ភ្នំពេញៈ វិស័យ​ឯកជន​បានប្រកាស​ស្វាគមន៍​ចំពោះ​ការដាក់ឱ្យ​ដំណើរការ​នូវ​ផ្សារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ «​ខេមបូឌាត្រេដ​» ​ដើម្បី​លើកស្ទួយ​ផលិតផល​ក្នុងស្រុក ជាពិសេស​សហគ្រាស​ខ្នាតតូច និង​មធ្យម​ (SMEs) ​អាចដាក់​តាំង​បង្ហាញ​លក់​ផលិតផល​របស់ខ្លួន​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ទៅកាន់​អតិថិជន​ទាំង​ក្នុង និង​ក្រៅប្រទេស​។

ផ្សារ​ខេមបូឌាត្រេដ ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​ដាក់​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ៣១ ខែមីនា​។ ប្រព័ន្ធ​ផ្សារ​អនឡាញ​នេះ គឺជា​សមាសភាគ​មួយ​យ៉ាងសំខាន់​ក្រោម​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(Go4eCAM) ដែល​បានទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម​ពាណិជ្ជកម្ម​ (Enhanced Integrated Framework--EIF) និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​អនុវត្ត​ក្នុង​រយៈពេល ៣ ​ឆ្នាំ ដោយ​ក្រសួង​ពាណិជ្ជកម្ម​រហូត​ដល់​ខែមិថុនា ឆ្នាំ​ ២០២៣​។ គម្រោង Go4eCAM គឺជា​គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដ៏សំខាន់​មួយ ដែល​ត្រូវ​បានអនុម័ត​នៅ​ខែមករា ឆ្នាំ​ ២០២០ ក្នុង​គោលបំណង​បង្កើន​ឱកាស​សេដ្ឋកិច្ច និង​ការចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​។ នេះ​បើតាម លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (FASMEC) លើកឡើងថា ការដាក់ឱ្យ​ដំណើរការ​ផ្សារ​អនឡាញ ផ្សារ​ខេមបូឌាត្រេ​ដ គឺជា​វឌ្ឍនភាព​ថ្មី​មួយទៀត​ដែល​រដ្ឋាភិបាល​បាន​ជួយ​បង្កើត​ទីផ្សារ​សម្រាប់​ផលិតករ​ក្នុងស្រុក​ឱ្យមាន​លទ្ធភាព​ដាក់លក់​ផលិតផល​តាម​អនឡាញ​ទៅកាន់​អតិថិជន​។

លោក​និយាយថា​៖ «​ក្នុងនាម​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ខ្ញុំ​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ព្រោះ​ជាការ​បើកផ្លូវ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម កាន់តែ​មានឱកាស​ក្នុងការ​ជំរុញ​ការលក់​ផលិតផល​របស់ខ្លួន​កាន់តែ​ទូលំទូលាយ​ជាង​មុន​»​។

សហស្ថាបនិក​របស់​ផ្សារ​អនឡាញ Smile Shop លោក ម៉ាក ចំរើន បាន​ប្រាប់ថា ផ្សារ​ខេមបូឌាត្រេដ នឹង​ជួយ​លើកស្ទួយ SMEs ឱ្យមាន​លទ្ធភាព​ច្រើនជាង​មុន​ក្នុងការ​ដាក់តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​វា​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​ដែល​គាំទ្រ​ទៅដល់​សហគ្រាស​ធុន​តូច និង​មធ្យម​តាម​ប្រព័ន្ធ​អនឡាញ​ឱ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់ SME មួយចំនួន​ដែល​មិនមាន​លទ្ធភាព​ក្នុងការ​បង្កើត E-commerce ដោយ​ខ្លួនឯង​។ នេះ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​»​។

លោក​ក៏បាន​ស្នើឱ្យ​ក្រសួង​ពិចារណា​ក្នុង​ការសហការ​ជាមួយ​បណ្តា​ផ្សារ​អនឡាញ​ក្នុងស្រុក​ដែលមាន​ស្រាប់​ ដើម្បី​ពង្រីក​ទីផ្សារ​អនឡាញ​នេះ​កាន់តែ​ធំ និង​មាន​និរន្តរភាព​។

លោក Ratnakar Adhikari នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម​ពាណិជ្ជកម្ម​ (EIF) កន្លងមក​បាន​និយាយថា​៖ «​កម្ពុជា​គឺជា​ប្រទេស​គំរូ​មួយ​ដែល​បាន​អនុវត្ត​គម្រោង​ពាណិជ្ជកម្ម​ពី​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម​ពាណិជ្ជកម្ម​ (EIF) ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​ដៃគូ​ក្នុងប្រទេស និង​បាន​ឈរលើ​គោលការណ៍​ជា​មូលដ្ឋាន​ភាព​ជា​ម្ចាស់ការ​»​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា ផ្សារ​ខេមបូឌាត្រេដ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​នាំចេញ​ផលិតផល​ខ្មែរ​ទាំង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ដែល​នេះ​គឺ​ស្របទៅតាម​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុងការ​ចាប់យក​កាលានុវត្តភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ក៏​ជាការ​ឆ្លើយតប​នឹង​គោលនយោបាយ​អភិវឌ្ឍន៍ ឧស្សាហកម្ម​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច តាមរយៈ​ការលើកកម្ពស់​សមត្ថភាព​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ឱ្យ​ផ្សារភ្ជាប់​ទៅ​ខ្សែចង្វាក់​ក់​តម្លៃ​តំបន់ និង​សកលលោក​ផងដែរ​។

លោក​បន្តថា បរិបទ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង​បច្ចេកវិទ្យា​ឌីជីថល​គឺជា​គន្លឹះ​សំខាន់​ក្នុង​ការជំរុញ​ភាព​ប្រកួត​ប្រជែង​របស់​សហគ្រាស​ពាណិជ្ជកម្ម និង​ដំណើរការ​អាជីវកម្ម ដែល​រួមចំណែក​ដល់​ការលើកកម្ពស់​ផលិតភាព បង្កើន​ការនាំចេញ បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​៕