
វិនិយោគិនតែងតែផ្អែកលើវិធីសាស្ត្រវិភាគបែបមូលដ្ឋាន ឬបច្ចេកទេស ដើម្បីជ្រើសរើសភាគហ៊ុនបានត្រឹមត្រូវ។ ហ៊ាន រង្សី
ដើម្បីទទួលបានចំណូលជាប្រចាំ និងរឹងមាំ វិនិយោគិនគប្បីចាប់ផ្តើមធ្វើការវិនិយោគឱ្យបានកាន់តែឆាប់កាន់តែល្អ។ ទោះជាយ៉ាងណាក្តី ដើម្បីទទួលបានជោគជ័យ វិនិយោគិនគប្បីវិនិយោគជាមួយការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវជ្រើសរើសវិនិយោគទៅលើភាគហ៊ុនណាដែលថ្លៃអាចនឹងមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគត។ ហេតុដូច្នេះហើយ ទើបវិនិយោគិនចាំបាច់ត្រូវចេះវិភាគភាគហ៊ុន ដើម្បីជ្រើសរើសមកវិនិយោគឱ្យបានត្រឹមត្រូវ។ វិនិយោគិនអាចធ្លាប់បានឮអំពីការវិភាគ ២ ប្រភេទ ដែលគេតែងលើកឡើងជារឿយៗ គឺការវិភាគបែបមូលដ្ឋាន និងការវិភាគបែបបច្ចេកទេស។ ការវិភាគបែបមូលដ្ឋាន និងបែបបច្ចេកទេស គឺជាវិធីដែលត្រូវបានគេចាត់ទុកថាជាការវិភាគកំពូលទាំង ២ នៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ការវិភាគបែបមូលដ្ឋានមើលទៅលើកត្តាសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជះឥទ្ធិពលទៅលើអាជីវកម្មខ្ពស់ជាងគេ។ ផ្ទុយមកវិញ ការវិភាគបែបបច្ចេកទេសផ្តោតទៅលើបម្រែបម្រួលថ្លៃភាគហ៊ុននាពេលកន្លងមក ហើយប្រើប្រាស់ទិន្នន័យនោះ ដើម្បីទស្សន៍ទាយចលនាឡើងចុះថ្លៃនាពេលអនាគត។ ដើម្បីយល់ដឹងពីការវិភាគទាំង ២ ប្រភេទនេះ យើងត្រូវពិនិត្យមើលឱ្យបានស៊ីជម្រៅទៅលើលក្ខណៈរបស់ប្រភេទនៃការវិភាគនីមួយៗចំណុច ខ្សោយ និងតិចនិកក្នុងការប្រើប្រាស់វិធីសាស្ត្រទាំង ២ នេះក្នុងពេលដំណាលគ្នា។
លក្ខណៈខុសគ្នា
ឧបករណ៍នៃការវិភាគ
ជាទូទៅ អ្នកវិភាគបែបមូលដ្ឋានចាប់ផ្តើមជាមួយនឹងការវិភាគតម្លៃរបស់ក្រុមហ៊ុនតាមរយៈរបាយការណ៍ប្រាក់ចំណូល តារាងតុល្យការ និងលំហូរសាច់ប្រាក់។ វិធីសាស្ត្រនេះវាស់វែងតម្លៃខាងក្នុង (Intrinsic Value) របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន ជាជាងការព្យាករសម្រាប់ពេលអនាគត។ ភាគហ៊ុនណាដែល មានថ្លៃទីផ្សារទាបជាងតម្លៃខាងក្នុងរបស់ក្រុមហ៊ុនត្រូវបានចាត់ទុកថា ជាឱកាសមាសសម្រាប់វិនិយោគ។
