេស ដោយមាន​កំណើន ៣៤៤ ៨៦០,៧១ ​តោន ស្មើ ១១,១៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ទទួលបាន​ត្រឹម​ ៣ ០៨៩ ២០៩,៩២ ​តោន​។

ចំណែក​ទឹកប្រាក់​ដែល​ទទួលបាន​តាម​ការ​ប៉ាន់ស្មាន​ដោយ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នកនាំចេញ​មាន​ចំនួន ១ ២៦៨,៦ ​លាន​ដុល្លារ​។

កសិផល​សំខាន់ៗ​នាំចេញ​រួមមាន អង្ករ ស្រូវ ចំណិត​ដំឡូងមី​ក្រៀម ដំឡូងមី​ស្រស់ ម្សៅ​ដំឡូងមី គ្រាប់ស្វាយចន្ទី​ឆៅ និង​កែច្នៃ គ្រាប់​សណ្តែកបាយ គ្រាប់ពោត ផ្លែ​ចេក​ស្រស់ ផ្លែក្រូច​ត្លុង ផ្លែស្វាយ​ស្រស់ និង​កែច្នៃ ម្រេច​ស្រស់ និង​កែច្នៃ ​ថ្នាំជក់ បន្លែ​ចម្រុះ ម្ទេស​ស្រស់ និង​ក្រៀម ជាដើម​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៣ ខែមេសា ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​បន្ត​រីកចម្រើន​ជា​បន្តបន្ទាប់ ដោយ​ទិន្នផល​ដែល​ប្រមូលបាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការនាំចូល​ពី​ប្រទេស​ជិតខាង​នោះទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​បរិមាណ​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​កាន់តែច្រើន​ផងដែរ​។ លោក​បន្តថា កំណើន​ទិន្នផល​កសិកម្ម​ជា​បន្តបន្ទាប់​នេះ គឺ​បណ្តាលមកពី​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា សមត្ថភាព​នៃ​ការផលិត​កំពុង​កើនឡើង​តាមរយៈ​ការធ្វើ​កសិកម្ម​តាមបែប​ឆ្លាត​វៃ ដោយ​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការធ្វើ​កសិកម្ម​បែប​ប្រពៃណី​ទៅជា​កសិកម្ម​បែប​ទំនើប​, សមិទ្ធផល​នៃ​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ (​ប្រព័ន្ធ​ផ្លូវថ្នល់​ដឹកជញ្ជូន កំពង់ផែ អគ្គិសនី ប្រព័ន្ធ​ស្រោចស្រព រោងចក្រ​កែច្នៃ និង​វេចខ្ចប់​), និង​ការពង្រីក​ទីផ្សារ​អន្តរជាតិ​ថ្មីៗ​សម្រាប់​នាំចេញ​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​កសិផលរ​បស់​យើង​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​នឹង​កើនឡើង​ច្រើន​ថែមទៀត​ធៀប​នឹង​ឆ្នាំ​ ២០២១ ខណៈ​កាលពី​ឆ្នាំ​ ២០២១ ការនាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ទឹកប្រាក់​ជាង ៤​ ពាន់​លាន​ដុល្លារ និង​ឆ្នាំ​ ២០២០ មាន​ជាង ៣ ​ពាន់​លាន​ដុល្លារ​»​។

លោក​បាន​បន្ថែមថា កំណើន​ទិន្នផល និង​ប្រាក់ចំណូល​ពី​ការនាំចេញ​កសិផល​មិន​ត្រឹមតែ​ចូលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​បង្កើត​ការងារ ប្រាក់ចំណូល​ដល់​ប្រជាកសិករ និង​អ្នកវិនិយោគ​ផងដែរ​។

អនុប្រធាន​សមាគម​សុវត្ថិភាព​បន្លែ ត្រី សាច់ លោក សុខ យ៉ន បាន​និយាយថា បញ្ហា​ទីផ្សារ បច្ចេកទេស​ដាំដុះ និង​ការពង្រីក​ផ្ទៃដី​កសិកម្ម​បាន​ធ្វើឱ្យ​ទិន្នផល​កសិផល​កម្ពុជា​ក្នុង​រយៈពេល ២-៣ ​ឆ្នាំ​ចុងក្រោយ​នេះ​កើន​ជា​បន្តបន្ទាប់ ពិសេស​ផលិតផល​ដែលមាន​ទីផ្សារ​នៅក្រៅ​ប្រទេស​។ កំណើន​ទិន្នផល​មិន​ត្រឹមតែ​ជួយ​ឱ្យ​កម្ពុជា​មាន​ឯករាជភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​ទីផ្សារ​ផលិតផល​កសិផល​កម្ពុជា​ត្រូវគេ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​កាន់តែច្រើន​ផងដែរ​។

លោក​ប្រាប់ថា​៖ «​ការពង្រីក​បាន​ទីផ្សារ​នាំចេញ​ជា​បន្តបន្ទាប់ ពិសេស​ប្រទេស​ចិន​បានធ្វើឱ្យ​ការដាំដុះ​របស់​ប្រជាកសិករ​ខ្មែរ រួមទាំង​ការវិនិយោគ​របស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ដើម្បី​នាំចេញ​មាន​ចំនួន​កាន់តែច្រើន​ផងដែរ​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា កម្ពុជា​ក៏ត្រូវ​តែ​ខិតខំ​សម្រិតសម្រាំង​ពូជ គុណភាព​ផលិតផល និង​ការវេចខ្ចប់​ឱ្យមាន​លក្ខណៈ​ស្តង់ដា​ ដើម្បី​បង្កើត​សក្តានុពល​នាំចេញ​ផងដែរ​។

កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស (៦៨ ប្រទេស​) សរុប ៧ ៩៨៤ ២៥១,៨៣ តោន​កើនឡើង ៦៣,៨៣ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ទឹកប្រាក់​ទទួលបាន​មាន​ប្រមាណ ៤,៩៦​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ LA

វីដេអូ៖