ភ្នំពេញៈ គម្រោង​វិនិយោគ​ចំនួន ៤១ ដែលមាន​តម្លៃ​សរុប ២ ៣៩២,៥៨ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៤០ ១៤៧ ​កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​អនុម័ត​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ដែល​ភាគច្រើន​ស្ថិតក្នុង​វិស័យ​វាយនភណ្ឌ​។ នេះ​បើ​យោងតាម​ការគណនា​របស់​ភ្នំពេញ​ប៉ុស្តិ៍​។

បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​របស់ CDC គម្រោង​ដែល​ត្រូវបាន​អនុម័ត​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មាន​ដូចជា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ផលិតផល​ធ្វើដំណើរ ស្បែកជើង រោងចក្រ​កែច្នៃ​វេចខ្ចប់​ផ្លែឈើ រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត សណ្ឋាគារ មន្ទីរពេទ្យ រោងចក្រ​ដំឡើងរថយន្ត និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៣ ខែមេសា​ថា ទោះបីជា​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅលើ​ពិភពលោក​បានអូសបន្លាយ​ចាប់តាំងពី​ចុងឆ្នាំ​ ២០១៩ រហូតមកដល់​បច្ចុប្បន្ន​ក៏ដោយ ក៏​ចំនួន​គម្រោង​វិនិយោគ​ដែល​បានមក​ដាក់​ពាក្យសុំ​វិនិយោគ​នៅ​កម្ពុជា មិនបាន​ធ្លាក់ចុះ​នោះទេ ពិសេស​ចាប់ពី​ចុងឆ្នាំ​ ២០២១ មក​។ លោក​បាន​បន្តថា កំណើន​ចំនួន​គម្រោង​ស្នើសុំ​វិនិយោគ និង​ការអនុម័ត​ពី CDC គឺ​ដោយសារ​មាន​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ការសម្រេច​បានជា​បន្ត​បន្ទាប់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ជា​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​ជាមួយនឹង​ប្រទេស​ជាច្រើន​លើ​ពិភពលោក​, ការដាក់ចេញ​គោលនយោបាយ​ទាក់ទាញ​អ្នកវិនិយោគ​របស់​កម្ពុជា​, ការគ្រប់គ្រង​ដោយ​ប្រសិទ្ធភាព​នៃ​ជំងឺ​កូវីដ ​១៩ និង​ការបើកទទួល​វិនិយោគិន​បរទេស​បាន​ឆាប់​រហ័ស​ជាងគេ​ក្នុង​តំបន់​។

លោក​បាន​និយាយថា​៖ «​លក្ខណពិសេស​នៃ​ទីតាំង​ភូមិសាស្ត្រ និង​យុទ្ធសាស្ត្រ​ទាំងអស់​ខាងលើ​បាន​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​កំពុងតែ​ទាក់ទាញ​នូវ​ចំណាប់​អារម្មណ៍​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ជាច្រើន​ឱ្យចូល​មក​ប្រទេស​កម្ពុជា​»​។

ជាមួយ​នឹង​សុទិដ្ឋិនិយម​ខាងលើ លោក លឹម ហេង បាន​ប្រាប់ទៀត​ថា​៖ «​អ្វីដែល​ពិសេស​សម្រាប់​រយៈពេល​ចុងក្រោយ​នេះ គឺ​ខ្ញុំ​សង្កេតឃើញថា គម្រោង​ដែល CDC អនុម័ត គឺមាន​លក្ខណៈ​ចម្រុះ​គួរឱ្យ​កត់សម្គាល់ ដែលមាន​ទាំង​ឧស្សាហកម្ម​ធុនស្រាល មធ្យម និង​ធ្ងន់​»​។

លោក​ពន្យល់ថា ការវិនិយោគ​ដែលមាន​លក្ខណៈ​ចម្រុះ​បែបនេះ​នឹង​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​លំនឹង​កាន់តែខ្លាំង ព្រោះ​បើ​ទីផ្សារ​នាំចេញ​ផ្នែក​ណាមួយ​មាន​បញ្ហា គឺ​វា​មិនអាច​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​ជាប់គាំង​នោះទេ​។

បើ​យោងតាម លោក លឹម ហេង ការចូល​ជា​ធរមាន​ជា​បន្តបន្ទាប់​នៃ​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​ដែល​កម្ពុជា​បាន​ធ្វើ​ជាមួយ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក និង​កំណើន​វិនិយោគ​ដែលមាន​លក្ខណៈ​ចម្រុះ​ក៏​កំពុង​ជួយ​កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង​របស់​កម្ពុជា​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​កម្ពុជា​អាច​នឹង​បាត់បង់​នាពេល​ខាងមុខ​ដូចជា EBA និង GSP ផងដែរ​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន និង​ការសហការ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​វិស័យ​ឯកជន​ក្នុងស្រុក​ក្នុងការ​កៀរគរ​វិនិយោគ​ពី​ក្រៅប្រទេស​បាន​ជំរុញឱ្យមាន​គម្រោង​វិនិយោគ​ថ្មី​ជាច្រើន​នៅ​ដើមឆ្នាំ​ ២០២២ នេះ​។

លោក​បន្ថែមថា វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏ល្អ​ក្នុង​ឆ្នាំ​ ២០២២ នេះ ទោះបី​ជំងឺ​កូវីដ​ ១៩ នៅ​បន្ត​យាយី​ក៏ដោយ​។ ម្យ៉ាងវិញទៀត មាន​កត្តា​ធំៗ​មួយចំនួន ដែល​ជំរុញ​ឱ្យ​ការបោះ​ទុនវិនិយោគ​បន្ត​មាន​ភាពវិជ្ជមាន រួមមាន ស្ថិរភាព​នយោបាយ ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​កម្ពុជា​បានល្អ​ប្រសើរ ការសម្រួល​ដល់​អ្នកវិនិយោគ តាមរយៈ​ច្បាប់​វិនិយោគ​ថ្មី រួមទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​តំបន់ និង​គោលនយោបាយ​ស្រោច​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល បានផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ទាំងនោះ​។

ទិន្នន័យ​ពី​ធនាគារ​នៃ​កម្ពុជា​បានឱ្យ​ដឹងថា គិត​ត្រឹម​ចុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៣៩ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​ប្រទេស​ចិន មាន​ចំណែក ៤៤,២ ​ភាគរយ​, កូរ៉េ ១០,៦ ​ភាគរយ​, វៀតណាម ៦,៣ ​ភាគរយ​, សិង្ហបុរី ៦,២ ​ភាគរយ​, ជប៉ុន​ ៥,៨​ ភាគរយ និង​ប្រទេស​មួយចំនួនទៀត​ដូចជា ម៉ាឡេស៊ី​, ថៃ​, អង់គ្លេស​, កាណាដា និង​អាមេរិក ជាដើម​៕ LA