ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ប្រសិទ្ធនាម​ខេត្តសៀមរាប​ជា «​តារារះ​នៅ​ទិសឧត្តរ​» ខណៈ​ខេត្ត​នេះ​កំពុង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ខ្នាត​យក្ស និង​ជា​ខេត្ត​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ជាមួយ​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ​ និង​ខេត្តបាត់ដំបង ល្អប្រសើរ ពិសេស​វត្តមាន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨ ខ្សែ​ក្នុង​ក្រុង​សៀមរាប​។

នៅក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី នា​ថ្ងៃទី​ ៣ ខែមេសា ឆ្នាំ​ ២០២២ លោក ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ដល់ពេល​ត្រូវ​ប្រកាស​ដាក់​ខេត្តសៀមរាប ដែលជា​ខេត្ត​ទេសចរណ៍​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ជា​«​តារារះ​​នៅ​ទិសឧត្តរ​» ​មួយទៀត បន្ទាប់ពី​ខេត្ត​ព្រះសីហនុ «​តារា​រះ​នៅ​ទិសនិរតី​»​។

លោក​ថ្លែងថា​៖ «​តារារះ​នៅ​ទិសឧត្តរ​មួយទៀត​វា​ល្មម​ដល់ពេល​ហើយ​។ យើង​និយាយ​យ៉ាង​ដូច្នេះ គឺ​យើង​មាន​វឌ្ឍនភាព​ច្រើន​ទៅលើ​ការតភ្ជាប់​រវាង​ទីក្រុង​ភ្នំពេញ​មកកាន់​ខេត្តសៀមរាប និង​ពី​សៀមរាប​ទៅកាន់​ខេត្តបន្ទាយមានជ័យ ទៅ​បាត់ដំបង បូករួម​ជាមួយ​នឹង​ការដាក់ទុន​យ៉ាងច្រើន​ចូលទៅ​ទីរួម​ខេត្តសៀមរាប ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ដ៏ល្អ​ក្នុង​ទី​រួម​ខេត្ត យើង​កំពុង​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​ខ្នាត​យក្ស​នៅ​ខេត្តសៀមរាប​នេះ​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា ការ​ប្រសិទ្ធ​នាម​ជា​តារារះ​ទិសឧត្តរ​នេះ​នឹងមិន​គ្របដណ្តប់ និង​បម្រើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច តែ​នៅក្នុង​ខេត្តសៀមរាប​នោះទេ ប៉ុន្តែ​វា​នឹង​គ្របដណ្តប់ និង​បម្រើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ជុំវិញ​រួមមាន​ខេត្ត​ឧត្តរមានជ័យ ខេត្ត​កំពង់ធំ និង​មួយផ្នែក​នៃ​ខេត្តព្រះវិហារ​ផងដែរ​។

លោក​បញ្ជាក់ទៀតថា ខេត្តសៀមរាប​នឹងមាន​ទីក្រុង​រណប​ថ្មី​មួយ​ស្ថិតនៅ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​នៃ​ស្រុក​សូទ្រនិគម ដែល​នឹង​ប្រមូល​ផ្តុំ​ទៅដោយ​អគារ​សំណង់​ផ្សេងៗ ពិសេស​វា​នឹង​ក្លាយទៅជា​តំបន់​លំនៅឋាន ដែលមាន​ការអភិវឌ្ឍ​រីកចម្រើន​នៅពេល​ខាងមុខ​។ ដូច្នេះ​ការវិនិយោគ​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប និង​ប្រទេសជាតិ​តាមរយៈ​កំណើន​ទេសចរណ៍​។

លោក លី សំរិទ្ធ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការប្រសិទ្ធ​នាម​ជា​ «​តារារះ​នៅ​ទិសឧត្តរ​» របស់​លោក​នាយករដ្ឋមន្ត្រី​គឺ​ដោយសារ​សៀមរាប​មានការ​អភិវឌ្ឍ​ច្រើន និង​មួយវិញទៀត​វា​នឹង​ក្លាយជា​កាតាលីករ​ជួយ​ជំរុញ​ល្បឿន​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កាន់តែ​លឿន និង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ និង​ធុរកិច្ច​ឱ្យមក​បណ្តាក់ទុន​ក្នុង​ខេត្ត​បាន​កាន់តែច្រើន​។

លោក​ប្រាប់ថា​៖ «​ការប្រសិទ្ធនាម​របស់​សម្តេច​តេជោ​ឱ្យ​ខេត្តសៀមរាប​ជា​ «​តារា​រះ​នៅ​ទិសឧត្តរ​» ​នឹង​ជួយ​ជំរុញ​កំណើន​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​លឿន ដូចជា​យើង​មាន​ព្រលានយន្តហោះ​ថ្មី​វា​នឹងធ្វើ​ឱ្យមាន​កំណើន​ទេសចរ ធុរកិច្ច អាជីវកម្ម និង​សេវាកម្ម​ក៏​កើន​។ ហ្នឹងហើយ​ដែលថា រះ​បន្ទាប់ពី​ការអភិវឌ្ឍ ហើយ​នៅពេល​ដែល​រះ​ហើយ នឹង​ទាក់ទាញ​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត​កាន់តែខ្លាំង​ថែមទៀត​»​។

បើតាម​លោក លី សំរិទ្ធ នៅពេល​ខេត្តសៀមរាប​មានការ​រីកចម្រើន និង​អភិវឌ្ឍ ប្រជាជន​ទូទាំង​ប្រទេស ពិសេស​នៅក្នុង​ខេត្តសៀមរាប​នឹង​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​ការរីកចម្រើន​ទាំងអស់នេះ​។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ ១៥០​ លាន​ដុល្លារ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផ្លូវ​ចំនួន ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​សំដៅ​បង្កើន​សោភណភាព​ខេត្ត​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​មាន​ទីតាំង​នៅក្នុង​ឃុំ​តាយ៉ក ស្រុក​សូទ្រនិគម និង​ត្រូវបាន​សាងសង់ឡើង​លំដាប់ 4E លើ​ផ្ទៃដី ៧៥០ ​ហិកតា​ជាមួយ​ទុនវិនិយោគ​ប្រមាណ​ជិត ៩០០ ​លាន​ដុល្លារ​។ បច្ចុប្បន្ន គម្រោង​នេះ​សម្រេចបាន ២២ ​ភាគរយ ដោយ​គ្រោង​នឹងដាក់​ឱ្យ​ចុះចត​សាកល្បង​នៅ​អំឡុង​ខែតុលា ឆ្នាំ​ ២០២៣៕ LA

វីដេអូ៖