ទីក្រុងញូវយ៉កៈ មន្ត្រី​ជាន់ខ្ពស់​ធនាគារ​កណ្តាល​អាមេរិក​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា ធនាគារកណ្តាល​មួយ​នេះ គួរតែ​ចាប់ផ្តើម​កាត់បន្ថយ​តារាង​តុល្យការ​របស់ខ្លួន​នៅ​ដើមខែ​ក្រោយ ជា​អ្វី​នឹង​ក្លាយជា​ជំហាន​ដ៏សំខាន់​មួយ​ក្នុងការ​ជំរុញឱ្យមាន​ការរឹតបន្តឹង​រូបិយវត្ថុ​។

នៅក្នុង​សុន្ទរកថា​មួយ នៅ​សាកលវិទ្យាល័យ Princeton លោក John Williams អ្នកបង្កើត​គោលនយោបាយ​របស់​ធនាគារ​កណ្ដាល​អាមេរិក​ដែលជា​ប្រធាន​ធនាគារ​បម្រុង​សហព័ន្ធ​នៅ​ញូវយ៉ក បាន​អះអាងថា ការ​រឹតបន្តឹង​នេះ គឺជា​ការ​បន្ទាន់​ក្នុងការ​ប្រឈមមុខ​នឹង​ហានិភ័យ «​ស្រួចស្រាវ​» ដែល​បង្កឡើង​ដោយ​អតិផរណា​កើនឡើង ហានិភ័យ​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​តែ​សង្គ្រាម​អ៊ុយក្រែន ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​កង្វះ​កម្លាំង​ពលកម្ម និង​ការផ្គត់ផ្គង់​ដែល​កំពុង​បន្ត​។

លោក​បាន​ថ្លែង​ដោយ​សំដៅ​គណៈកម្មាធិការ​ទីផ្សារ​បើកចំហ​សហព័ន្ធ​ដែលជា​ស្ថាប័ន​បង្កើត​គោលនយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​កណ្ដាល​អាមេរិក ដែល​គ្រោង​នឹង​ជួបប្រជុំ​នៅ​ថ្ងៃទី​ ៣ និង​ទី​ ៤ ខែឧសភា​ថា​៖ «​ខ្ញុំ​រំពឹងថា​ដំណើរការ​នៃ​ការកាត់បន្ថយ​ទំហំ​នៃ​តារាង​តុល្យការ​នេះ​អាច​ចាប់ផ្តើមបាន​ភ្លាមៗ​នៅពេលដែល​កិច្ចប្រជុំ FOMC ខែឧសភា​»​។

ក្នុងនាម​ជា​ប្រធាន​សាខា​ធនាគារ​ប្រចាំ​ញូវយ៉ក​របស់​ធនាគារ​កណ្ដាល​អាមេរិក​លោក Williams មាន​តួនាទី​ជា​អនុប្រធាន FOMC និង​ជា​សមាជិក​រូប​ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង​ ៨ ​របស់ខ្លួន​។

នៅ​រយៈពេល​ជាច្រើន​ថ្ងៃ​ដំបូង​នៃ​ជំងឺ​កូវីដ​ ១៩​ ដោយសារ​តែ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាត់បង់​តុល្យភាព ធនាគារ​កណ្តាល​អាមេរិក បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទិញ​មូលបត្រ​បំណុល និង​មូលបត្រ​ដែល​គាំទ្រ​ដោយ​កម្ចី​ទិញ​ផ្ទះ ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ហិរញ្ញវត្ថុ​។

នៅក្នុង​ដំណើរការ​នេះ ធនាគារ​នេះ​បាន​បង្កើន​ទំហំ​ជាង​ទ្វេដង​នៃ​តារាង​តុល្យការ​របស់ខ្លួន ដែល​បាន​កើនឡើង​ដល់ ៨,៩ ​ពាន់​ពាន់​លាន​ដុល្លារ​ពី ៤,១​ ពាន់​ពាន់​លាន​ដុល្លារ​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០​។

កាលពី​ខែ​មុន ធនាគារកណ្តាល​អាមេរិក បាន​បញ្ឈប់​ការទិញ​បែបនេះ ដែល​បង្ហាញ​ការអនុវត្ត​ ១ ​ជំហាន​ថយក្រោយ​ជាធម្មតា​លើកដំបូង​។

ឥឡូវនេះ ដើម្បី​កាត់បន្ថយ​តារាង​តុល្យការ​របស់ខ្លួន ធនាគារ​កណ្តាល​អាមេរិក នឹង​អនុញ្ញាតឱ្យ​ផលបត្រ​របស់ខ្លួន​ធ្លាក់ចុះ​ជា​លំដាប់​ជាពិសេស ដោយ​មិន​ជំនួស​ទាំងស្រុង​នូវ​មូលបត្រ​ទាំងនោះ​ដែល​ដល់​រយៈពេល​កំណត់​នោះទេ​។

កាលពី​ ២ ​សប្តាហ៍​កន្លងទៅ គណៈកម្មាធិការ​បង្កើត​គោល​នយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​កណ្ដាល​អាមេរិក​បាន​ចាត់​វិធានការ​ដំឡើង​អត្រា​ការប្រាក់​ ១​ ភាគ​ ៤ ដោយ​ដាក់​វា​ក្នុង​ចន្លោះ​ពី ០,២៥ ​ភាគរយ ទៅ ០,៥០​ ភាគរយ​។

ក្រុម​សេដ្ឋកិច្ចវិទូ ជាច្រើន​មើលឃើញថា ការសម្រេចចិត្ត​ដើម្បី​កាត់បន្ថយ​តារាង​តុល្យការ​របស់​ធនាគារ​កណ្ដាល​អាមេរិក​ថា​គ្រាន់តែ​ជា​វិធានការ​រូបិយវត្ថុ​ដ៏សំខាន់​មួយ ដូចជា​ការដំឡើង​អត្រា​ការប្រាក់​។

លោក Jerome Powell ប្រធាន​ធនាគារកណ្តាល​បានឱ្យដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​ ១៦ ខែមីនា​ថា ការកាត់បន្ថយ​តារាង​តុល្យការ​អាច​ត្រូវបាន​សម្រេច​នៅក្នុង​កិច្ចប្រជុំ FOMC នៅពេល​ខាងមុខ ប៉ុន្តែ​លោក​មិន​បញ្ជាក់​អំពី​ពេលវេលា​នោះទេ​៕ LA