យ៉ាងណាមិញ ការវិភាគបែបបច្ចេកទេសមិនបានធ្វើការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែវិភាគទៅលើថ្លៃភាគហ៊ុនទៅវិញ ព្រោះវិធីសាស្ត្រនេះសន្និដ្ឋានថា ទិន្នន័យ និងព័ត៌មានដែលពាក់ព័ន្ធទាំងឡាយត្រូវបានឆ្លុះបញ្ចាំងដោយថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុននោះទៅហើយ។ ការវិភាគ នេះ ផ្តោតទៅលើការវិភាគថ្លៃទាប និងខ្ពស់របស់ភាគហ៊ុន ហើយស្វែងរកតម្រុយ ដើម្បីចង្អុលបង្ហាញពីដំណើរថ្លៃភាគហ៊ុន។
វិសាលភាព
ការវិភាគបែបមូលដ្ឋានជាវិធីសាស្ត្រប្រើសម្រាប់ការវិនិយោគរយៈពេលវែង ដែលផ្ទុយពីការវិភាគបែបបច្ចេកទេស។ ទិន្នន័យនៃការវិភាគបែបមូលដ្ឋានតែងត្រូវបានប្រមូលពីត្រីមាសមុនៗ ឬឆ្នាំមុនៗ។ វិនិយោគិនដែលអនុវត្តតាមវិធីសាស្ត្រនេះត្រូវរង់ចាំរយៈពេលយូរដើម្បីឱ្យតម្លៃខាងក្នុងរបស់ក្រុមហ៊ុនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទីផ្សារ។ ការវិភាគនេះបានសន្មតថា ថ្លៃភាគហ៊ុន នាពេលបច្ចុប្បន្ននេះគឺមិនត្រឹមត្រូវទេ ហើយថ្លៃភាគហ៊ុននេះនឹងត្រូវបានកែតម្រូវដោយខ្លួនឯងវិញ នៅពេលអនាគត។ ពេលវេលាដែលបានលើកឡើងខាងលើនេះអាចជារយៈពេលខ្លីត្រឹមតែ ២ ឬ ៣ ខែ ហើយក៏អាចដល់រយៈពេលច្រើនឆ្នាំក៏ថាបាន។
វិនិយោគិនបែបមូលដ្ឋានពិនិត្យ មើលរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសរបស់ក្រុមហ៊ុនជាមួយនឹងប្រាក់ចំណេញក្នុង ១ ហ៊ុន ដែលមិនមែនជាទិន្នន័យត្រូវវិភាគប្រចាំថ្ងៃនោះឡើយ។ វាមិនយឺតយ៉ាវទេ ព្រោះក្រុមហ៊ុនជាទូទៅមិនអាចប្រែប្រួលខ្លាំងក្នុង ១ យប់នោះឡើយ ព្រោះការបង្កើតផលិតផលថ្មីៗ យុទ្ធសាស្ត្រទីផ្សារ និងយុទ្ធសាស្ត្រផ្សេងៗទៀត ដើម្បីកែលម្អ និងអភិវឌ្ឍអាជីវកម្ម សុទ្ធតែត្រូវការពេលវេលាដើម្បីអនុវត្ត។
យ៉ាងណាមិញ អ្នកវិភាគបែបបច្ចេកទេសប្រើប្រាស់យុទ្ធសាស្ត្ររយៈពេលខ្លី សម្រាប់វិភាគថា តើគួរវិនិយោគលើភាគហ៊ុនណាមួយ ឬអត់? វិធីសាស្ត្រនេះប្រើទិន្នន័យថ្លៃភាគហ៊ុន និងបរិមាណជួញដូរ ក្នុងរយៈពេលថ្មីៗដើម្បីមកវិភាគ និងព្យាករ អាចនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយប៉ុណ្ណោះ។
គោលដៅ
ការវិភាគបែបបច្ចេកទេស និងការវិភាគបែបមូលដ្ឋានត្រូវបានធ្វើឡើងក្នុងគោលដៅខុសគ្នាស្រឡះ។ អ្នកវិភាគបែបបច្ចេកទេសមានគោលបំណងជួញដូររយៈពេលខ្លី ឬមធ្យម ដែលវិនិយោគិនទាំងនោះងាយស្រួលបង្វិលសាច់ប្រាក់បាន ហើយអាចរកលុយបានភ្លាមៗ ខណៈដែលអ្នកវិភាគបែបមូលដ្ឋានព្យាយាមវិនិយោគរយៈពេលវែងទៅលើអាជីវកម្មមូលដ្ឋានរបស់ក្រុមហ៊ុន។

ចំណេះដឹងគ្រប់គ្រាន់ក្នុងការវិភាគនឹងជួយអ្នកវិនិយោគឱ្យទទួលជោគជ័យ។ Supplied
ចំណុចខ្សោយ
ការរិះគន់ភាគច្រើនគឺបានវាយប្រហារទៅលើការវិភាគបែបបច្ចេកទេស ព្រោះវាផ្តោតទៅលើ «សម្មតិកម្មទីផ្សារប្រកបដោយប្រសិទ្ធភាព» ដែលមានឈ្មោះអង់គ្លេសហៅថា «Efficient Market Hypothesis» (EMH) ដោយវាសន្មតថាព័ត៌មានពីអតីតកាលទាំងឡាយពាក់ព័ន្ធការជួញដូរភាគហ៊ុនមួយត្រូវបានឆ្លុះបញ្ចាំងរួចទៅហើយនៅលើថ្លៃភាគហ៊ុននោះ។ អ្នកជំនាញនៅក្នុងឧស្សាហកម្មវិភាគយល់ថា វិធីសាស្ត្រនេះមានលក្ខណៈប៉ាន់ស្មានជ្រុល ហើយជ្រើសរើសយកការវិភាគបែបមូលដ្ឋានជាជាងការវិភាគបែបបច្ចេកទេស ព្រោះបែបមូលដ្ឋានមានទិន្នន័យជំនួយល្អិតល្អន់ជាងបែបបច្ចេកទេស។
ការប្រើប្រាស់ការវិភាគទាំង ២ រួមគ្នា
ការវិភាគបែបបច្ចេកទេស និងការវិភាគបែបមូលដ្ឋានត្រូវបានគេមើលឃើញថា ជាវិធីសាស្ត្រ ២ ផ្ទុយគ្នា ប៉ុន្តែគេសង្កេតឃើញថា មានវិនិយោគិនដែលអាចទទួលបានជោគជ័យដោយការប្រើប្រាស់នូវបច្ចេកទេសទាំង ២ នេះរួមបញ្ចូលគ្នា។ វិនិយោគិនអាចប្រើការវិភាគបែបមូលដ្ឋាន ដើម្បីជួយកំណត់ថា ភាគហ៊ុនណាមានតម្លៃទាប ហើយអាចប្រើការវិភាគបែបបច្ចេកទេសដើម្បីស្វែងរកពេលដែលត្រូវទិញចូល និងលក់ចេញ។ វិនិយោគិនបែបបច្ចេកទេស ក៏តែងពិនិត្យ មើលបែបមូលដ្ឋានជារឿយៗ ដើម្បីគាំទ្រការសម្រេចចិត្តជួញដូររបស់ពួកគេដែរ។
សេចក្តីសន្និដ្ឋាន
ការស្វែងយល់ពីវិធីសាស្ត្រទាំង ២ ពិតជាសំខាន់ ទោះជាអ្នកមានបំណងអនុវត្តតាមវិធីសាស្ត្រណាមួយ ឬទាំង ២ ព្រមគ្នាក៏ដោយ។ ការវិភាគទាំងនេះមិនបានធានាថា អ្វីដែលបានព្យាករនឹងត្រូវតែកើតឡើងនាពេលអនាគតនោះឡើយ។ ថ្លៃភាគហ៊ុនអាចនឹងប្រែប្រួលដោយសារកត្តាហានិភ័យផ្សេងៗ រួមមានបញ្ហាអស្ថិរភាពសេដ្ឋកិច្ចនិងនយោបាយ លក្ខខណ្ឌទីផ្សារ ឬព្រឹត្តិការណ៍ដែលប៉ះពាល់ដល់ឧស្សាហកម្ម ឬក្រុមហ៊ុន ជាដើម។
វាអាស្រ័យទៅលើវិនិយោគិនទៅវិញទេ ក្នុងការកំណត់ការយល់ឃើញផ្ទាល់ខ្លួន ហើយស្វែងរកយុទ្ធសាស្ត្រណាមួយដែលល្អបំផុតសម្រាប់ខ្លួនឯង៕
រៀបរៀងដោយ៖ ផ្សារមូលបត្រកម្ពុជា នាយកដ្ឋានប្រតិបត្តិការទីផ្សារ
អ៊ីមែល៖ market@csx.com.kh /
ទូរស័ព្ទ៖ 023 95 88 88/ 023 95 88 85
សេចក្តីប្រកាស៖ អត្ថបទនេះត្រូវបានចងក្រងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងការអប់រំប៉ុណ្ណោះដោយមិនផ្តល់អនុសាសន៍ណាមួយទាក់ទងនឹងការវិនិយោគទេ។ ផ្សារមូលបត្រកម្ពុជាមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតណាមួយដែលកើតឡើងពីការប្រើប្រាស់អត្ថបទនេះឡើយ។